ពាណិជ្ជកម្មអឺរ៉ុប​-កម្ពុជា និងវៀតណាម

អឺរ៉ុប ត្រៀមចំហរទ្វារពាណិជ្ជកម្មជាមួយវៀតណាម តែបែរជាចង់​ខ្ទប់ទ្វារជាមួយកម្ពុជា


សហភាពអឺរ៉ុប រំពឹងថា នឹងអាចបើកចំហរទីផ្សាររបស់ខ្លួនសម្រាប់ប្រទេសវៀតណាម នៅថ្ងៃពុធទី១២ កុម្ភៈ តាមរយៈការបោះឆ្នោតសម្រេចលើការអនុម័តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអឺរ៉ុប និងវៀតណាម ខណៈដែលទន្ទឹមគ្នានេះដែរ អឺរ៉ុបក៏នឹងប្រកាសពីការសម្រេចថា នឹងត្រូវដកប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងអាវុធ ឬហៅកាត់ថា EBA ពីប្រទេសកម្ពុជាផងដែរ។
វៀតណាមជិតសម្រេចមហិច្ឆតា FTA ជាមួយអឺរ៉ុប ខណៈកម្ពុជាកំពុងស្រពិចស្រពិលរឿង ព្យួរ EBA ?

បើតាម​ការរាយការណ៍​ពីសារព័ត៌មាន Reuters បានឲ្យដឹងថា នៅទីក្រុង​ស្ត្រាស់បួរ ប្រទេសបារាំង នៅថ្ងៃពុធទី១២ កុម្ភៈ នឹងមានការបោះឆ្នោត លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​រវាង​អឺរ៉ុប និងវៀតណាម ខណៈដែលកិច្ចព្រមព្រៀងនេះ ក៏ធ្លាប់មាន​​មតិវាយប្រហារ​លើប្រទេសវៀតណាម​ទាក់ទង​បញ្ហាសិទ្ធិមនុស្ស​ផងដែរ។ កិច្ចព្រមព្រៀងនេះ ត្រូវបានគេមើលឃើញថា គឺជាកតិកាសញ្ញាមួយដ៏ទូលំទូលាយ​បំផុត របស់អឺរ៉ុប​ដែលបាន​ធ្វើជាមួយនឹង​ប្រទេស​កំពុងអភិវឌ្ឍន៍ ហើយវៀតណាម​ក៏ជា​ប្រទេស​សមាជិកអាស៊ានទី២ហើយ ដែលនឹងមានកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ជាមួយអឹរ៉ុប បន្ទាប់ពីប្រទេស​សិង្ហបុរី។ 

ទោះយ៉ាងណា មានក្រុមអ្នករិះគន់​បាន​លើកយក​បញ្ហា​របស់វៀតណាម ស្ដីពី​សិទ្ធិមនុស្ស និងសិទ្ធិការងារ និងស្នើឲ្យមានការគិតគូរឡើងវិញ ក៏ដូចជាពន្យារពេល​អនុម័ត​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។ ជាក់ស្ដែង អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បាន​ស្នើ​ឲ្យ​សមាជិក​សភា​អឺរ៉ុប ពន្យារពេល​អនុម័ត​លើកិច្ចព្រមព្រៀងជាមួយវៀតណាម រហូតទាល់តែ​វៀតណាម បាន​បំពេញ​នូវការសន្យា​ អនុញ្ញា​ឲ្យមានសេរីភាព​ក្នុងការ​ប្រមូលផ្តុំសម្រាប់កម្មករ និងធ្វើកំណែទម្រង់​ក្រមព្រហ្មទណ្ឌ ដែល​ចែងថា អ្នកដែលរិះគន់រដ្ឋាភិបាល​នឹងត្រូវជាប់ពន្ធនាគារនោះ។

ស្នងការពាណិជ្ជកម្ម​សហភាពអឺរ៉ុប លោក Phil Hogan បាន​ប្រាប់​ទៅកាន់សមាជិក​សភា​ក្នុងកិច្ចពិភាក្សា​មួយ​កាលពីថ្ងៃអង្គារ​ទី​១១ កុម្ភៈនេះថា ស្ថានភាពសិទ្ធិមនុស្ស របស់វៀតណាម ពិតជា​ស្ថិតក្នុងការព្រួយបារម្ភ មែន ប៉ុន្ដែ លោកនិយាយថា ការបង្កើតនូវេទិកា​សន្ទនា​ពីសិទ្ធិមនុស្ស​ប្រចាំឆ្នាំ គឺជាវិធីសាស្ត្រ​ដើម្បី​ដោះស្រាយបញ្ហា​ដែលខ្វះចន្លោះទាំងនោះ។

ក្រោយពេលការបោះឆ្នោត​សម្រេចរួចហើយនោះ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប-វៀតណាម ត្រូវបានរំពឹងថា នឹង​ចូលជាធរមាន នៅក្នុងខែ កក្កដា ខាងមុខនេះ ដោយវា​នឹង​មានការលុបបំបាត់ពន្ធគយ​រហូតដល់ទៅ ៩៩%។ ទោះបីជាយ៉ាងណា ប្រទេសវៀតណាម នឹងមានរយៈពេល​អន្តរកាល​រហូតដល់១០ឆ្នាំ សម្រាប់​ការនាំចូល​ទំនិញមួយចំនួន​ពីអឺរ៉ុប ដូចជា​រថយន្ដ និងស្រាបៀរជាដើម។

ដោយឡែក សម្រាប់​កម្ពុជាវិញ នៅថ្ងៃពុធទី១២ កុម្ភៈនេះដែរ សហភាពអឺរ៉ុប នឹងចេញសេចក្ដី​សម្រេច​ពីការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ។ ប្រទេសកម្ពុជា គឺជាប្រទេស​ទទួលបាន​អត្ថប្រយោជន៍​ច្រើនបំផុត ក្រោមគម្រោងប្រព័ន្ធអនុគ្រោះពន្ធនេះ បន្ទាប់ពីប្រទេសបង់ក្លាដេស។ ការនាំចេញរបស់កម្ពុជា ទៅកាន់អឺរ៉ុប កាលពីឆ្នាំ២០១៨ សម្រេចបាន​ប្រមាណ​ជិត ៦ពាន់លាន​ដុល្លារអាមេរិក កើនឡើង១៤% ធៀបនឹង​ឆ្នាំកន្លងទៅ។

មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខា​ធិកា​រក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បាន​លើកឡើងថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជានេះ អាចនឹងធ្វើឡើង​លើ​ចំណែកណាមួយប៉ុណ្ណោះ មិនដកទាំងស្រុងនោះទេ។ ពោលគឺ បើតាម​ការប៉ាន់ប្រមាណ​ការដក​ EBA ពីសំណាក់​សហភាពអឺរ៉ុប អាចនឹងធ្វើឲ្យប៉ះពាល់ដល់​ទឹកប្រាក់នាំចេញ​របស់កម្ពុជា ប្រមាណ​៥០០ លាន​ដុល្លារ និងបាតបង់ការងារ​កម្មករ​ប្រមាណ ៣ម៉ឺននាក់ប៉ុណ្ណោះ។

ឯកឧត្តម បន្ថែមទៀតថា ទោះបីជា​មានការដក EBA ទាំងស្រុង ឬក៏ទុកក្នុងចំណែកណាមួយក៏ដោយ ក៏រាជរដ្ឋាភិបាល​កម្ពុជា​ បានត្រៀមខ្លួនរួចរាល់ហើយ​ដើម្បី​ទប់ទល​នឹងបញ្ហា​ដែលអាចកើតឡើង។

បើតាម​ការគូសបញ្ជាក់ របស់ឯកឧត្តម វង្សី វិស្សុត នៅឆ្នាំ២០២០នេះ រាជរដ្ឋាភិបាល​បាន​ត្រៀមកញ្ចប់​ថវិកា​សម្រាប់​ការលើកកម្ពស់​តម្រូវការ​សេដ្ឋកិច្ច Stimulus Budget ដើម្បី​ត្រៀមទប់ទល់​នឹង​ហានិភ័យ​ដែលគំរាមកំហែង​មកលើ​សេដ្ឋកិច្ច​កម្ពុជា ដោយកញ្ចប់ថវិកានេះ មាន​ប្រមាណ​ ៣% នៃ GDP ឬស្មើនឹងប្រមាណ ៧០០​លានដុល្លារ ក្នុងមួយឆ្នាំ ហើយរដ្ឋាភិបាល​ត្រៀម​កញ្ចប់ថវិកានេះ​រហូតដល់​រយៈពេល ៣ឆ្នាំឯណោះ។ 

សូមបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA ត្រូវបាន​បង្កើតឡើង​តាំងពីឆ្នាំ២០០១ ដោយ​សហភាពអឺរ៉ុប នឹងបាន​ផ្ដល់​ជូន​ប្រទេស​ក្រីក្របំផុត​ចំនួន​៤៩ ប្រទេស​នៅទូទាំងពិភពលោក។ ក្នុងនោះដែរ នៅអាស៊ាន មានប្រទេស​តែចំនួន២ប៉ុណ្ណោះ ដែលទទួលបាន​ ប្រព័ន្ធអនុគ្រោះពន្ធ EBA ដើម្បីនាំទំនិញទៅអឺរ៉ុប​គ្រប់ប្រភេទលើកលែងតែអាវុធ ដោយមិនមានការបង់ពន្ធគយ នោះគឺ​ប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា។

ការស្រាវជ្រាវ​របស់​សេវា​ស្រាវជ្រាវសភាអឺរ៉ុប បានឲ្យដឹងថា ប្រព័ន្ធអនុគ្រោះពន្ធ EBA បានផ្ដល់ឲ្យកម្ពុជា​នូវការរីកចម្រើន​យ៉ាងខ្លាំង ពិសេស​ក្នុងការនាំចេញទំនិញសម្លៀកបំពាក់​ និងស្បែកជើង​ទៅអឺរ៉ុប ដោយមានកំណើន​ប្រមាណ ៦៣០% គិតតាំងពីឆ្នាំ២០០៨មក។ ហើយមកទល់បច្ចុប្បន្ន ការនាំចេញ​របស់វិស័យកាត់ដេរ​សម្លៀកបំពាក់ និងស្បែកជើងនេះ គឺមានទំហំ​ប្រមាណ ៤០% នៃ ការនាំចេញ​សរុប​របស់កម្ពុជា។ 

សហភាអឺរ៉ុប យល់ថា ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជានេះ អាចនឹង​ធ្វើឲ្យ​សមិទ្ធិផល​ទាំងនេះ ស្ថិតក្នុង​ហានិភ័យ ដោយវា​នឹងធ្វើឲ្យ​ភាពប្រកួតប្រជែង​ក្នុងការនាំចេញ​របស់​កម្ពុជា នឹងមានការធ្លាក់ចុះ។ បច្ចុប្បន្ន មានប្រជាជន​ប្រមាណ​សរុប​ប្រមាណ ២លាននាក់ ពឹងផ្អែក​លើ​វិស័យឧស្សាហកម្ម​កាត់ដេរ ក្នុងនោះរួមមាន កម្មករ​ធ្វើការក្នុងវិស័យនេះ ប្រមាណ ៧៥ម៉ឺននាក់ផងដែរ។

ការសិក្សា​ស្រាវជ្រាវ​របស់​សេវា​ស្រាវជ្រាវ​សភាអឺរ៉ុប​ដដែលនេះ​បាន​គូសបញ្ជាក់ទៀតថា ការដក​ប្រព័ន្ធអនុគ្រោះពន្ធ​ពីកម្ពុជា បើគិតក្នុង​កំណើន GDP ការបាត់បង់កំណើន​អាចនឹង​មាន ១% ក្នុងមួយឆ្នាំ។ ជាមួយគ្នានេះ សភាអឺរ៉ុប​ចាត់ទុកថា ការវិនិច្ឆ័យ​ជាមុនថា ក៏ដូចជាការព្យាករ​ថា នឹងមាន​កម្មករ​ក្នុងវិស័យវាយនភណ្ឌកម្ពុជា​ជាងពាក់កណ្ដាល នឹងត្រូវបាត់បង់ការងារនោះ វាអាចជាការ​គិតលក្ខណៈទិដ្ឋិនិយម​បន្តិច ប៉ុន្ដែ ប្រទេសប្រទេសកម្ពុជា គឺ​ស្ទើរតែបាត់បង់​នូវសក្ដានុពល​នៃកំណើន​របស់ខ្លួន​ទៅហើយ បើសិនជា EBA បាត់បង់មែននោះ៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនសិង្ហបុរី លក់រាយផលិតផល Apple នៅកម្ពុជា Futureworld ប្រកាសបិទហាងនៅកម្ពុជា

ក្រុមហ៊ុន Futureworld មានមូលដ្ឋាននៅសិង្ហបុរី ដែលជាអ្នកឯកទេសក្នុងប្រតិបត្តិការអាជីវកម្មលក់រាយផលិតផលរបស់ក្រុមហ៊ុន Apple នៅក្នុងតំបន់អាស៊…

ប្រជាជនកម្ពុជាដុតលុយចោលជាង ២០០លានដុល្លាររៀងរាល់ឆ្នាំ ព្រោះបារី

ប្រជាជនកម្ពុជាចំណាយប្រាក់ទិញបារីប្រមាណ ២០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ និងបានចំណាយលើការព្យាបាលជំងឺ ព្រមទាំងការបាត់បង់កម្លាំងពល​កម្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ