សាច់បង្កក

មេគយ៖ កម្ពុជាមិនមានគោលការហាមឃាត់ការនាំចូលសាច់បង្កកឡើយ តែអ្នកនាំចូលត្រូវគោរពតាមវិធានការចាំបាច់


បញ្ហានាំចូលសាច់បង្កកពីខាងក្រៅនៅតែជាក្ដីព្រួយបារម្ភសម្រាប់ក្រុមអ្នកចិញ្ចឹមសត្វក្នុងស្រុក នាពេលបច្ចុប្បន្ន ជាពិសេសធ្វើឲ្យរង្គោះរង្គើទីផ្សារជ្រូករស់យ៉ាងខ្លាំង នៅមួយរយៈពេលចុងក្រោយនេះ។ ពាក់ព័ន្ធបញ្ហានេះ អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានគូសបញ្ជាក់ថា ស្ថិតក្នុងគោលការណ៍ទីផ្សារសេរី កម្ពុជាមិនមានការហាមឃាត់ការនាំចូលសាច់បង្កកពីខាងក្រៅទាំងស្រុងនោះទេ ប៉ុន្តែរាល់ការនាំចូលសាច់បង្កកពីទីផ្សារខាងក្រៅត្រូវគោរពតាមវិធានការច្បាប់ និងវិញ្ញាបនបត្រពីប្រទេសនាំចេញ។
សាច់បង្កក
ដោយ

ជាយន្តការរបស់រាជរដ្ឋាភិបាលមិនមែនត្រឹមតែគិតគូដល់អ្នកចិញ្ចឹមសត្វក្នុងស្រុកនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលក៏ត្រូវគិតគូពីតម្រូវការចាំបាច់ ក៏ដូចជាអ្នកប្រកបរបរនាំចូលសាច់ពីខាងក្រៅផងដែរ។ បច្ចុប្បន្នសាច់បង្កកដែលមានការនាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជា មានដូចជា ប្រទេសអូស្រ្តាលី ឥណ្ឌា អាមេរិក រុស្សី ប្រេស៊ីល​ និងជប៉ុនដើម។

នាវេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមិនទាន់មានលទ្ធភាពផ្គត់ផ្ដង់សាច់ ដែលមានគុណភាពល្អ១០០%បាននៅឡើយទេ ជាពិសេសនៅតាមសណ្ឋាគារ និងភោជនីយដ្ឋានទំនើបៗ ដែលមានតម្រូវការសាច់ដែលមានគុណភាពល្អ។ កត្តានេះបានជំរុញឱ្យកម្ពុជាត្រូវនាំសាច់ដែលមានគុណភាពល្អ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ បើមេគយរូបនេះ បច្ចុប្បន្នសាច់បង្កកដែលហូរចូលមកទីផ្សារកម្ពុជា មិនមែនមានតែពីប្រទេសជិតខាង តួយ៉ាងមានដូចជាប្រទេសអូស្រ្តាលី ឥណ្ឌា អាមេរិក រុស្សី ប្រេស៊ីល និង ជប៉ុនជាដើម។ ស្របពេលដែលទីផ្សារទាំងនោះ សុទ្ធតែមានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងជិតស្និទជាមួយប្រទេសកម្ពុជា ពោលគឺទំនិញរបស់កម្ពុជា ជាច្រើនប្រភេទត្រូវបាននាំចេញទៅកាន់ទីផ្សារទាំងនោះក្នុងបរិមាណយ៉ាងច្រើនក្នុងមួយឆ្នាំៗ។

បើតាមឯកឧត្តម គុណ ញឹម កត្តាដែលធ្វើឲ្យកម្ពុជាមិនអាចបញ្ឈប់ការនាំចូលសាច់បង្កកពីខាងក្រៅ ក៏ព្រោះតែសព្វថ្ងៃ កម្ពុជាអនុវត្តគោលការណ៍ទីផ្សារសេរី ដែលជំរុញឱ្យរាជរដ្ឋាភិបាលត្រូវគិតគូដល់ក្រុមអ្នកចិញ្ចឹមសត្វក្នុងស្រុកផង និងអ្នកប្រកបអាជីវកម្មនាំចូលផង។ ម្យ៉ាងទៀត ស្ថិតក្នុងបរិបទនេះកម្ពុជាមិនទាន់មានលទ្ធភាពផ្គត់ផ្ដង់សាច់ដែលមានគុណភាពល្អនៅឡើយ ជាពិសេសនៅតាមសណ្ឋាគារ និងភោជនីយទំនើបៗ ដែលមានតម្រូវការសាច់គុណភាពខ្ពស់សម្រាប់បំពេញតម្រូវការអតិថិជន។

ឯកឧត្តម គុណ ញឹម បានអះអាងទៀតថា ស្ថិតក្នុងគោលការណ៍ទីផ្សារសេរី កម្ពុជាមិនអាចហាមឃាត់ការនាំចូលសាច់បង្កកស្របច្បាប់ពីខាងក្រៅបានឡើយ ប៉ុន្តែរាល់ការនាំចូលសាច់បង្កកពីទីផ្សារខាងក្រៅត្រូវគោរពតាមវិធានការច្បាប់ និងមានវិញ្ញាបនបត្របញ្ជាក់ពីគុណភាពពីប្រទេស ដែលនាំចេញ ទើបអគ្គនាយកដ្ឋានគយ និងរដ្ឋាករអនុញ្ញាតឲ្យនាំចូលមកកាន់ទីផ្សារកម្ពុជា។ បើតាមឯកឧត្តម គុណ ញឹម ដ្បិតកម្ពុជាមិនមានច្បាប់ហាមឃាត់ការធ្វើពាណិជ្ជកម្មនាំចូលសាច់ ប៉ុន្តែដើម្បីការពារ និងធានានូវសុវត្ថិភាពក៏ដូចជាសុខភាពសាធារណៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានពង្រឹងនូវការគ្រប់គ្រងលើការនាំចូលសាច់បង្កក ស៊ុត និងត្រីជាដើម។

ក្នុងន័យនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងបន្តសហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) ដើម្បីបង្រ្កាបការនាំចូលសាច់បង្កក ដែលខុសច្បាប់បន្ថែមទៀត ហើយអ្នកដែលមានសិទ្ធនាំចូលសាច់បង្កកត្រូវគោរពតាមលក្ខខណ្ឌ ដែលបានកំណត់ដូចជាត្រូវមានឃ្លាំងត្រជាក់ ដើម្បីរក្សាគុណភាពសាច់បង្កកជាដើម។ បន្ថែមលើនោះ រាល់ការនាំចូលសាច់បង្កកពីខាងក្រៅតម្រូវឲ្យមានលិខិតអនុញ្ញាតនាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះមុខទំនិញសាច់សត្វគ្រប់ប្រភេទ ខណៈកាលពីមុនការនាំចូលសាច់បង្កកតម្រូវឲ្យមានលិខិតតែពីប្រទេសនាំចេញប៉ុណ្ណោះ។

សូមបញ្ជាក់ថា តម្លៃជ្រូករស់នៅកម្ពុជានៅមួយរយៈចុងក្រោយនេះ បានបន្តធ្លាក់ថ្លៃជាបន្តបន្ទាប់ ដែលបញ្ហានេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ក្រុមអ្នកចិញ្ចឹមជ្រូកនៅក្នុងស្រុក។ ជាក់ស្ដែងកាលពីពេលថ្មី ជ្រូករស់នៅតាមតំបន់មួយចំនួនត្រូវបានឈ្មួញទិញក្នុងតម្លៃប្រមាណ៧ពាន់រៀលក្នុង១គីឡូក្រាម ខណៈបច្ចុប្បន្នតម្លៃជ្រូករស់បានបន្តធ្លាក់រហូតមកនៅត្រឹម៦ពាន់រៀលក្នុង១គីឡូក្រាម។ ការបន្តធ្លាក់ចុះនូវតម្លៃជ្រូករស់នៅកម្ពុជា ជាបន្តបន្ទាប់នេះ ត្រូវបានក្រុមអ្នកចិញ្ចឹមសត្វកម្ពុជាបង្ហាញការព្រួយបារម្ភជាថ្មីសម្រាប់វិស័យចិញ្ចឹមសត្វក្នុងស្រុក ដោយលោកបានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ផ្អាកការនាំចូលសាច់បង្កកពីខាងក្រៅជាបណ្ដោះអាសន្ន ដើម្បីលើកស្ទួយវិស័យចិញ្ចឹមសត្វក្នុងស្រុក ក៏ដូចជាជួយលើកកម្ពស់ទីផ្សារជ្រូករស់នៅកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម នឹងផ្ដោតអាទិភាពលើគម្រោងដឹកជញ្ជូនចំនួន ៥៩នៅក្រុងហូជីមិញ ជាមួយទំហំចំណាយជិត១០ពាន់លានដុល្លារ

ព័ត៌មាន
មន្ទីរដឹកជញ្ជូនក្រុងហូជីមិញ បាននិយាយថា ផ្លូវហាយវេ ផ្លូវជាតិ និងផ្លូវក្រវាត់ក្រុងសរុបចំនួន៥៩គម្រោងនឹងត្រូវបានសាងសង់នៅក្នុងទីក្រុងហូជីមិញ …

ការនាំចេញក្រោមកិច្ចព្រមព្រៀង RCEP សម្រេចបានជាង៧ពាន់លានដុល្លារ កើនឡើង២៧% នៅ១១ខែឆ្នាំនេះ

ព័ត៌មាន
ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) សម្រេចបានទំហំទឹកប្រាក់ជាង២៦ពាន់លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ