លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានកត់សម្គាល់ឃើញថា នៅដើមឆ្នាំ២០២៣នេះ វិស័យអចលនទ្រព្យនៅកម្ពុជា ហាក់ចាប់ផ្ដើមមានភាពល្អប្រសើរ និងស្ទុះងើបឡើងវិញជាបណ្ដើរៗ ក្រោយស្ថានភាពនៃវិបត្តិសាកលនានា បានធូរស្បើយបន្តិច។ យ៉ាងណាក៏ដោយ លោកបន្តថា ស្ថិតក្នុងកាលទេសៈដ៏លំបាកនេះ នៅក្នុងវិស័យអចលនទ្រព្យ ក៏បានក្លាយជាសក្ដានុពល និងឱកាសសម្រាប់អ្នកដែលជំនាញពិតប្រាកដនៅក្នុងវិស័យនេះ និងគម្រោងអភិវឌ្ឍន៍ដែលសមស្របទៅតាមតម្រូវការទីផ្សារ។
ទោះយ៉ាងណា អ្នកជំនាញរូបនេះ បានគូសបញ្ជាក់ទៀតថា អំឡុងដែលសេដ្ឋកិច្ចពិភពលោកនៅតែបន្តជួបបញ្ហាប្រឈម ដូចជា បញ្ហាវិបត្តិកូវីដ១៩ ការអូសបន្លាយនៃសង្រ្តាមរវាងរុស្សី-អ៊ុយក្រែន ក៏ដូចជា ការដួលរំលំធនាគារធំៗ មួយចំនួននៅអាមេរិកផងនោះ អ្នកវិនិយោគគួរតែមានការគិតពិចារណាឲ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្តវិនិយោគ។
ជុំវិញការវិនិយោគអចលនទ្រព្យនេះដែរ លោក ឈួរ ឈុនហួរ អគ្គនាយករងក្រុមហ៊ុន ព្រីមៀរ ផាក បានកត់សម្គាល់ឃើញថា ស្ថានភាពនៃការវិនិយោគដីធ្លីនៅកម្ពុជាឆ្នាំ២០២២ និងឆ្នាំ២០២៣ នៅបន្តមានភាពរឹងមាំនៅឡើយ ក៏ប៉ុន្តែ ជាការពិត បញ្ហាសកលនានា ក៏ដូចជា ឥទ្ធិពលនៃសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន បានធ្វើឲ្យប៉ះពាល់ដល់វិស័យនេះ និងធ្វើឲ្យសកម្មភាពវិនិយោគដីធ្លីនៅកម្ពុជា ហាក់មានស្ថានភាពស្ងប់ស្ងាត់បន្តិច។ អ្នកជំនាញរូបនេះបន្តថា ការវិនិយោគដែលរងផលប៉ះពាល់ខ្លាំងជាងគេ អំឡុងកើតមានវិបត្តិសាកលនានា ក្នុងវិស័យអចលនទ្រព្យ គឺសកម្មភាពវិនិយោគលើការពុះដីឡូតិ៍ ពិសេស ការពុះដីឡូត៌នៅតាមជាយរាជធានីភ្នំពេញ ដែលគ្មានក្បួនខ្នាត និងច្បាប់ទម្លាប់ត្រឹមត្រូវតែម្ដង។
សូមបញ្ជាក់ថា រយៈពេលប្រមាណ ៣ឆ្នាំហើយ ដែលទីផ្សារក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ក៏ដូចជា លើពិភពលោករងភាពរង្គោះរង្គើ ដែលបង្កឡើងដោយការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងឥទ្ធិពលនៃវិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងភាពតានតឹងភូមិសាស្ត្រនយោបាយសកល ជាពិសេសជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចធំៗ។ ក៏ប៉ុន្តែ ក្រោយស្ថានភាពពិភពលោកចាប់ផ្ដើមធូរស្បើយជាបណ្ដើរៗ ឡើងវិញ គួបផ្សំការបើកប្រទេសឲ្យប្រជាពលរដ្ឋ និងជនបរទេសអាចធ្វើដំណើរចេញ-ចូលដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើងវិញរបស់រដ្ឋាភិបាលចិន ក៏បានផ្តល់នូវក្តីសង្ឃឹមដល់ប្រទេសនានា រួមទាំងកម្ពុជា ក្នុងការស្តារវិស័យអចលនទ្រព្យ និងវិស័យផ្សេងៗ បន្ថែមទៀតផងដែរ៕