លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានអះអាងថា ទីផ្សារខុនដូនៅកម្ពុជាបន្តសិ្ថតក្នុងស្ថានភាពស្រពេចស្រពិលនៅឡើយទេ បើទោះបីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ហាក់មានធូរស្បើយ ហើយប្រទេសចិនបានបើកទូលាយសម្រាប់ការធ្វើដំណើរជាអន្តរជាតិក៏ដោយ។ បើតាមការវាយតម្លៃរបស់អ្នកជំនាញរូបនេះ ភាពស្រពេចស្រពិលនៃទីផ្សារខុនដែររបស់កម្ពុជានេះអាចបណ្តាលមកការធ្លាក់ចុះប្រាក់ចំណូលរបស់ប្រជាជននៅតាមបណ្តាប្រទេស ដែលជាទីផ្សាររបស់កម្ពុជា ដ្បិតថា ទីផ្សារខុនដូនៅកម្ពុជាប្រមាណ៧០% ត្រូវបានពឹងផ្អែកលើវិនិយោគិនជាជនបរទេស។ ទោះយ៉ាងណាអ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា មានគម្រោងខុនដូដែលមានស្រាប់មួយចំនួន នៅតែអាចទាក់ទាញការវិនិយោគពីវិនិយោគបរទេសក្នុងកាលៈទេសៈដ៏លំបាកមួយនេះ។
ពាក់ព័ន្ធការវិនិយោគក្នុងវិស័យខុនដូអ្នកជំនាញក្នុងវិស័យអចលនទ្រព្យរូបនេះកត់សម្គាល់ឃើញថា មានគម្រោងខុនដូថ្មីៗប្រមាណពី២ទៅ៣ប៉ុណ្ណោះ ដែលបានប្រកាសពីគម្រោងអភិវឌ្ឍន៍របស់ខ្លួននៅក្នុងរយៈពេល៣ខែដើមឆ្នាំនេះ។ បើតាមការគូសបញ្ជាក់របស់លោក សន សៀប ក្រុមហ៊ុនគ្រោងអភិវឌ្ឍន៍ទាំងនោះសុទ្ធសឹងជាក្រុមហ៊ុន ដែលមានការអភិវឌ្ឍស្រាប់ ខណៈក្រុមហ៊ុនថ្មីៗពុំទាន់ហ៊ានបោះទុនវិនិយោគនោះទេ ដោយសារទីផ្សារមិនទាន់អំណោយផល ដែលអាចឈានទៅដល់ការអភិវឌ្ឍ។
ស្រដៀងគ្នានេះដែរ លោកស្រី អាន សុធីតា អគ្គនាយិកាគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ PropNex កត់សម្គាល់ឃើញថា គម្រោងខុនដូ ដែលអភិវឌ្ឍស្របនឹងស្ថានការណ៍នៃការធ្លាក់ចុះសេដ្ឋកិច្ច ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅតែមានចរន្តទិញលក់ពីអតិថិជន។ សម្រាប់អ្នកជំនាញរូបនេះ ឆ្នាំ២០២៣ ជាឆ្នាំដែលឆ្លុះបញ្ចាំងឲ្យឃើញពីភាពរឹងមាំ និងភាពកម្សោយរបស់ក្រុមហ៊ុនវិនិយោគ និងជាឱកាសសម្រាប់អ្នកវិនិយោគក្នុងការទទួលបានគម្រោងវិនិយោគមួយដ៏ត្រឹមត្រូវ ដែលអាចផ្តល់ប្រាក់ចំណេញខ្ពស់។
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យជឿជាក់ថា ទីផ្សារខុនដូនៅកម្ពុជានឹងមានភាពល្អប្រសើរឡើងវិញនៅក្រោយបញ្ចប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៅឆ្នាំនេះ ដ្បិតថា រាល់មុនពេលការបោះឆ្នោតម្តងៗក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនមិនសូវហ៊ានបោះទុនវិនិយោគនោះទេ ដោយសារពួកគេបារម្ភពីភាពចលាចលណាមួយ ដែលអាចកើតឡើងជាយថាហេតុ។ គួរបញ្ជាក់ថា ទីផ្សារខុនដូអាចចាត់ទុកជាវិស័យមួយដែលរងផលប៉ះពាល់ខ្លាំងជាងគេនៅអំឡុងពេលកម្ពុជា និងពិភពលោកទទួលរងនូវការឆ្លងរាតត្បាតខ្លាំងជំងឺកូវីដ-១៩៕