ថ្លែងបន្ទាប់ពីបានដឹកនាំកិច្ចពិភាក្សាបន្ទាន់ក្នុងចំណោមរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ប្រធានផ្នែកគោលនយោបាយការបរទេសរបស់អឺរ៉ុប លោកចូសេប បូរ៉េល (Josep Borrell) បានគូសបញ្ជាក់ ពីសារសំខាន់នៃការបើកកិច្ចពិភាក្សាជាមួយក្រុមតាលីបង់ ដើម្បីជួយការពារសុវត្ថិភាពជនភៀសខ្លួនទាំងអស់ អំឡុងពេលវិបត្តិមនុស្សធម៌ដែលបាននិងកំពុងកើតមានឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ក្នុងកិច្ចប្រជុំដដែលលោក ចូសេប បូរ៉េលបន្តថ្លែងចំៗថា អឺរ៉ុបមិនមានគម្រោងទទួលស្គាល់ក្រុមតាលីបង់នោះទេ តែអឺរ៉ុបត្រូវមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធមួយនេះ ដើម្បីធានាបានពីសុវត្ថិភាពរបស់ជនភៀសខ្លួន និងធានាឲ្យបានថា អំពើភេវរកម្មនានានឹងមិនត្រឡប់មកវិញឡើយ។
គួរជម្រាបថា រដ្ឋមន្ត្រីការបរទេសសមាជិកអឺរ៉ុបទាំងអស់បានយល់ស្របតាមការសម្រេចជារួមរបស់សហភាពអឺរ៉ុប ដោយនឹងមិនទុកចោល ពលរដ្ឋអាហ្វហ្គានីស្ថានណាដែលបម្រើការឲ្យពួកគេអស់ពេលជាច្រើនឆ្នាំកន្លងមកនេះឡើយ។ ក្នុងនោះប្រទេសអេស្ប៉ាញ បានចេញមុខមុនគេក្នុងការ ផ្តល់សិទ្ធិជ្រកកោនដល់ជនភៀសខ្លួនប្រមាណ ៤០០នាក់ដំបូងចូលមកក្នុងប្រទេសខ្លួន។
ដោយឡែក បើតាមផែនការឆ្នាំ ២០២១ដល់២០២៤ អឺរ៉ុបគ្រោងនឹងផ្តល់ថវិកាជំនួយអភិវឌ្ឍចំនួនជាង ១ពាន់២រយលានដុល្លារដល់អាហ្វហ្គានីស្ថាន ប៉ុន្តែក្រោយពេលដែលក្រុមតាលីបង់ទទួលបានជ័យជំនះលើរដ្ឋាភិបាលមក អឺរ៉ុបបានសម្រេចបង្វែរថវិកានេះមួយផ្នែក ត្រៀមទុកជាជំនួយមនុស្សធម៌សម្រាប់ជនភៀសខ្លួន និងជនរងគ្រោះនៅអាហ្វហ្គានីស្ថានវិញ។
ជាមួយគ្នានេះដែរ កាលពីថ្ងៃអង្គការសប្ដាហ៍នេះ លោក ចូបៃឌិន ប្រធានាធិបតីអាមេរិក និងលោក បូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេស ក៏បាននិយាយគ្នាទាក់ទងនឹងស្ថានភាពនៅអាហ្វហ្កានីស្ថានផងដែរ ដោយមេដឹកនាំកំពូលទាំងពីររូបនេះ បានព្រមព្រៀងគ្នា នឹងលើកយកបញ្ហានៅអាហ្វហ្កានីស្ថាននេះ ទៅជជែកជាមួយនឹងក្រុមមេដឹកនាំប្រទេស G7 នៅក្នុងសប្ដាហ៍ក្រោយផងដែរ។ នេះបើតាមប្រភពពីសេតវិមានអាមេរិក ដែលបានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
សូមជម្រាបថា បច្ចុប្បន្នគេមិនទាន់អាចដឹងច្បាស់ពីជោគវាសនារបស់អាហ្វហ្គានីស្ថាន និងរបៀបនៃការដឹកនាំប្រទេសរបស់ក្រុមនេះនៅឡើយទេ។ ប៉ុន្តែបើតាមមេដឹកនាំក្រុមតាលីបង់ ប្រាប់ទៅកាន់អ្នកសារព័ត៌មានបរទេសកាលពីពេលថ្មីៗនេះថា ពួកគេសន្យាគោរពសេរីភាពសារព័ត៌មាន សិទ្ធិនារី និងការធានាសន្តិសុខសណ្តាប់នៅនៅអាហ្វហ្កានីស្ថាន៕