លោក ស៊ី ជិនពីង ប្រធានាធិបតីចិន កាលពីពេលថ្មីៗនេះ បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសបារាំងចំនួន២ថ្ងៃ ដើម្បីបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មជាមួយអឺរ៉ុប តែវាកំពុងបង្កការព្រួយបារម្ភកាន់តែខ្លាំងឡើងទៅវិញ ចំពោះឥទ្ធិពលនៃរថយន្តអគ្គិសនីចិន នៅក្នុងប្លុកនេះ ខណៈដែល វាជាឱកាសមួយសម្រាប់ក្រុមហ៊ុនចិន ធ្វើការចរចាជាមួយនឹងក្រុមហ៊ុនអឺរ៉ុប។
ស្របពេលកំពុងមានការព្រួយបារម្ភពីការកើនឡើងការនាំចូលរថយន្តអគ្គិសនីពីប្រទេសចិន ដែលមានសមត្ថភាពផលិតបានប្រមាណ៦០% នៃរថយន្តអគ្គិសនីក្នុងពិភពលោកនោះ អឺរ៉ុបកំពុងស្វាគមន៍ការវិនិយោគរបស់ចិន ក្នុងឧស្សាហកម្មយាន្តយន្តនៅលើទឹកដីរបស់ខ្លួន។ ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង បាននិយាយនៅចំពោះមុខលោក ស៊ី ជិនពីង ថា បារាំងសូមស្វាគមន៍អ្នកវិនិយោគចិនកាន់តែច្រើនមកកាន់ប្រទេសរបស់ខ្លួន។
រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់បារាំង បានប្រកាសពីគោលដៅ ដ៏មានមហិច្ឆតា ចង់បង្កើនការលក់រថយន្តអគ្គិសនីរបស់ខ្លួនឱ្យបាន៤ដង គឺឱ្យឡើងដល់ ៨០ម៉ឺនគ្រឿង នៅឆ្នាំ២០២៧ ដែលជាសញ្ញាមួយបង្ហាញថា ឧស្សាហកម្មអឺរ៉ុប កំពុងក្រោកភ្ញាក់ឡើងតតាំងជាមួយការប្រកួតប្រជែងរបស់ចិន ដែលកំពុងរីកចម្រើនខ្លាំងនាពេលនេះ។
ស្របពេលដែលអ្នកប្រើប្រាស់បានងាកទៅរករថយន្តអគ្គិសនីកាន់តែច្រើនឡើងនោះ ក្រុមហ៊ុនរថយន្តអឺរ៉ុប មានការព្រួយបារម្ភពីចំណែកទីផ្សារក្នុងស្រុករបស់ពួកគេកាន់តែខ្លាំង ព្រោះថា រថយន្តរបស់ចិនមានចំណែកជិត ៨ % នៃការលក់រថយន្តអគ្គិសនីរបស់អឺរ៉ុប ក្នុងឆ្នាំ២០២៣ មានការកើនឡើង ០,៤% ។អ្នកវិភាគបានព្យាករថា ចំណែកទីផ្សាររបស់ក្រុមហ៊ុនរថយន្តអគ្គិសនីចិន អាចនឹងកើនឡើងដល់២០% នៅត្រឹមឆ្នាំ២០២៧៕
អត្ថបទ៖ សុខ មង្គល