ការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា ត្រូវបានចាប់អារម្មណ៍ខ្លាំងជាងគេពីក្រុមអ្នកវិនិយោគទាំងក្នុង និងក្រៅស្រុក ក្នុងចំណោមវិស័យនានា ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត នាពេលកន្លងមក។ ជាក់ស្ដែង នៅរយៈ ៤ខែ ក្នុងឆ្នាំ២០២៣ CDC បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មនៅក្នុងវិស័យឧស្សាហកម្មរហូត ៥៨គម្រោង ជាមួយទំហំវិនិយោគជិត ៤០០លានដុល្លារ ក្នុងចំណោមគ្រោងវិនិយោគសរុប ចំនួន ៦៥គម្រោង ដែលមានទុនវិនិយោគសរុប ជាង ៥៨៨លានដុល្លារ។ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ចំនួនគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្ម កើនឡើងចំនួន ៨គម្រោង។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានកត់សម្គាល់ឃើញថា ដ្បិតចំនួនគម្រោងវិនិយោគនៅរយៈពេល ៤ខែ ក្នុងឆ្នាំ២០២៣នេះ មានកំណើនតិចតួច ក៏ពិតមែន តែស្ថានភាពក្នុងវិស័យវិនិយោគរបស់កម្ពុជា នៅតែមានស្ថានភាពល្អប្រសើរ។ ការអះអាងរបស់ឧកញ៉ា លឹម ហេង បែបនេះ ក៏ព្រោះតែលោកមើលឃើញថា ការចុះបញ្ជីវិនិយោគនៅតាមថ្នាលបច្ចេកវិទ្យានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាដើម សុទ្ធតែមានលក្ខណៈល្អប្រសើរ។ ម្យ៉ាងវិញទៀត លោកក៏បានកត់សម្គាល់ទៀតថា ការកើនឡើងនៃគម្រោងវិនិយោគនៅក្នុងវិស័យឧស្សាហកម្មរបស់កម្ពុជា បានបង្ហាញពីភាពរឹងមាំផ្នែកសេដ្ឋកិច្ច ស្របពេលដែលវិស័យដទៃក្រៅពីវិស័យកាត់ដេរ ក៏កាន់តែបង្ហាញនូវសញ្ញាណវិជ្ជមាន ជាពិសេសអនុវិស័យឧស្សាហកម្មធុនមធ្យម និងធុនធ្ងន់ ក៏មានសន្ទុះគួរឲ្យកត់សម្គាល់ ផងដែរ។
សូមបញ្ជាក់ថា គម្រោងវិនិយោគដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តនៅ ៤ខែ ឆ្នាំ២០២៣នេះ ភាគច្រើនជាគម្រោងវិនិយោគ ដែលស្ថិតក្នុងវិស័យឧស្សាហកម្ម មានចំនួនរហូត ៥៨គម្រោង។ រីឯ វិស័យកសិកម្ម-កសិឧស្សាហកម្មវិញ មាន ៤គម្រោង។ ដោយឡែក វិស័យទេសចរណ៍ មាន ៣គម្រោង។ ក្នុងនោះ វិនិយោគិនមកពីប្រទេសចិន បានស្ថិតក្នុងចំណាត់ថ្នាក់លេខ១ ដែលបានវិនិយោគច្រើនជាងគេនៅកម្ពុជា ដោយបានក្ដោបក្ដាប់រហូតជិត ៦០%នៃគម្រោងវិនិយោគសរុប។ បន្ទាប់មកវិនិយោគិនក្នុងស្រុក បានឈរនៅលំដាប់លេខរៀងទី២ និងក្ដោបក្ដាប់ការវិនិយោគជាង ១៧% ខណៈវិនិយោគិនមកពីប្រទេសវៀតណាម បានឈរនៅលំដាប់លេខរៀងទី៣៕