កិច្ចព្រមព្រៀងពាណិជ្ជកម្មបស់អង្គការ WTO នៅតែបន្ត!

ការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មបស់អង្គការ WTO នៅតែបន្តដំណើរការ ទោះបីជាប្រទេសឥណ្ឌាប្រឆាំងក្ដី


ការចរចារបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្តីពីពាណិជ្ជកម្មម្ហូបអាហារ ជលផល និងវ៉ាក់សាំងបានអូសបន្លាយពេលដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ចំពេលមានការសង្ស័យកាន់តែខ្លាំងឡើងថា ការចរចាដ៏តឹងតែងដែលប្រឈមនឹងការជាប់គាំងនេះ អាចនឹងឈានទៅរកកិច្ចព្រមព្រៀងមួយ ដែលប្រឈមមុខនឹងការជំទាស់ពីប្រទេសឥណ្ឌា។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មបស់អង្គការ WTO នៅតែបន្តដំណើរការ ទោះបីជាប្រទេសឥណ្ឌាប្រឆាំងក្ដី

ក្នុងអំឡុងសន្និសីទថ្នាក់រដ្ឋមន្ត្រីរបស់អង្គការ WTO នៅសប្តាហ៍នេះដែលជាកិច្ចប្រជុំដ៏សំខាន់លើកដំបូងរបស់ខ្លួនក្នុងរយៈពេលជាង ៤ ឆ្នាំមកនោះ អង្គការដែលមានសមាជិកចំនួន ១៦៤ ប្រទេសនេះ កំពុងស្វែងរកការយល់ព្រមលើការឆ្លើយតបនឹងជំងឺខូវីដ១៩ ការកាត់បន្ថយការឧបត្ថម្ភធនលើការនេសាទ ការសន្យាសន្តិសុខស្បៀង និងការបើកដំណើរការកំណែទម្រង់ផ្ទៃក្នុងក្នុងកិច្ចព្រមព្រៀងជាកញ្ចប់មួយ ដែលត្រូវការចាំបាច់ដើម្បីបញ្ជាក់ពីការពាក់ព័ន្ធរបស់អង្គការនេះ។

ប្រភពមួយពាក់ព័ន្ធនឹងកិច្ចពិភាក្សាដែលកំពុងបន្តនៅទីស្នាក់ការកណ្តាលរបស់ អង្គការ WTO នៅទីក្រុងហ្សឺណែវប្រទេសស្វីសនេះបាននិយាយថា មកទល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះកិច្ចប្រជុំ «មិនទាន់សម្រេចបានលទ្ធផលណាមួយនៅឡើយទេ»។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប៉ាគីស្ថានលោក ស៊ីយ៉េដ ណាវីដ កាម៉ា (Syed Naveed Qamar) បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោកគិតថា អង្គការ WTO កំពុងឆ្ពោះទៅរក “កិច្ចប្រជុំគណៈរដ្ឋមន្ត្រីគ្មានលទ្ធផល”។

ទោះយ៉ាងណា អ្នកនាំពាក្យរបស់អង្គការ WTO មានសុទិដ្ឋិនិយមច្រើន ចំពោះកិច្ចប្រជុំនេះដោយនិយាយថា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ បើទោះជាវាមិនទាន់សម្រេចបានកិច្ចព្រមព្រៀងណាមួយក៏ពិតមែន។

ប្រធានអង្គការ WTO លោកស្រី ង៉ូហ្ស៊ី អូកុនចូ អ៊ីវ៉េឡា (Ngozi Okonjo-Iweala) បានប្រាប់រដ្ឋមន្ត្រីជាង ១០០ នាក់ក្នុងប្រជុំនេះថា ពេលវេលាកំពុងតែអស់ហើយ ដូច្នេះពួកគេមិនគួរព្យារពេលទៀតនោះទេ។ សន្និសីទនៃអង្គការពាណិជ្ជកម្មពិភពលោកគឺត្រូវធ្វើឡើងចាប់ពីថ្ងៃទី១២-១៥ ខែមិថុនា ប៉ុន្ដែ ត្រូវបានពង្រីកពេលមួយថ្ងៃបន្ថែមទៀតរហូតថ្ងៃទី១៦មិថុនា ប៉ុន្ដែ នៅតែរកមិនទាន់ឃើញលទ្ធផលអ្វីឡើយ។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានបញ្ជាក់ថា តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោកស្រី ខាថេរីន តៃ (Katherine Tai) បានចាកចេញនៅព្រឹកមិញនេះ ដោយបន្ថែមសម្ពាធដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មនៃកិច្ចប្រជុំនេះ។

រាល់កិច្ចព្រមព្រៀងណាមួយ អង្គការ WTO តម្រូវធ្វើការសម្រេចចិត្តដោយឯកច្ឆន្ទ ដូច្នេះហើយ បើមានតែការជំទាស់មួយប៉ុណ្ណោះ គឺមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងនោះឡើយ។

គណៈប្រតិភូបាននិយាយថា ប្រទេសឥណ្ឌាដែលមានប្រវត្តិរារាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី នោះហាក់ដូចជាមិនទាន់បានត្រៀមខ្លួនក្នុងការសម្របសម្រួលនោះទេ។ ទិដ្ឋភាពនោះត្រូវបានគាំទ្រដោយការអធិប្បាយរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌាលោក ស្រ៊ី ពីយូស ហ្កូយ៉ាល់ (Shri Piyush Goyal) ដែលបានធ្វើឡើងក្នុងការកិច្ចប្រជុំបិទទ្វារ ដែលក្រោយមកត្រូវបានទីក្រុងញូវដែលីចេញផ្សាយជាសាធារណៈ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌាបង្ហាញគោលបំណងរឹតចំណងមិត្តភាពរវាងអាស៊ាន និងQuad ខណៈដែលខ្លួនត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន

ព័ត៌មាន
ប្រទេសឥណ្ឌាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលរដ្ឋមន្ត្រីការបរទេសមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រស…

ចិនសច្ចាគាំទ្ររុស្ស៊ី ខណៈអាមេរិក និងសម្ព័ន្ធមិត្តបន្ដសម្រុកផ្ដល់អាវុធបន្ថែមឲ្យអ៊ុយក្រែន

ព័ត៌មាន
ប្រធានាធិបតី ស៊ី ជីពីង (Xi Jinping) នៅថ្ងៃពុធទី១៥ ខែមិថុនា បានបញ្ជាក់ជំហររបស់ចិនសាជាថ្មីក្នុងការសច្ចាគាំទ្រ "អធិបតេយ្យភាព និងសន្តិសុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ