តម្លៃមាសនៅកម្ពុជា

អ្នកជំនាញព្យាករថា តម្លៃមាសនៅកម្ពុជានឹងអាចហក់ឡើងដល់៣,៧០០ដុល្លារក្នុង១តម្លឹងជាប្រវត្តិសាស្ត្រក្នុងពេលឆាប់ៗខាងមុខ


ក្រោយការឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាម៉េរិកជាផ្លូវការរបស់លោក ដូណាល់ ត្រាំ តម្លៃមាសនៅកម្ពុជា ក៏ដូចជានៅលើទីផ្សារអន្តរជាតិហក់ឡើងជាបន្តបន្ទាប់។ ជាក់ស្តែងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ តម្លៃមាសនៅកម្ពុជាបានហក់ឡើងដល់ជាង៣,៥៤០ដុល្លារក្នុងតម្លឹង។
តម្លៃមាសនៅកម្ពុជា
ដោយ

អ្នកជំនាញក្នុងវិស័យជួញដូរមាសបានព្យាករថា តម្លៃហាងឆេងមាសនៅកម្ពុជានឹងអាចបំបែកកំណត់ត្រាជាថ្មីឡើងដល់ប្រមាណ៣ពាន់៧រយដុល្លារក្នុង១តម្លឹងក្នុងពេលឆាប់ៗខាងមុខនេះ និងអាចឈានដល់៤ពាន់ដុល្លារក្នុង១តម្លឹងនៅចុងឆ្នាំ២០២៥។ តើមានទឡ្ហីករណ៍អ្វីខ្លះជំរុញឱ្យអ្នកជំនាញជឿជាក់យ៉ាងដូច្នេះ?

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរីធី កត់សម្គាល់ឃើញថា ក្រោយលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាម៉េរិកជាផ្លូវការ តម្លៃហាងឆេងមាសនៅកម្ពុជាមានការប្រែប្រួលខ្លាំងគួរឱ្យកត់សម្គាល់ ដោយគិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ហាងឆេងមាសនៅទីផ្សារកម្ពុជាអាចលក់ចេញបានក្នុងតម្លៃជាង៣ពាន់៥រយ៤០ដុល្លារក្នុង១តម្លឹង បើធៀបនឹងហាងឆេងមាសនាថ្ងៃទី២០ ខែមករា ដែលជាថ្ងៃលោក ត្រាំ ឡើងកាន់តំណែង មាសមានតម្លៃប្រមាណជាង៣ពាន់២រយ៥០ដុល្លារក្នុង១តម្លឹងប៉ុណ្ណោះ។

លោក ឡុង សំណាង បានអះអាងថា កត្តាចម្បងដែលជំរុញឱ្យតម្លៃមាសនៅកម្ពុជាហក់ឡើងខ្ពស់ជាបន្តបន្ទាប់នេះ គឺដោយសារបញ្ហាសង្រ្គាមពាណិជ្ជកម្មនៅលើពិភពលោក ឥទ្ធិពលនៃការដំឡើងពន្ធរបស់លោក ត្រាំ ដែលបានជំរុញឱ្យវិនិយោគិនសម្រុកទិញមាសទុកសម្រាប់វិនិយោគរយៈពេលវែង ដោយពួកគេជឿជាក់ថា លុយដុល្លារអាម៉េរិកនឹងធ្លាក់ថ្លៃ ហើយអត្រាអតិផរណានៅអាម៉េរិកនឹងមានការកើនឡើងនាពេលខាងមុខ។ ម្យ៉ាងទៀត តាមរយៈការផ្អាក និងលុបចោលនូវអង្គភាពមួយចំនួននៅសហរដ្ឋអាម៉េរិក បន្ទាប់ពីលោក ត្រាំ ឡើងកាន់តំណែងបានជំរុញឱ្យមានកំណើនអត់ការងារធ្វើរបស់ប្រជាជនអាម៉េរិក ក៏ជាកត្តារួមផ្សំក្នុងការជំរុញឱ្យតម្លៃហាងឆេងមាសមានការកើនឡើងផងដែរ។

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ




អត្ថបទបន្ទាប់


តើមកទល់ពេលនេះតម្លៃដំឡូងមីនៅកម្ពុជាមានការប្រែប្រួលយ៉ាងណាហើយ?

តម្លៃដំឡូងមីនៅកម្ពុជាមិនទាន់មានភាពល្អប្រសើរឡើងវិញនៅឡើយទេគិតមកទល់ពេលនេះ ខណៈកសិករដាំដំឡូងមីបានបង្ហាញការព្រួយបារម្ភចំពោះការខាតបង់នៅឆ្នា…

ថ្នាក់ដឹកនាំធុរកិច្ចនៅទីក្រុងម៉ានីល គូសរំលេចអំពីឱកាសវិនិយោគមកកាន់ប្រទេសកម្ពុជា នៅក្នុងកិច្ចប្រជុំអាហារពេលព្រឹក

កិច្ចប្រជុំអាហារពេលព្រឹក ដែលបានធ្វើឡើងវេលាព្រឹកថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ២០២៥ នៅសណ្ធាគារ Makati Shangri-La បាននាំមកនូវការជួបជុំគ្នារវាងថ្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ