សហភាពអឺរ៉ុប-កសិកម្ម

តើច្បាប់ថ្មីរបស់អឺរ៉ុប ដែលហាមកាប់ព្រៃឈើអាចធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មកៅស៊ូកម្ពុជាដែរឬទេ?


មន្ត្រី និងអ្នកជំនួញក្នុងវិស័យកសិកម្មអះអាងថា ច្បាប់ថ្មីរបស់សហភាពអឺរ៉ុប ដែលមានគោលបំណងបញ្ឈប់ការកាប់បំផ្លាញព្រៃឈើមិនបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលិតកម្មកៅស៊ូនៅកម្ពុជានោះទេ ដ្បិតបទប្បញ្ញត្តិនេះត្រូវបានអនុវត្តនៅក្រោយឆ្នាំ២០២០ ខណៈកម្ពុជាបានផ្អាកការផ្តល់សម្បទានដីសេដ្ឋកិច្ចសម្រាប់ដំដាំកៅស៊ូតាំងពីមុនឆ្នាំ២០២០មកម៉្លេះ។ តែយ៉ាងណាច្បាប់ថ្មីរបស់សហភាពអឺរ៉ុបនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មកៅស៊ូ ដែលទើបដាំក្រោយឆ្នាំ២០២០។
2
ដោយ

ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ បានអះអាងថា បើទោះបីច្បាប់ថ្មីរបស់សហភាពអឺរ៉ុប ដែលមានបំណងបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ កំពុងគំរាមកំហែងដល់ដំណាំកសិឧស្សាហកម្មនៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ានក៏ដោយ តែវាមិនបានធ្វើឱ្យប៉ះពាល់ដល់ការដាំដុះ និងផលិតកម្មកៅស៊ូរបស់កម្ពុជានោះទេ។ មិនប៉ះពាល់ក៏ដោយសារតែច្បាប់ថ្មីនេះត្រូវបានបង្កើតឡើងនៅក្រោយឆ្នាំ២០២០ ខណៈរដ្ឋាភិបាលកម្ពុជាបានផ្អាកផ្តល់ដីសម្បទានសេដ្ឋកិច្ចសម្រាប់ដាំកៅស៊ូតាំងពីមុនឆ្នាំ២០២០មកម៉្លេះ។ តែយ៉ាងណាក៏ច្បាប់ថ្មីនេះអាចធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មកៅស៊ូ ដែលដាំនៅក្រោយឆ្នាំ២០២០។ បើតាមថ្នាក់ដឹកនាំរូបនេះ ដំណាំ​កៅស៊ូដាំលើដីថ្មីនៅកម្ពុជាក្រោយឆ្នាំនេះមានចំនួនតិចតួចប៉ុណ្ណោះ។

យ៉ាងណាមិញឯកឧត្តម ហ៊ឹម អូន អះអាងថា ជ័រកៅស៊ូ និងផលិតធ្វើពីជ័រកៅស៊ូរបស់កម្ពុជា បាននាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប នៅមានកម្រិតទាបនៅឡើយ ពោលគឺប្រមាណ១,៥០០តោន ទៅ៣០០០តោនតែប៉ុណ្ណោះ ខណៈជ័រកៅស៊ូរបស់កម្ពុជាភាគច្រើនត្រូវបាននាំចេញទៅទីផ្សារអាស៊ី ដូចជាប្រទេសចិន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសជប៉ុនជាដើម។

គួរបញ្ជាក់ថា វិសាលភាពនៃច្បាប់ថ្មីរបស់សហភាពអឺរ៉ុបនេះ គឺគ្របដណ្ដប់លើផលិតផលដូចជាដូងប្រេង សណ្តែក កាហ្វេ កាកាវ ឈើ និងកៅស៊ូ សាច់គោ គ្រឿងសង្ហារិម និងសូកូឡាជាដើម។

ជុំវិញច្បាប់ថ្មីរបស់សហភាពអឺរ៉ុបនេះដែរ អ្នកឧកញ៉ា មុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ដែលជាក្រុមហ៊ុនវិនិយោគក្នុងវិស័យកសិកម្មដ៏ធំមួយនៅកម្ពុជា ហាក់គ្មានការព្រួយបារម្ភចំពោះច្បាប់នេះក្នុងការធ្វើឱ្យប៉ះពាល់ដល់ដំណាំកៅស៊ូ និងដូងប្រេងរបស់អ្នកឧកញ៉ានោះទេ។ មិនព្រួយបារម្ភ ក៏ដោយសារច្បាប់ថ្មីនេះ មិនបានធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មកៅស៊ូ និងដូងប្រេងរបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី នោះទេ។

អ្នកជំនួញកសិកម្មចាស់វស្សារូបនេះអះអាងថា ទម្រាំផលិតផលដូងប្រេងរបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ទទួលបានសិទ្ធិនាំចូលទៅសហភាពអឺរ៉ុប គឺត្រូវឆ្លងកាត់ការស្នើសុំទៅភាគីអឺរ៉ុប បន្ទាប់មកខាងអឺរ៉ុបបានបញ្ជូនអ្នកជំនាញខាងបរិស្ថានចំនួន៥ប្រទេសមកសិក្សាវាយតម្លៃ មុនឈានដល់ការអនុញ្ញាតឱ្យនាំចូលទៅកាន់ទីផ្សារអឺរ៉ុបដោយរួចពន្ធ។

បើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានកៅស៊ូ បច្ចុប្បន្នផ្ទៃដីដាំកៅស៊ូនៅកម្ពុជា មានទំហំសរុបជិត៤១ម៉ឺនហិកតា ក្នុងនោះដាំនៅក្រោយឆ្នាំ២០២០ មានចំនួន៤១៩ហិកតា ប៉ុន្តែការដាំដុះនេះ ភាគច្រើនជាការកាប់កៅស៊ូដាំឡើងវិញប៉ុណ្ណោះ។

សូមបញ្ជាក់ថា បទប្បញ្ញត្តិស្តីពីការកាប់បំផ្លាញព្រៃឈើរបស់សហភាពអឺរ៉ុប បានតាក់តែងឡើងក្រោយផលិតកម្មខុសច្បាប់បានជំរុញឱ្យមានការកាប់បំផ្លាញព្រៃឈើយ៉ាងច្រើននៅប្រទេសមួយចំនួនដូចជា ប្រេស៊ីល ឥណ្ឌូនេស៊ី ម៉ាឡេស៊ី នីហ្សេរីយ៉ា កុងហ្គោ អេត្យូពី ម៉ិកស៊ិក និងក្វាតេម៉ាឡា។ បទប្បញ្ញត្តិនេះ តម្រូវឱ្យក្រុមហ៊ុនដែលនាំចូលផលិតផលទៅកាន់ទីផ្សារសហភាពអឺរ៉ុបត្រូវធានាថា ផលិតផលទាំងអស់ គឺមិនត្រូវបានផលិតនៅលើដីដែលរងការកាប់បំផ្លាញព្រៃឈើ គិតនៅក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងធានាបានថា ពួកគេបានគោរពតាមច្បាប់ទាំងអស់ នៃប្រទេសជាប្រភពនាំចូល៕

None



អត្ថបទបន្ទាប់


រដ្ឋបន្ដលើកទឹកចិត្តដល់វិស័យឯកជនឲ្យចូលរួមទិញបណ្ណបំណុលរដ្ឋ

រាជរដ្ឋាភិបាលនៅតែបន្ដលើកទឹកចិត្តដល់វិស័យឯកជន នៅក្នុងការចូលរួមទិញបណ្ណបំណុលរដ្ឋ ខណៈឆ្នាំ២០២៤ រាជរដ្ឋាភិបាលគ្រោងបោះផ្សាយបណ្ណបំណុលក្នុងទំហំ១…

អ្នកជំនាញជឿថា ក្រោយច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀនដាក់ឱ្យដំណើរការ វានឹងជួយជំរុញកំណើនពាណិជ្ជកម្មកម្ពុជា-ថៃ មួយកម្រិតទៀត

ច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន ដែលប្រសព្វគ្នារវាងខេត្តបន្ទាយមានជ័យ ជាមួយខេត្តស្រះកែវ ប្រទេសថៃ ត្រូវបានភាគីទាំងពីរកម្ពុជា-ថៃ ឯកភាពគ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ