ការលុបចោលការយកពន្ធត្រួតគ្នារវាងកម្ពុជា និងម៉ាកាវ

អ្នកជំនាញរំពឹងថា ការលុបចោលការយកពន្ធត្រួតគ្នារវាងកម្ពុជា និងម៉ាកាវនឹងជួយធ្វើឲ្យការវិនិយោគកាន់តែល្អប្រសើរ


អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចមានសុទិដ្ឋិនិយមខ្ពស់ចំពោះ ការសម្រេចលុបចោលការយកពន្ធត្រួតគ្នារវាងកម្ពុជា និងទីក្រុងម៉ាកាវប្រទេសចិន ដែលត្រូវបានរដ្ឋសភាសម្រេចគាំទ្រទាំងស្រុងកាលពីសប្ដាហ៍មុន។ អ្នករំពឹងថា វានឹងជួយទាក់ទាញ និងជំរុញការវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរថែមទៀត។ បន្ថែមពីនេះ ការលុបចោលការយកពន្ធត្រួតគ្នា ក៏នឹងក្លាយជាចលករក្នុងការជួយជំរុញឲ្យកម្ពុជាអាចចុះកិច្ចព្រមព្រៀងនេះ ជាមួយបណ្តាប្រទេសដៃគូដទៃទៀតផងដែរ។
អ្នកជំនាញរំពឹងថា ការលុបចោលការយកពន្ធត្រួតគ្នារវាងកម្ពុជា និងម៉ាកាវនឹងជួយធ្វើឲ្យការវិនិយោគកាន់តែល្អប្រសើរ

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានចាត់ទុកកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលរវាងកម្ពុជា និងទីក្រុងម៉ាកាវប្រទេសចិន ជាកិច្ចព្រមព្រៀងមួយដ៏សំខាន់ក្នុងការជួយលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ អ្នកជំនាញរូបនេះរំពឹងថា ក្រោយកិច្ចព្រមព្រៀងដែលរដ្ឋសភាទើបអនុម័តនេះចូលជាធរមាន វានឹងជួយផ្តល់ទំនុកចិត្តបន្ថែមទៀតដល់វិនិយោគិនឲ្យមកបោះទុនវិនិយោគនៅកម្ពុជាឲ្យកាន់តែល្អប្រសើរមួយកម្រិតទៀត។

បើតាមការគូសបញ្ជាក់របស់លោកឧកញ៉ា លឹម ហេង ប្រទេសដែលជាដៃគូពាណិជ្ជកម្មជាមួយកម្ពុជាតែងតែចង់ឲ្យមានកិច្ចព្រមព្រៀងទ្វេភាគីនេះ ព្រោះកិច្ចព្រមព្រៀងនេះជាផ្នែកមួយក្នុងការជួយបង្កើនប្រាក់ចំណូល។ ក្នុងន័យនេះ ការលុបចោលការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលនេះ ក្រុមហ៊ុនដែលមកវិនិយោគនៅកម្ពុជាមិនចាំបាច់បង់ពន្ធលើប្រាក់ចំណូល ដែលបានផ្ទេរទៅប្រទេស ឬតំបន់ ដែលបានចុះកិច្ចព្រមព្រៀងជាមួយកម្ពុជានោះទេ។

ថ្លែងការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលរវាងកម្ពុជា-ម៉ាកាវកាលពីសប្ដាហ៍មុន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដែលជាការប៉ះប៉ូវដល់យុត្តាធិការជាហត្ថលេខី ដូចជាការទាក់ទាញ និងជំរុញការវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ។ ជាពិសេសជួយផ្តល់នូវភាពច្បាស់លាស់ តម្លាភាព និងគ្មានការរើសអើងក្នុងវិស័យពន្ធដារ, កំណើនមូលដ្ឋានពន្ធ, លំហូរមូលធនដោយសារភាពទាក់ទាញនៃអត្រាពន្ធកាត់ទុកលើការប្រាក់ និងភាគលាភ, ការផ្ទេរ បច្ចេកវិទ្យា និងជំនាញពីបរទេសតាមរយៈបទប្បញ្ញត្តិស្តីពីសេវាបច្ចេកទេសនិងសួយសារ, ការការពារនិវាសនជន ដែលជាវិនិយោគិននៅបរទេស និងការពង្រីងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យពន្ធដារ ជាពិសេសការទប់ស្កាត់និងការបង្ក្រាបការគេចពន្ធតាមរយៈការផ្លាស់ប្តូរព័ត៌មានរបស់អ្នកជាប់ពន្ធ៕




អត្ថបទបន្ទាប់


មានប្រាក់ជាង ១០ម៉ឺនដុល្លារ ចង់ទិញផ្ទះស្ថិតក្នុងទីប្រជុំជន គួររកនៅឯណាបាន ហើយមិនខកបំណង?

ទន្ទឹមនឹងការអភិវឌ្ឍគេហដ្ឋានបែបប្រណីតៗ ស្កឹមស្កៃលំដាប់ខ្ពស់ គេហដ្ឋានដែលមានតម្លៃសមរម្យ និងទំហំតូចល្មមនៅតែជាតម្រូវការដ៏ពេញនិយមរបស់ប្រជាពលរដ្ឋ…

អ៊ុយក្រែនស្នើសុំជំនួយពីអង្គការកាកបាទក្រហម និង UN

អ៊ុយក្រែនកាលពីចុងសប្តាហ៍មុននេះបានប្រកាសថា ខ្លួនបានស្នើឱ្យកាកបាទក្រហម និងអង្គការសហប្រជាជាតិ ជួយទាក់ទងទៅកងទ័ពរបស់ខ្លួន ដែលត្រូវបានចាប់ខ្លួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ