បន្ទាប់ពីមានការចុះពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញម្រេចពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខារួចរាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ រួចមក អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្មីៗនេះ បានអំពាវនាវដល់ម្ចាស់ចម្ការម្រេចសហគមន៍កសិកម្មម្រេច និងម្ចាស់រោងចក្រកែច្នៃនិងវេចខ្ចប់ម្រេច ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់នាំចេញម្រេចទៅកាន់ទីផ្សារប្រទេសចិន ឱ្យរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ឱ្យបានឆាប់រហ័ស។
អគ្គនាយកដ្ឋានកសិកម្មគ្រោងនឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃ និងវេចខ្ចប់ម្រេចទៅកាន់ភាគីចិន នៅដើមខែមករា ឆ្នាំ២០២៣ ខាងមុខ ដើម្បីឱ្យភាគីចិនពិនិត្យ និងវាយតម្លៃបញ្ចប់មុននឹងឈានដល់ការនាំចេញជាផ្លូវការ។
ពាន់ព័ន្ធនឹងការដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃ និងវេចខ្ចប់ម្រេចសម្រាប់នាំចេញទៅកាន់ប្រទេសចិននេះដែរ លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានគូសបញ្ជាក់ថា ការចុះបញ្ជីចម្ការសម្រាប់នាំចេញម្រេចកម្ពុជាទៅប្រទេសចិននេះ គឺជារឿងល្អមែនទែនសម្រាប់អ្នកដែលចង់នាំចេញម្រេចទៅទីផ្សារប្រទេសចិនដោយខ្លួនឯង។ យ៉ាងណាមិញ លោក ម៉ាក់ នី អះអាងថា ប្រសិនជាម្រេចកម្ពុជាអាចនាំចេញទៅប្រទេសចិនបានក្នុងពេលឆាប់ៗមែននោះ វានឹងនាំឱ្យទីផ្សារ និងតម្លៃម្រេចកម្ពុជា នឹងមានភាពល្អប្រសើរឡើងវិញ ដោយមិនចាំបាច់ពឹងផ្អែកតែទៅលើទីផ្សារប្រទេសវៀតណាមរហូតនោះទេ ហើយវានឹងជំរុញឱ្យមានភាពប្រកួតប្រជែងទីផ្សារនាំចេញផងដែរ។
បើតាមប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជារូបនេះ អះអាងថា ទីផ្សារនាំចេញម្រេចរបស់កម្ពុជានៅក្នុងឆ្នាំ២០២២នេះ គឺមានការធ្លាក់ចុះជាងឆ្នាំមុន ដោយសារតម្លៃមានទាបជាងឆ្នាំមុនខ្លាំង។ ជាក់ស្តែងតម្លៃម្រេចកាលពីឆ្នាំមុនអាចលក់បានក្នុងរង្វង់ ១ម៉ឺន៧ពាន់ រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែបច្ចុប្បន្នអាចលក់បានត្រឹមតែ ១ម៉ឺន១ពាន់ រៀលក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ ដែលធ្វើឱ្យកសិករមួយចំនួន បានស្តុកម្រេចរបស់ពួកគាត់ទុក ដោយមិនធ្វើការលក់ចេញនោះទេ។ ទន្ទឹមនេះ លោក ម៉ាក់ នី ក៏បានបញ្ជាក់ឱ្យដឹងដែរថា ដើម្បីឱ្យការនាំចេញម្រេចទទួលបានផលចំណេញនោះ ប្រជាកសិករគួរតែធ្វើយ៉ាងណាឱ្យថ្លៃដើមផលិតមានកម្រិតទាប ដោយសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ស្វាគមន៍ជានិច្ចដល់ប្រជាកសិករទាំងអស់ក្នុងការប្រឹក្សារយោបល់ ដើម្បីធ្វើយ៉ាងណាឱ្យការផលិតរបស់ពួកគាត់មានថ្លៃដើមទាប ដើម្បីឱ្យពួកគាត់អាចទទួលបានប្រាក់ចំណេញ។
សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរយៈពេល១០ខែឆ្នាំ២០២២ កម្ពុជាសម្រេចបានការនាំចេញម្រេចទូទៅ សរុបជារួមមានជាង ៧ពាន់៧រយតោន ទៅកាន់ទីផ្សារអន្តរជាតិ មានការថយចុះជាង ៧០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយក្នុងនោះ វៀតណាម គឺជាប្រទេសបញ្ជាទិញម្រេចពីកម្ពុជាច្រើនជាងគេបំផុត៕