ទេសចរណ៍

អ្នកជំនាញយល់ឃើញផ្សេងគ្នា ជុំវិញការឈប់ផ្តល់ថវិកា៤០ដុល្លារក្នុង១ខែដល់កម្មករព្យួរការងារក្នុងវិស័យទេសចរណ៍


រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឈប់ផ្តល់ប្រាក់ឧបត្ថម្ភចំនួន៤០ដុល្លារក្នុង១ខែ ដល់កម្មករ និយោជិតដែលបានព្យួរការងារក្នុងវិស័យទេសចរណ៍ ក្រោយអាជីវកម្មក្នុងវិស័យនេះជាច្រើន បានបើកដំណើរការឡើងវិញជាបន្តបន្ទាប់។ ប៉ុន្តែកម្មករ និយោជិត ដែលធ្វើការនៅសណ្ឋាគារក្នុងខេត្តសៀមរាបបន្តទទួលបានប្រាក់ឧបត្ថម្ភធម្មតា។ នេះបើតាមការបញ្ជាក់របស់រាជរដ្ឋាភិបាលក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
អ្នកជំនាញយល់ឃើញផ្សេងគ្នា ជុំវិញការឈប់ផ្តល់ថវិកា៤០ដុល្លារក្នុង១ខែដល់កម្មករព្យួរការងារក្នុងវិស័យទេសចរណ៍
ដោយ

អ្នកជំនាញក្នុងវិស័យទេសចរណ៍មានការយល់ឃើញផ្សេងៗគ្នាជុំវិញបញ្ហានេះ ដោយអ្នកខ្លះថា វាហាក់ដូចជាលឿនពេក និងស្នើឲ្យរដ្ឋាភិបាលពិចារណាឡើងវិញ ហើយអ្នកខ្លះថា វាល្មមដល់ពេលហើយ ដែលត្រូវឈប់ផ្ដល់ប្រាក់ឧបត្ថម្ភនេះ។ បើតាមមន្ត្រីជាន់ខ្ព​ស់នៃក្រសួងទេសចរណ៍ កន្លងមកមានអាជីវកម្មក្នុងវិស័យទេសចរណ៍ប្រមាណ៣០% បានផ្អាកដំណើរការ​ ដែលធ្វើឲ្យកម្មការជាង២ម៉ឺននាក់បានព្យួរការងារ។

លោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា យល់ឃើញថា ការសម្រេចរបស់​រាជរដ្ឋាភិបាលក្នុងការឈប់ផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារក្នុង១ខែដល់កម្មករ​ និយោជិត ដែលបានព្យួរការងារក្នុងវិស័​យទេសចរណ៍​កាលពីពេលថ្មីៗ​នេះ វាហាក់ដូចជាលឿនពេក។ ទន្ទឹមនឹងនេះ លោកស្នើឲ្យរាជរដ្ឋាភិបាល​គួរគិតគូឡើងវិញ​លើបញ្ហានេះ ព្រោះថា ទោះអាជីវកម្មដែលបានបិទទ្វារ​ភាគច្រើនបានបើកដំណើរការឡើងវិញក៏ដោយ តែអាជីវកម្មទាំងនោះ​នៅតែប្រឈមហានិភ័យខ្ពស់ពីការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ និងកត្តាដទៃទៀត។ ម្យ៉ាងទៀត ស្ថានភាពវិស័យទេសចរណ៍​កម្ពុជាមិនទាន់មាន​ភាពល្អប្រសើរនៅឡើយទេ ដែលទាមទារពេលច្រើន​ទៀតក្នុងការស្តារ និងអភិវឌ្ឍន៍។

ជាមួយគ្នានេះ លោក ឌិន សុមេធារិទ្ធ ប្រធាសសមាគមសណ្ឋាគារកម្ពុជាយល់ឃើញថា ការសម្រេចឈប់ផ្តល់ថវិ​កាឧបត្ថម្ភ៤០​ដុល្លារ​ដល់កម្មករ និយោជិតព្យួរការងារ​ក្នុងវិស័យ​ទេសចរណ៍របស់រាជរដ្ឋាភិបាលនៅពេលនេះ វាជាពេលវេលាសមរម្យហើយ។ ព្រោះលោកជឿជាក់ថា កម្មករ និយោជិត ដែលបានព្យួរការងារកន្លងមក ពួកគេក៏បានទៅ​រកការងារថ្មីធ្វើ ហើយអាជីវកម្ម​ក្នុងវិស័យទេសចរណ៍ភាគច្រើន ក៏បានបើកដំណើរការ​ឡើងវិញ​ផងដែរ។ ទោះយ៉ាងណាលោកបានគូសបញ្ជាក់ថា ទោះបីអាជីវកម្មទេសចរណ៍ ជាពិសេសសណ្ឋាគារភាគច្រើន​បានបើកដំណើរការឡើងវិញក៏ពិតមែន តែស្ថានភាពភ្ញៀវដើរកម្សាន្ត​ និងប្រើប្រាស់សេវាសណ្ឋាគារ​នៅមានចំនួន​តិចតួចនៅឡើយ​។ កត្តានេះ ក៏នៅតែជាបញ្ហាប្រឈមសម្រាប់ប្រតិបត្តិករ និងម្ចាស់អាជីវកម្មក្នុង​វិស័យទេសចរណ៍ដដែល។

ជុំវិញបញ្ហានេះដែរ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍បានគូសបញ្ចាក់ថា បច្ចុប្បន្នក្នុងចំណោម​អាជីវកម្មទេសចរណ៍​៣០%​ដែលបានផ្អាកដំណើរ​ការ​ដោយសារវិបត្តិកូវីដ-១៩ មានអាជីវកម្មជាច្រើនបានបើកដំណើរការឡើងវិញ ក្រោយមានការបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ និងដកការរឹតបន្តឹងវិធានការកូវីដ-១៩សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកកម្ពុជា។ ប៉ុន្តែក៏នៅមានអាជីវកម្មមួយចំនួនជាពិសេសនៅខេត្តសៀមរាបនៅតែបន្តបិទទ្វារអាជីវកម្មដដែល។ បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ កន្លងមកមានកម្មករនិយោជិតក្នុងវិស័យទេសចរណ៍ជាង ២ម៉ឺន៣ពាន់នាក់ត្រូវបានព្យួរការងារ ហើយរាជរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារក្នុងមួយខែៗ ដែលមានទឹកប្រាក់សរុបជាង៧លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា នៅអំឡុងពេលកម្ពុជាទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩​រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារក្នុង១ខែដល់កម្មករ និយោជិតដែលត្រូវបានព្យួរការងារក្នុងវិស័យទេសចរណ៍ បន្ទាប់ពីកន្លែងការងារដែលពួកគេធ្វើការត្រូវបានផ្អាកឬបិទដំណើរការដើម្បីជួយសម្រាកបន្ទុកការចំណាយរបស់ពួកគេ។ ប៉ុន្តែនៅថ្ងៃទី១៤ មិថុនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសម្រេចបិទបញ្ចប់យន្តការផ្តល់ប្រាក់ឧបត្ថម្ភនេះ ក្រោយមើលឃើញស្ថានភាពនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ មានភាពធូរស្បើយ ហើយមានអាជីវកម្មទេសចរណ៍ជាច្រើនបានបើកដំណើរការឡើងវិញជាបន្តបន្ទាប់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនធានារ៉ាប់រងថៃមួយចំនួនក្ស័យធន ដោយសារការទារសំណងធានារ៉ាប់រងជំងឺកូវីដ១៩

ព័ត៌មាន
យ៉ាងហោចណាស់ក្រុមហ៊ុនធានារ៉ាប់រងថៃចំនួន ៤ បានក្ស័យធនហើយ បន្ទាប់ពីទទួលរងការខាតបង់ដោយសារតែការលក់កញ្ចប់សេវាធានារ៉ាប់ងរងជំងឺកូវីដ១៩ក្ន…

ក្រុមហ៊ុន Sony និង Honda បណ្តាក់ទុនរួមគ្នា លើការផលិតរថយន្តអគ្គិសនី និងគ្រោងចេញលក់នៅឆ្នាំ២០២៥

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់ជប៉ុនធំៗពីរ គឺ Sony និង Honda Motor បានយល់ព្រមជាផ្លូវការក្នុងការបណ្តាក់ទុនរួមគ្នាលើការផលិតរថយន្តអគ្គិសនី …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ