តាមរយៈពិព័រណ៍នេះ ក្រុមអ្នកជំនាញរំពឹងថា នឹងកាន់តែធ្វើឲ្យវិស័យផ្សារមូលបត្រកម្ពុជា នឹងកាន់តែរីកចម្រើនខ្លាំងនៅឆ្នាំបន្តបន្ទាប់ ស្របទៅតាមការលូតលាស់ឆាប់រហ័សនៃកំណើនសេដ្ឋកិច្ចជាតិ។
ក្រុមអ្នកជំនាញក្នុងវិស័យផ្សារមូលបត្រកម្ពុជា និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានអះអាងថា ភាពរីកចម្រើននៃវិស័យមូលបត្រកម្ពុជា នាពេលបច្ចុប្បន្ន ដោយសារតែមានការចូលរួមបោះផ្សាយលក់មូលបត្រពីសំណាក់ក្រុមហ៊ុនជាច្រើន ពិសេសធនាគារធំៗ នៅកម្ពុជា តួយ៉ាងដូចជា ធនាគារ អេស៊ីលីដា ជាដើម ខណៈការចូលរួមរបស់ធនាគារដ៏ធំមួយនេះ កាន់តែធ្វើឲ្យវិស័យផ្សារមូលបត្រកម្ពុជា បង្ហាញសក្ដានុពលរបស់ខ្លួនកាន់តែខ្លាំង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ថ្លែងនាឱកាសពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា«My First Stock 2022» នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា កម្មវិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា My First Stock ឆ្នាំ ២០២២ នេះ ជាគំនិតផ្តួចផ្តើមដ៏ល្អរបស់ផ្សារមូលបត្រកម្ពុជា ក្នុងការលើកកម្ពស់ការយល់ដឹង និងជំរុញការសិក្សាស្វែងយល់អំពីកាលានុវត្តភាពនៃការវិនិយោគក្នុងផ្សារភាគហ៊ុនកម្ពុជា ពីសំណាក់សាធារណជន។
ទន្ទឹមនេះ ការពង្រឹងតម្លាភាព ទំនុកចិត្ត និងភាពឤចប៉ាន់ប្រមាណបាន ជាកត្តាចាំបាច់ ដើម្បីអនុញ្ញាតឱ្យទីផ្សារមូលបត្រកម្ពុជាធ្វើដំណើរទៅមុខ និង អភិវឌ្ឍប្រកបដោយនិរន្តភាព។
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ វិស័យមូលបត្រកម្ពុជា មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ បើទោះបី វិស័យនេះមិនទាន់មានភាពរីកចម្រើនដូចបណ្ដាប្រទេសមួយចំនួននៅអាស៊ាន ដូចជា ទីផ្សារប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរីក៏ដោយ ក៏ប៉ុន្តែ កម្ពុជា កំពុងបោះជំហ៊ានទៅមុខយ៉ាងលឿន។ បើតាមឯកឧត្តម ស៊ូ សុជាតិ ដើម្បីជំរុញទីផ្សារមូលបត្រកម្ពុជា ឲ្យកាន់តែសកម្ម និងអាចប្រកួតប្រជែងជាមួយទីផ្សារផ្សេងទៀតក្នុងតំបន់ ឯកឧត្តមក៏បានស្នើឲ្យក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនបោះផ្សាយមូលបត្រ ចូលរួមយ៉ាងសកម្មនៅក្នុងការជំរុញការផ្សព្វផ្សាយអំពីទីផ្សារមូលបត្រកម្ពុជា ដើម្បីជំរុញនូវសកម្មភាពជួញដូរឲ្យកាន់តែសកម្ម និងទាក់ទាញក្រុមហ៊ុនឲ្យងាកមករកជម្រើសហិរញ្ញប្បទានតាមរយៈទីផ្សារមូលបត្រ។
ឯកឧត្តម ហុង សុហូរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានបង្ហាញក្ដីរំពឹងខ្ពស់ចំពោះវិស័យមូលបត្រកម្ពុជា ថានៅឆ្នាំបន្តបន្ទាប់វិស័យនេះ នឹងកាន់តែរីកចម្រើនខ្លាំង ថែមទាំងអាចប្រកួតប្រជែងនឹងទីផ្សាររបស់ប្រទេសមួយចំនួនក្នុងតំបន់ ផងដែរ។ ការរំពឹងខ្ពស់របស់អគ្គនាយកផ្សារមូលបត្រកម្ពុជា បែបនេះ ក៏ដោយសារតែឯកឧត្តមកបានកត់សម្គាល់ឃើញថា នៅឆ្នាំ២០២២នេះសម្ទុះនៃវិនិយោគិនដែលបានចាប់អារម្មណ៍វិស័យនេះ កាន់តែច្រើន បើប្រៀបនឹងប៉ុន្មានឆ្នាំមុន។ បើតាមឯកឧត្តម ហុង សុហូរ នៅឆ្នាំ២០២២នេះ ទំហំជួញដូរបានកើនឡើងយ៉ាងឆាប់រហ័ស បើធៀបនឹងឆ្នាំ២០២១ ខណៈរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២ ទំហំជួញដូរប្រចាំថ្ងៃជាមធ្យមបានកើនដល់ប្រមាណ ៦០ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ។ យ៉ាងណាមិញ អ្នកជំនាញក្នុងវិស័យមូលបត្ររូបនេះ នៅតែបង្ហាញក្ដីរំពឹងយ៉ាងមុតមាំថា ទំហំនៃការជួញដូរមូលបត្រនៅកម្ពុជា នឹងបន្តកើនឡើងជាបន្តបន្ទាប់។ លើសពីនោះ ក្រុមហ៊ុនមូលបត្រកម្ពុជា បានដាក់ក្ដីរំពឹងជាថ្មីថា នៅរយៈពេល ៧ឆ្នាំបន្ទាប់ ទំហំជួញដូរក្នុងវិស័យមូលបត្រនឹងសម្រេចបានរហូត ១០០លានដុល្លារ ក្នុងមួយថ្ងៃ។
សូមបញ្ជាក់ថា ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា«My First Stock 2022» នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣តុលា ឆ្នាំ២០២២ នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ក្នុងគោលបំណង បន្តផ្សព្វផ្សាយ និងបង្កើនទំនុកចិត្តដល់វិនិយោគិន ដែលមានស្រាប់ឱ្យបន្តជឿជាក់មកលើទីផ្សារភាគហ៊ុន តាមរយៈការជួបផ្ទាល់ជាមួយនឹងក្រុមហ៊ុនចុះបញ្ជី។ ការផ្ដល់ឱកាសដល់សាធារណជនឱ្យបានយល់ដឹងកាន់តែទំលំទូលាយ ទៅលើការវិនិយោគក្នុងទីផ្សារភាគហ៊ុន។ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកម្មវិធីទូរសព្ទផ្សារហ៊ុន ជំនាន់ទី២ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកញ្ចប់ប្រូម៉ូសិនពិសេសសម្រាប់វិនិយោគិនថ្មី៕