បណ្ដាធនាគារនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ និងចក្រភពអង់គ្លេស បានជួបការលំបាកដោយសារប្រាក់ចំណេញធ្លាក់ចុះ និងសេដ្ឋកិច្ចដាំក្បាលចុះ ចាប់តាំងពីកើតមានវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៨-២០០៩ មក។ ក្នុងពេលជាមួយគ្នានេះ មូលធនទីផ្សាររបស់បណ្ដាធនាគារអាម៉េរិក បានកើនឡើងយ៉ាងគំហុកដោយដណ្ដើមបានចំណែកទីផ្សារកាន់តែធំ ជាពិសេសក្នុងផ្នែកធនាគារវិនិយោគ ខណៈដែលបណ្ដាធនាគារអឺរ៉ុប ដែលជាគូប្រជែងបានដកថយ។
ធនាគារអឺរ៉ុប មួយចំនួនទើបតែចាប់ផ្តើមស្ទុះងើបឡើងវិញនៅឆ្នាំនេះប៉ុណ្ណោះ ហើយមានការរំពឹងទុកថា សហរដ្ឋអាម៉េរិកអាចនឹងអនុវត្តផ្នែកខ្លះ នៃបទប្បញ្ញត្តិកំណត់ស្តង់ដារធនាគារអន្តរជាតិ ដែលតម្រូវឱ្យបណ្ដាធនាគារអាម៉េរិកដំឡើងដើមទុនបម្រុងអប្បបរមារបស់ខ្លួន ដើម្បីធ្វើឱ្យការប្រកួតប្រជែងកាន់តែមានភាពយុត្តិធម៌នៅក្នុងប្រព័ន្ធធនាគារ។
ទោះជាយ៉ាងណា ក្ដីសង្ឃឹមនេះក៏រលាយបាត់ទៅវិញ ក្រោយលោក ដូណាល់ ត្រាំ ជាប់ឆ្នោតក្លាយជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាម៉េរិក កាលពីពេលថ្មីៗនេះ។
ភាគហ៊ុនរបស់ធនាគារធំៗរបស់សហរដ្ឋអាម៉េរិក រួមមានទាំងធនាគារ JPMorgan ធនាគារ Goldman Sachs និងធនាគារ Morgan Stanley ជាដើម សុទ្ធតែបានហក់ឡើងថ្លៃ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុនធនាគារអឺរ៉ុប STOXX Europe 600 Banks បានធ្លាក់ចុះជាង១% នៅសប្តាហ៍នេះ។ ចាប់តាំងពីឆ្នាំ២០១០ មក ភាគហ៊ុនរបស់បណ្ដាធនាគារអឺរ៉ុប បានធ្លាក់ថ្លៃរហូតដល់ទៅ១០% ខណៈដែលភាគហ៊ុនរបស់បណ្ដាធនាគារអាម៉េរិក បានហក់ឡើងថ្លៃ១គុណនឹង៣។
ធនាគារកណ្តាលអឺរ៉ុប បានរាយការណ៍ថា បណ្ដាធនាគារនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ មានអនុបាតប្រាក់ចំណេញធៀបនឹងមូលធន (ROE) ៥% បើធៀបនឹង១០% នៅសហរដ្ឋអាម៉េរិក។ ភាពខុសគ្នានេះ គឺដោយសារតែការកើនឡើងប្រាក់ចំណូលពីការយកថ្លៃសេវាធនាគារនៅសហរដ្ឋអាម៉េរិក និងបញ្ហាឥណទានមិនដំណើរការ ដែលកំពុងបន្តកើតមាននៅអឺរ៉ុប៕
ដោយ៖ តែម សុខុម