ការដែលអឺរ៉ុបផ្អាកការចរចាជាមួយអូស្រ្តាលី ជុំវិញរឿងពាណិជ្ជកម្មនេះ ទំនងជាដោយសារតែឥទ្ធិពលរបស់បារាំង ដែលបានខឹងសម្បារនឹងអូស្រ្តាលីទាក់ទិនសំណុំរឿងទាត់ចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹក ដ្បិតថាអឺរ៉ុបគឺមានជំហរនៅឈរពីក្រោយបារាំងជុំវិញនឹងរឿងនេះ។
គួររំឭកថា កាលពីខែមុនប្រទេសធំៗចំនួន៣ដូចជា សហរដ្ឋអាមេរិក អង់គ្លេស និងអូស្រ្តាលី បានចុះកិច្ចសហការសម្ព័ន្ធមិត្តត្រីភាគីថ្មីមួយនឹងគ្នា ហៅកាត់ថា AUKUS ដែលនឹងអនុញ្ញាតឲ្យអូស្រ្តាលីទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលទិញនិងប្រើប្រាស់បច្ចេកវិទ្យារបស់អាមេរិក។ ក្រោយកិច្ចសហការនេះ អូស្រ្តាលីបានប្រកាសភ្លាមៗ លុបចោលកិច្ចព្រមព្រៀងទិញនាវារបស់បារាំង ដែលបានចុះហត្ថលេខាអស់ពេលជាច្រើនឆ្នាំមកហើយ។
សម្រាប់បារាំង នេះគឺជាអំពើក្បត់ លបចាក់ពីក្រោយខ្នង ក្នុងនាមជាសម្ព័ន្ធមិត្តនឹងគ្នា ពិសេសគឺរវាងបារាំងនិងអាមេរិក។ បារាំងខឹងសម្បារ ដោយបានកោះហៅ ឯកអគ្គរដ្ឋទូតប្រចាំនៅវ៉ាស៊ីនតោន និងកង់ប៉េរាចូលប្រទេសវិញភ្លាមៗផងដែរ។
គួរជម្រាបដែរថា ដោយមានសាមគ្គីភាពជាមួយប្រទេសបារាំងក្នុងនាមជាសហភាពអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប លោកស្រីអ៊ូរស៊ូឡា វ៉ុនដឺឡឺយ៉េន បានចេញមុខមកប្រតិកម្ម និងបានចោទសួរថា បើអូស្រ្តាលីធ្វើរបៀបនេះ តើឲ្យអឺរ៉ុបសហការលើវិស័យពាណិជ្ជកម្មជាមួយអូស្រ្តាលីបានយ៉ាងដូចម្ត៉េចទៅ?
ទោះយ៉ាងណា ខាងភាគីអូស្រ្តាលី បានច្រានចោលការលើកឡើងដែលថា ការពន្យារពេលចរចាពាណិជ្ជកម្មជាមួយអឺរ៉ុប ដោយសារ បញ្ហាកិច្ចព្រមព្រៀងនាវាមុជទឹកនេះ។ ប៉ុន្តែអូស្រ្តាលី មិនបានផ្ដល់ការអធិប្បាយលម្អិតពីមូលហេតុដែលឈានទៅដល់ការពន្យារពេលនេះនោះទេ៕