គេនៅចាំថាកាលពីខែមុនមន្ត្រីបេសកម្មអាមេរិក នៅអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបាននិយាយថា ការសិក្សារបស់អង្គការសុខភាពពិភពលោកកាលពីខែមករា និងខែកុម្ភៈកន្លងទៅនេះ គឺមិនគ្រប់គ្រាន់ និងមិនប្រាកដប្រជានោះទេ។ អាមេរិកក៏បានអំពាវនាវចំៗឲ្យមានការស៊ើបអង្កេតជាលើកទីពីរ ប្រកបដោយតម្លាភាព និងផ្អែកលើភ័ស្ដុតាងច្បាស់លាស់ ហើយក៏ត្រូវមានការចូលរួមពីប្រទេសចិនផងដែរ។
ហាក់ដូចជាត្រូវរូវជាមួយនឹងគំនិតរបស់អាមេរិកដែរ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អ៊ូស៊ូឡា វ័នឌឺ ឡេយអែន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅក្នុងទីក្រុងប្រ៊ុចសែលថា «អ្នកស៊ើបអង្កេត ត្រូវការសិទ្ធិពេញលេញសម្រាប់អ្វីដែលជាភាពចាំបាច់ ដើម្បីស្វែងរកប្រភពដើមនៃមេរោគរាតត្បាតនេះឲ្យបានប្រាកដប្រជា»។
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាលី មីឆែល បាននិយាយដែរថា «ពិភពលោកមានសិទ្ធិដើម្បីដឹងឲ្យបានច្បាស់អំពីអ្វីដែលបានកើតឡើង ដើម្បីអាចរៀនមេរៀនទៅថ្ងៃក្រោយ»។ លោក ឆាលី បន្ថែមទៀតថា អឺរ៉ុបបានគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់។
ការព្រលយពាក្យសម្ដីរបស់ក្រុមមេដឹកនាំសហភាពអឺរ៉ុប ទាក់ទងនឹងការជំរុញឲ្យមានការបើកស៊ើបអង្កេតលើប្រភពដើមកូវីដ-១៩នេះ គឺធ្វើឡើងនៅ មុនកិច្ចប្រជុំកំពូលរវាងអឺរ៉ុប និងអាមេរិក ដែលនឹងធ្វើនៅសប្ដាហ៍ក្រោយនេះ។ ក្នុងកិច្ចប្រជុំកំពូលនេះ អឺរ៉ុបនិងអាមេរិក ក៏គ្រោងនឹងមានចេញសេចក្ដីថ្លែងការណ៍មួយរួមគ្នាពាក់ព័ន្ធនឹងការអំពាវនាវឲ្យមានការបើកស៊ើបអង្កេតជាថ្មីលើប្រភពដើមកូវីដ-១៩នេះដូចគ្នាដែរ។ នេះបើតាមការរាយការណ៍ពី Reuters។
តាមការសិក្សារបស់អង្គការសុខភាពពិភពលោកនាពេលកន្លងមក បានបង្ហាញថា មេរោគកូរ៉ូណា ឬកូវីដ១៩ អាចនឹងត្រូវបានចម្លងពីសត្វប្រចៀវ មកកាន់មនុស្សតាមរយៈសត្វមួយផ្សេងទៀត ហើយអង្គការសុខភាពិភពលោកបានលើកឡើងថា ការណ៍ដែលថា មេរោគនេះកើតចេញពីមន្ទីរពិសោធន៍របស់ចិននោះ ត្រូវបានចាត់ទុកថា គឺជារឿងទំនងមិនអាចកើតមាននោះឡើយ។
សូមបញ្ជាក់ថា បញ្ហាស៊ើបអង្កេតទាក់ទងនឹងប្រភពដើមកូវីដ-១៩នេះ គឺជាប្រធានបទរសើបមួយដែលអាមេរិក និងចិនតែងតែតឹងសសៃកដាក់គ្នាជារឿយៗ ពិសេសតាំងពីជំនាន់លោកដូណាល់ត្រាំ នៅជាប្រធានាធិបតីអាមេរិកមកម្ល៉េះ៕