ថ្លែងនៅខាងក្រៅកិច្ចប្រជុំកំពូលស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ លោក ហ្វារែល បាននិយាយថា ប្រទេសអូស្ត្រាលី នៅតែសាទរក្នុងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ក៏ប៉ុន្តែគម្លាតរវាងភាគីទាំងពីរគឺនៅធំពេកក្នុងការសម្រេចបានកិច្ចព្រមព្រៀងណាមួយនៅក្នុងកិច្ចប្រជុំនៅទីក្រុងអូសាកាប្រទេសជប៉ុន កាលពីខែតុលា។
រដ្ឋមន្ត្រីរូបនេះបាននិយាយថា ភាគីទាំងពីរបានយល់ព្រមបន្តការចរចាគ្នាជាបន្តទៀត ហើយលោក ហ្វារែល បាននិយាយក្នុងបទសម្ភាសមួយថា វាកាន់តែពិបាកព្រោះអឺរ៉ុបឥឡូវនេះបានចូលដល់រដូវកាលនៃការបោះឆ្នោតរបស់ពួកគេ ហើយបើនិយាយឱ្យស្មោះត្រង់គឺថា លោកមិនហ៊ានធានាទេថា ពួកគេនឹងអាចធ្វើរួចរាល់នៅចន្លោះពេលនេះ និងពេលបោះឆ្នោតកើតឡើងនោះឡើយ។
ប្រទេសអូស្ត្រាលី និងសហភាពអឺរ៉ុប បានចរចាគ្នាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអស់រយៈពេលជាង៥ឆ្នាំមកហើយ ហើយទោះជាកិច្ចព្រមព្រៀងភាគច្រើនត្រូវបានច្រានចោលក៏ដោយក៏នៅតែមានការខ្វែងគំនិតគ្នានៅក្នុងវិស័យសំខាន់ៗមួយចំនួនដដែល។ រដ្ឋាភិបាលក្រុងកង់បេរ៉ា ចង់បានកូតានាំចេញកាន់តែច្រើនសម្រាប់កសិផលរបស់ខ្លួនរួមទាំងសាច់គោ និងសាច់ចៀមផង ចំណែកសហភាពអឺរ៉ុបទាមទារឱ្យអូស្ត្រាលីដកផលិតផលកំណត់ភូមិសាស្ត្រដូចជាស្រាស និងតៅហ៊ូ (feta) ជាដើម។
ក្រុមអ្នកចរចាអឺរ៉ុប បាននិយាយថា ពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលភាគីអូស្ត្រាលី ដើរចេញពីកិច្ចពិភាក្សានៅទីក្រុងអូសាកា ដែលជាការបង្ហាញពីការខ្វែងគំនិតគ្នាជាលើកទីពីរក្នុងរយៈពេលប៉ុន្មានខែមកនេះដោយពួកគេបានអះអាងថា ការទាមទាររបស់លោក ហ្វារែល គឺលើសពីអ្វីដែលបានពិភាក្សាគ្នាកាលពីលើកមុន។
ទោះជាយ៉ាងណាក៏ដោយ ភាគីអូស្ត្រាលី បាននិយាយថា វាច្បាស់ណាស់ថា វានឹងគ្រាន់តែជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលផ្តល់ផលប្រយោជន៍ដល់«ទាំងប្រទេសអូស្ត្រាលី និងមិត្តអឺរ៉ុបរបស់អូស្ត្រាលីតែប៉ុណ្ណោះ។
លោក ហ្វារែល បាននិយាយថា សហភាពអឺរ៉ុប គឺសំខាន់ខ្លាំងណាស់ចំពោះយុទ្ធសាស្ត្រធ្វើពិពិធកម្មពាណិជ្ជកម្មរបស់អូស្ត្រាលី ដោយលោកបានបន្ថែមថាប្លុកនេះ គឺជាតំបន់សេដ្ឋកិច្ចដែលមានទំហំទឹកប្រាក់មួយទ្រីលានដុល្លារជាមួយនឹងចំនួនប្រជាជនសរុបជាង៤៥០លាននាក់។
លោក ហ្វារែល បានបន្ថែមថា អូស្រ្តាលីបាននិយាយរួចមកហើយថា វាត្រូវតែជាកិច្ចព្រមព្រៀងដ៏ល្អមួយសម្រាប់អូស្ត្រាលី ហើយមកដល់ពេលនេះអូស្ត្រាលីមិនទាន់ឈានដល់ចំណុចនោះនៅឡើយទេក៏ប៉ុន្តែលោកមានសុទិដ្ឋិនិយមថា វានឹងអាចឈានដល់កម្រិតនោះ៕
អត្ថបទ៖ សុខ ជា