ក្នុងសេចក្ដីប្រកាសរបស់គណៈកម្មការអឺរ៉ុប បានឲ្យដឹងទៀតថា ចាប់ពីថ្ងៃទី១៨ មករា តទៅ អឺរ៉ុបនឹងកំណត់ដកហូតពន្ធលើអង្ករនាំចូលពីកម្ពុជា និងមីយ៉ាន់ម៉ាផងដែរ ដោយឆ្នាំទី១ គឺឆ្នាំ២០១៩នេះ នឹងកំណត់ដកហូតពន្ធគយក្នុងតម្លៃ ១៧៥ អឺរ៉ូ ឬស្មើនឹងប្រមាណ ២០០ ដុល្លារអាមេរិក ក្នុងអង្ករមួយតោន។ នៅឆ្នាំទី២ នឹងកំណត់ដកហូតពន្ធមកនៅត្រឹម ១៥០ អឺរ៉ូ ឬស្មើនឹងជាង ១៧០ដុល្លារអាមរិក និងឆ្នាំទី៣ ការដកហូតពន្ធនឹងថយចុះមកនៅ ១២៥ អឺរ៉ូ ឬស្មើនឹងជាង ១៤០ ដុល្លារអាមេរិក នៅក្នុងអង្ករមួយតោន។
លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកជំនាញសេដ្ឋកិច្ចកសិកម្ម ធ្លាប់បានលើកឡើងថា ការកំណត់ពន្ធលើអង្ករកម្ពុជាពីសំណាក់សហភាពអឺរ៉ុបនេះ អ្នកដែលត្រូវរងការខាតបង់ធំ គឺជាម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករទៅអឺរ៉ុប ពោលគឺ ពួកគេអាចនឹងត្រូវខាតបង់លើតម្លៃបន្ថែមប្រមាណ ៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
លោកឧកញ៉ា ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឲ្យដឹងដែរថា កន្លងមកខាងវិស័យរដ្ឋ និងឯកជន ធ្លាប់បានចរចាជាមួយគណៈកម្មការអឺរ៉ុបរួចរាល់អស់ហើយ ហើយរឿងករណីអង្ករកម្ពុជា ដែលមានការប្ដឹងជំទាស់ពីប្រទេសអ៊ីតាលី និងអេស្ប៉ាញ ថាអង្ករកម្ពុជាបាននាំចូលក្នុងទំហំច្រើនធ្វើឲ្យប៉ះពាល់ដល់ប្រទេសផលិតអង្ករដូចគ្នានៅអឺរ៉ុបនេះ គឺជារឿងយូរឆ្នាំមកហើយដែរ ទើបតែមានការសម្រេចនៅថ្ងៃនេះប៉ុណ្ណោះ។
ទោះយ៉ាងណា លោកឧកញ៉ា ហ៊ុន ឡាក់ បានគូសបញ្ជាក់ថា ជាការពិតអង្ករកម្ពុជា ពិតជាបានទទួលប្រយោជន៍ ច្រើន ពីការអនុគ្រោះពន្ធនាំចូលទៅអឺរ៉ុបនេះ ជាយូរឆ្នាំមកហើយ ប៉ុន្ដែ លោកថា កម្ពុជា ក៏មិនអាចរស់ដោយការអនុគ្រោះនេះបានរហូតនោះដែរ ហើយការកំណត់យកពន្ធនេះ ក៏មិនមានជារឿងមួយប្លែកនោះទេ ព្រោះវាជារបត់នៃពាណិជ្ជកម្មពិភពលោក អ្វីដែលសំខាន់ នៅពេលយើងជួបបញ្ហា យើងត្រូវចេះដោះស្រាយវា។
បើតាម លោកឧកញ៉ា ហ៊ុន ឡាក់ ក្នុងកាលៈទេសៈនេះ កម្ពុជាត្រូវតែខំប្រឹងថែមទៀត ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួនលើទីផ្សារ ពិសេសជំរុញការផលិត និងការនាំចេញអង្ករ ដោយមានចំណាយថ្លៃដើម កាន់តែទាបជាងមុន និងការស្វែងរកនូវទីផ្សារថ្មីៗបន្ថែមទៀត។
សូមជម្រាបថា តាមរបាយការណ៍ពីគណៈកម្មការអឺរ៉ុប ក្នុងមួយឆ្នាំៗ កម្ពុជានាំចូលអង្ករទៅសហភាពអឺរ៉ុបមានជាមធ្យមប្រមាណ ជាង ២០ម៉ឺនតោន ហើយអឺរ៉ុបក៏ជាទីផ្សារធំមួយរបស់ វិស័យស្រូវអង្ករកម្ពុជាផងដែរ។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា គិតតាំងពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៧ កន្លងទៅ ការនាំចូលអង្ករពីកម្ពុជា ទៅកាន់អឺរ៉ុបមានលំហូរកំណើនប្រមាណ ៨២២ភាគរយ ពោលគឺចាប់ពីប្រមាណ ២៧ពាន់តោន មកដល់ ប្រមាណជិត ២៥ ម៉ឺនតោន។
ដោយឡែក របាយការណ៍ពីលេខាធិការដ្ឋានច្រកចេញចូលតែមួយ បានបង្ហាញដែរថា ក្នុងចំណោមអង្ករនាំចេញសរុបជាង ៦២ ម៉ឺនតោន នៅឆ្នាំ២០១៨ កន្លងទៅនេះ មានអង្ករប្រមាណ ជាង ២៦ ម៉ឺនតោន ត្រូវបាននាំចេញទៅកាន់អឺរ៉ុប៕