គេនៅចាំបានថាទំនាស់ដែលបានរុញមកដល់ WTO ដំបូងកាលពីដើមឆ្នាំនេះ មានជាប់ពាក់ព័ន្ធករណីប្រទេសចិនអនុវត្តពាណិជ្ជកម្មមិនស្មើភាពលើក្រុមហ៊ុនអឺរ៉ុប ដែលបានអះអាងថា ក្រុមហ៊ុនអឺរ៉ុបត្រូវគេរឹតត្បិតសិទ្ធិ ពីការប្រើប្រាស់តុលារបរទេស ដើម្បីការពារបណ្ណប៉ាតង់ក្នុងវិស័យបច្ចេកវិទ្យាកំរិតខ្ពស់។ ដោយឡែក សំណុំរឿងមួយទៀតពាក់ព័ន្ធនឹង សមាជិករបស់ EU គឺប្រទេសលីទុយអានី ដែលមានជម្លោះពាណិជ្ជកម្មជាមួយចិនដែរ។
នាយកប្រតិបត្តិសហភាពអឺរ៉ុប ដែលទទួលបន្ទុកលើគោលនយោបាយពាណិជ្ជកម្មរបស់ប្លុកទាំង២៧ប្រទេស បាននិយាយថា ការអនុវត្តពាណិជ្ជកម្ម ដែលមិនស្មើភាពរបស់ចិន បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការរកស៊ីរបស់ប្រទេសនៅអឺរ៉ុប ហើយជម្លោះរបស់ប៉េកាំងជាមួយ លីទុយអានី បានរំខានដល់ពាណិជ្ជកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងសហភាពអឺរ៉ុប។
បើតាមការអះអាងពីភាគីអឺរ៉ុប អស់ពេលមួយរយៈមកនេះ ចិនបានបរាជ័យដោះស្រាយជម្លោះទាំងអស់ខាងលើក្នុងក្របខណ្ឌទ្វេភាគី ដែលកាលនោះអឺរ៉ុបបានឈានមួយជំហានដំបូង ស្នើការពិគ្រោះយោបល់ពី WTO ជុំវិញបញ្ហាទាំងនេះ ប៉ុន្តែពុំបានលទ្ធផលជាផ្លែផ្កាណាមួយឡើយ។ ដូច្នេះហើយ ទើបនៅពេលនេះ អឺរ៉ុបសម្រេចដាក់សំណើជាផ្លូវការសុំឱ្យ WTO បង្កើតគណៈកម្មការ ដើម្បីវិនិច្ឆ័យជម្លោះតែម្តង។
បើតាមនាយកប្រតិបត្តិគោលនយោបាយពាណិជ្ជកម្មអឺរ៉ុប គេចង់ឱ្យគណៈកម្មការនេះ បង្កើតឡើងនៅដើមឆ្នាំ២០២៣ ដោយបានកត់សម្គាល់ថា កិច្ចដំណើរការនីតិវិធីរបស់ក្រុមប្រឹក្សាវិនិច្ឆ័យនេះអាចចំណាយពេលរហូតដល់មួយឆ្នាំកន្លះ។
សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិនរៀបរាប់ថា ចិននឹងដោះស្រាយជម្លោះពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ស្របតាមនីតិវិធីសម្រាប់ដោះស្រាយជម្លោះ ដែលបានចែងដោយអង្គការពាណិជ្ជកម្មពិភពលោក។
គួរជម្រាបដែរថា ការឈានទៅសុំការវិនិច្ឆ័យពី WTO ដូចនេះ ធ្វើឡើងស្របពេលដែលអឺរ៉ុបកំពុងបង្កើនការប្រុងប្រយ័ត្នជាងមុន ក្នុងការរកស៊ីជាមួយប្រទេសចិន ដោយអឺរ៉ុបមើលឃើញថា បច្ចុប្បន្នប៉េកាំងគឺជាដៃគូរប្រកួតប្រជែង ច្រើនជាងដៃគូរសហការ។ ម្យ៉ាងវិញទៀត ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានធ្វើឱ្យអឺរ៉ុបភ្លឺភ្នែក និងបារម្ភថា ការពឹងផ្អែកខ្លាំងទៅលើសេដ្ឋកិច្ចចិន គឺជារឿងមិនល្អឡើយ ដូចករណីដែលខ្លួនពឹងផ្អែកខ្លាំងលើថាមពលរុស្ស៊ី ដើម្បីបញ្ឆេះចរន្តសេដ្ឋកិច្ចខ្លួនដូច្នោះដែរ។
សូមរំឭកថា ជម្លោះពាណិជ្ជកម្មរវាងចិន និងលីទុយអានី កើតឡើងនៅពេលដែល ប្រទេសនៅតំបន់ប៉ាល់ទិចមួយនេះ អនុញ្ញាតឱ្យកោះតៃវ៉ាន់បើកការិយាល័យតំណាងនៅក្នុងប្រទេសរបស់ខ្លួន ក្រោមឈ្មោះថា «តៃវ៉ាន់» ជំនួសឲ្យការប្រើឈ្មោះថា«កោះតៃវ៉ាន់នៃប្រទេសចិន» ដោយបានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារ ដ្បិតអីចិនតែងចាត់ទុកកោះនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។ ចិនបានបន្ទាបទំនាក់ទំនងការទូតជាមួយលីទុយអានីតាំងពីចុងឆ្នាំ២០២១រហូតដល់ពេលនេះ ហើយបានដាក់កំរិតលើការនាំចេញទំនិញពីលីទុយអានីមកចិនជាបន្តបន្ទាប់៕