ផែនការមេអភិវឌ្ឍន៍ខេត្តមណ្ឌលគិរីត្រូវបានគេរំពឹងថា នឹងក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចទី៤ប្រចាំភូមិភាគឦសាន បន្ទាប់ពីរាជធានីភ្នំពេញ តំបន់ឆ្នេរសមុទ្រ និងខេត្តសៀមរាប។ លើសពីនេះកម្ពុជានឹងធ្វើសមាហរណកម្មខេត្តមណ្ឌលគិរីជាមួយតំបន់ផ្សេងៗក្នុងប្រទេស និងក្នុងតំបន់ផងដែរ។ជុំវិញទៅនឹងផែនការមេអភិវឌ្ឍន៍ខេត្តមណ្ឌលគិរីនេះ អ្នកជំនាញក្នុងវិស័យទេសចរណ៍សុទ្ធតែបានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះរឿងនេះ ប៉ុន្ដែ អ្នកជំនាញទេសចរណ៍បារម្ភថា ផែនការមេនេះ អាចនឹងត្រូវបានរាំងស្ទះដោយសារ នៅតំបន់មួយចំនួនដីត្រូវបានកាន់កាប់ដោយបុគ្គលឯកជន។
លោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាកត់សម្គាល់ឃើញថា ក្រោយរាជរដ្ឋាភិបាលកម្ពុជាប្រកាសពីផែនការអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី មានអ្នកមានលុយនិងឈ្មួញធំៗជាច្រើនបានសម្រុកនាំគ្នាទៅទិញអចលនទ្រព្យនៅតំបន់នោះ ដែលធ្វើសម្រស់ធម្មជាតិរបស់ខេត្តភាគឦសានមួយនេះត្រូវបានកែប្រែ។ លើសពីនេះតំបន់មួយចំនួន ដែលមិនត្រូវអភិវឌ្ឍន៍ ត្រូវបានគេអភិវឌ្ឍន៍ ដែលធ្វើឲ្យតំបន់ទេសចរណ៍សក្តានុពលមួយចំនួនត្រូវបានបាក់សម្រស់។
កត្តាទាំងនេះបានបង្កក្តីកង្វល់ដល់អ្នកជំនាញក្នុងវិស័យទេសចរណ៍រូបនេះ ដោយលោកបារម្ភថា ផែនការមេអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ពីឆ្នាំ២០២១-២០៣៥ អាចត្រូវរំខានដោយសារការអភិវឌ្ឍគ្មានច្បាប់ទម្លាប់ពីវិស័យឯកជន និងការកាន់កាប់ដីពីអ្នកមានលុយ និងមានអំណាចមួយចំនួន។ លោក ធួន ស៊ីណាន បានចោទជាសំណួរថា តើរាជរដ្ឋាភិបាលមានយន្តការគ្រប់គ្រាន់ក្នុងការអភិវឌ្ឍផែនការមេដែរ ឬទេ ប្រសិនបើដីមួយចំនួនត្រូវបានកាន់កាប់ដោយវិស័យឯកជន យ៉ាងដូច្នេះ?
ជុំវិញផែនការមេអភិវឌ្ឍន៍ខេត្តមណ្ឌលគិរីនេះដែរ លោកជំទាវ ឆាយ ស៊ីវលីន បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះគម្រោងមួយនេះ ដ្បិតផែនការនេះវានឹងធ្វើឲ្យខេត្តនៅភាគឦសានមួយនេះផ្លាស់ប្តូរមុខមាត់ថ្មីទាំងលើវិស័យសេដ្ឋកិច្ច និងទេសចរណ៍។ លោកជំទាវជឿជាក់ថា តាមរយៈផែនការមេនេះ វានឹងជួយប្រែក្លាយខេត្តនេះ ឲ្យក្លាយជាតំបន់អេកូទេសចរណ៍ដ៏សម្បូរបែប ក្នុងការទាក់ទាញភ្ញៀវទេសចរ។ ជាពិសេសវានឹងក្លាយជាផលិតផលទេសចរណ៍មួយបន្ថែមទៀត បន្ទាប់ពីតំបន់ទេសចរណ៍ឆ្នេរសមុទ្រ និងប្រវត្តិសាស្ត្រ ដែលអាចឲ្យធ្វើកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវាកម្មទេសចរណ៍ ដោយមិនចាំបាច់ពឹងផ្អែកលើប្រទេសជិតខាង។
បើតាមសេចក្តីព្រាងផែនការមេអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥ ខេត្តមណ្ឌលគិរីត្រូវកំណត់ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ ដែលរំពឹងថា នៅឆ្នាំ២០៣៥ ខេត្តនៅភូមិភាគឦសានមួយនេះនឹងអាចទាក់ទាញភ្ញៀវទេសចរបរទេសប្រមាណ៩០ម៉ឺននាក់ និងភ្ញៀវទេសចរក្នុងស្រុកបានប្រមាណ២លាននាក់។ តាមរយៈកំណើនភ្ញៀវទេសចរនេះ កម្ពុជារំពឹងអាចរកបានចំណូលចូលរដ្ឋដោយផ្ទាល់ប្រមាណ៥០០លានដុល្លារ និងប្រយោល១ពាន់លានដុល្លារអាមេរិក និងបង្កើតការងារជូនពលរដ្ឋបានប្រមាណ៨ម៉ឺនកន្លែង។
តាមរយៈផែនការមេនេះ ខេត្តមណ្ឌលគិរីត្រូវបានគេរំពឹងថា នឹងក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចទី៤ប្រចាំភូមិភាគឦសាន បន្ទាប់ពីរាជធានីភ្នំពេញ តំបន់ឆ្នេរសមុទ្រ និងខេត្តសៀមរាប។ លើសពីនេះកម្ពុជានឹងធ្វើសមាហរណកម្មខេត្តមណ្ឌលគិរីជាមួយតំបន់ផ្សេងៗក្នុងប្រទេស និងក្នុងតំបន់ផងដែរ៕