កូរ៉េខាងជើង - កូរ៉េខាងត្បូង

យន្ដហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើង ហោះចូលក្នុងតំបន់ហាមឃាត់ក្បែរការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង


យោធារបស់កូរ៉េខាងត្បូងបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ទី៥មករាថា យន្តហោះគ្មានមនុស្សបើក ឬដែលគេហៅថាដ្រូន របស់កូរ៉េខាងជើងបានហោះចូលទៅក្នុងតំបន់ហាមឃាត់មួយ ប៉ុន្តែក្នុងរយៈពេលខ្លី ដែលស្ថិតនៅជុំវិញការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង។ សកម្មភាពនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល និងផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់សាធារណៈមតិនៅកូរ៉េខាងត្បូង ពីកម្សោយនៃការការពារដែនអាកាសរបស់កងកម្លាំងកូរ៉េខាងត្បូង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ដ្រូនកូរ៉េខាងជើងហូរចូលក្បែរការការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង

មែនទែនទៅ យន្តហោះគ្មានមនុស្ស​បើកនេះ​ជាយន្តហោះដ្រូនមួយ ក្នុងចំណោម​យន្តហោះគ្មានមនុស្សបើករបស់​កូរ៉េខាងជើង​ចំនួនប្រាំ​គ្រឿង​ទៀត ដែលបានហោះឆ្លងចូលទៅក្នុងផែនដីកូរ៉េខាងត្បូង ចាប៉តាំងពីថ្ងៃទី២៦ខែធ្នូមក។ សកម្មភាពគឃ្លើនទាំងនេះ​ហើយទើបជំរុញឱ្យ យោធាទីក្រុងសេអ៊ូល បើកធ្វើសមយុទ្ធយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ ជាការឆ្លើយតបវិញ។

បើតាមការបញ្ជាក់របស់អគ្គសេនាធិការចម្រុះ​របស់កូរ៉េខាងត្បូង ហៅកាត់ថា JCS ដំបូងឡើយគេ​បានបដិសេធថា យន្តហោះគ្មានមនុស្ស​បើកនោះ​មិនបានចូលក្នុងតំបន់​ហាមឃាត់ក្បែរការិយាល័យប្រធានាធិបតីលោក យ៊ូន សុកយូល ក្នុងទីក្រុង​សេអ៊ូលឡើយ។ ប៉ុន្តែស្រាប់តែកាលពីថ្ងៃព្រហស្បតិ៍ទី​៥មករា JCS បានចេញមកបញ្ជាក់ឡើងវិញថា យន្តហោះដ្រូននោះពិតជាបានហោះរំលោភចូលតំបន់ភាគខាងជើងនៃតំបន់ហាមឃាត់នោះមែន ដោយបានមកក្បែរ​នឹងការិយាល័យប្រធានាធិបតី តែមិនបានសំដៅត្រង់មកកាន់​ការិយាល័យនោះទេ។

លោក Yoo Sang-bum សមាជិកនៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់​សភា បានបញ្ជាក់ថា តាមការសន្មត់យន្តហោះដ្រូនដែលហោះចូល​ក្នុងតំបន់​ហាមឃាត់នោះ គឺដើម្បីថតរូប​នៃបរិវេណ​ការិយាល័យប្រធានាធិបតី ​និងទីស្នាក់ការ​កណ្តាល​របស់​អគ្គសេនាធិការចម្រុះរបស់​កូរ៉េខាងត្បូង (JCS)។

មន្ត្រីស៊ើបការណ៍ស​ម្ងាត់រូបនេះបានឱ្យដឹងដែរថា ប្រទេសកូរ៉េខាងជើងមានយន្តហោះដ្រូន ប្រហែល ៥០០គ្រឿង និងប្រហែល ២០ប្រភេទផ្សេងៗគ្នា ដែលភាគច្រើនមានប្រវែង​ប្រហែល​ពី១ម៉ែត្រទៅ៦ម៉ែត្រ ប៉ុន្តែវាក៏បំពាក់​ឧបករណ៍សម្រាប់ការវាយប្រហារ នឹងមាន​សមត្ថភាពអាច បំផ្លាញខ្លួនឯងមួយចំនួនតូចផងដែរ។

ជារឿយៗ ការហោះរំលោភឆ្លងកាត់ព្រំដែន​ពី​សំណាក់កូរ៉េខាងជើង ដោយប្រើយន្តហោះ និងឧបករណ៍យោធាផ្សេងទៀតនេះ បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងក្លា ចំពោះសមត្ថភាពការពារដែនអាកាសរបស់កូរ៉េខាងត្បូង ស្របពេលដែលកូរ៉េខាងជើងកំពុងបង្កើនការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលជាបន្តបន្ទាប់។

យ៉ាងណាមិញ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានសន្យាថា នឹងដាក់ឱ្យដំណើរការនូវយន្តហោះគ្មានមនុស្សបើកថ្មីដើម្បី​កែលម្អប្រព័ន្ធឃ្លាំមើល និងឈ្លបយកការណ៍​របស់ខ្លួន ជាពិសេសប្រឆាំង​នឹងយន្តហោះគ្មានមនុស្សបើកប្រភេទតូចៗ។​

ជាក់ស្តែងកាលពីសប្តាហ៍មុន​រដ្ឋាភិបាលទីក្រុងសេអ៊ូលក៏បានបញ្ចេញគម្រោងក្នុងការចំណាយទឹកប្រាក់ ៤៤១ លានដុល្លារសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ក្នុងបង្កើនសមត្ថភាពប្រឆាំងយន្តហោះគ្មានមនុស្សបើក រួមទាំងការអភិវឌ្ឍប្រព័ន្ធអាវុធឡាស៊ែរនៅលើអាកាស និងឧបករណ៍ចាប់យក និងតាមដានសញ្ញាផងដែរ៕




អត្ថបទបន្ទាប់


មេដឹកនាំហ្វីលីពីន រកបានគម្រោងនិយោគទុនតម្លៃជាង២០ពាន់លានដុល្លារ ក្រោយទស្សនកិច្ចបីថ្ងៃនៅប្រទេសចិន

ព័ត៌មាន
ការិយាល័យប្រធានាធិបតីហ្វីលីពីនបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សទី៥មករា ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Ferdinand Marcos ទៅកាន់ប្រទេសចិន …

វៀតណាមទាក់ទាញបានការបណ្ដាក់ទុនពីបរទេសកាន់តែច្រើន សម្រាប់ការបង្កើតថាមពលដោយកម្លាំងខ្យល់បក់

ព័ត៌មាន
ក្រុមហ៊ុនមកពីប្រទេសជប៉ុន និងអឺរ៉ុបជាច្រើន កំពុងបង្វើរទិសដៅរបស់ពួកគេ ចូលទៅក្នុងការបណ្តាក់ទុនបង្កើតថាមពល ដែលផលិតដោយខ្យល់នៅតាមឈូងសមុទ្រន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ