វិស័យទេសចរណ៍អាស៊ាន

អ្នកជំនាញ៖ បើប្រទេសអាស៊ានជឿជាក់គ្នា វិស័យទេសចរណ៍នឹងនៅតែមានដង្ហើមដក ទោះមានអូមីក្រុង


អ្នកជំនាញក្នុងវិស័យទេសចរណ៍មានក្តីរំពឹងខ្ពស់ ចំពោះវេទិកាទេសចរណ៍អាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី ២២ខែមករានេះ ក្នុងការជួយផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរបរទេសឲ្យមកកម្សាន្តនៅកម្ពុជា។ ជាមួយគ្នានេះអ្នកជំនាញជឿជាក់ថា វិស័យទេសចរណ៍ក្នុងក្របខណ្ឌប្រទេសនៅតំបន់អាស៊ាន នឹងនៅតែមានដំណើរការល្អ ទោះបីមានវត្តមានមេរោគកូវីដ-១៩ អូមីក្រុងរាតត្បាតក៏ដោយ ប្រសិនបើប្រទេសអាស៊ានទាំងអស់មានការយោគយល់ និងជឿជាក់លើគ្នាក្នុងការបើកតំបន់ទេសចរណ៍ និងឲ្យមានការធ្វើដំណើរកម្សាន្ដទៅវិញទៅមក។
ឆ្នេរសមុទ្រនៅខេត្តព្រះសីហនុ
ដោយ

យ៉ាងណាមិញ នាវេទិកាទេសចរណ៍អាស៊ាន ថ្នាក់ដឹកនាំបណ្ដាប្រទេសនានា បានឯកភាពគ្នាបើកព្រំដែនទេសចរណ៍អាស៊ានឡើងវិញ ដើម្បីចូលរួមស្តារ និងជំរុញសេដ្ឋកិច្ច និងសង្គមអាស៊ានឡើងវិញ ដែលវាគឺជាក្ដីសង្ឃឹមថ្មីមួយទៀតសម្រាប់វិស័យទេសចរណ៍នៅក្នុងតំបន់នេះ។

នាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន និងអគ្គលេខាធិការទេសចរណ៍អាស៊ាននៅខេត្តព្រះសីហនុកាលពីពេលថ្មីៗ អាស៊ានបានឯកភាពគ្នាបើកព្រំដែនទេសចរណ៍អាស៊ានឡើងវិញ ដើម្បីរួមចំណែកជួយស្តារ និងជំរុញកំណើនវិស័យទេសចរណ៍ផ្ទៃក្នុងអាស៊ាន។ ប្រតិបត្តិករ និងអ្នកជំនាញក្នុងវិស័យទេសចរណ៍បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង និងបានចាត់ទុកយន្តការនេះ ជាដំណឹងមួយដ៏រីករាយសម្រាប់វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាអាស៊ានទាំងមូល។

លោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាហ្វិកកម្ពុជារំពឹងថា តាមរយៈយន្តការបើកតំបន់ទេសចរណ៍ក្របខណ្ឌប្រទេសក្នុងតំបន់អាស៊ាននេះ វានឹងជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរឲ្យកាន់តែមានភាពងាយស្រួលជាងមុន។ លោកជឿជាក់ថា វិស័យទេសចរណ៍កម្ពុជា និងប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀត នឹងអាចរស់ដោយមិនចាំបាច់ពឹងផ្អែកលើប្រទេសដទៃ ប្រសិនបើអាស៊ានជឿជាក់គ្នាលើការអនុវត្តគោលនយោបាយក្នុងការប្រើប្រាស់ច្រក និងកាតវ៉ាក់សាំងទេសចរណ៍អាស៊ានរួម។ តែយ៉ាងណាអ្នកជំនាញហាក់បារម្ភចំពោះប្រសិទ្ធភាពកក្នុងការអនុវត្តយន្តការរួមនេះ។

សម្រាប់លោក ធួន ស៊ីណាន ការធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍អាស៊ានបានបង្ហាញឲ្យឃើញថា កម្ពុជាបានបំបែកកំណត់ត្រាអាស៊ានក្នុងការរៀបចំព្រឹត្តិការណ៍ និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ និងជាអ្នកផ្តួចផ្តើមធ្វើឲ្យវិស័យទេសចរណ៍អាស៊ានរស់ឡើងវិញផងដែរ។ លោកអះអាងថា ក្នុងរយៈពេលជាងពីរឆ្នាំនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ កន្លងមកនេះ គ្មានប្រទេសក្នុងតំបន់អាស៊ានណាមួយរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងព្រឹត្តិការណ៍អន្តរជាតិទ្រង់ទ្រាយធំបែបនេះឡើយ។ កត្តានេះ បានបង្ហាញភ្ញៀវទេសចរបរទេសឲ្យឃើញថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាពមួយនៅក្នុងតំបន់អាស៊ាន។

វេទិកាទេសចរណ៍អាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២។ តាមរយៈវេទិកានេះ កម្ពុជារួមជាមួយប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀតរំពឹងថា នឹងមានការអនុម័តលើគោលការណ៍ និងយុទ្ធសាស្ត្រមួយចំនួន ដើម្បីរួមចំណែកជួយស្តារ និងជំរុញវិស័យទេសចរណ៍អាស៊ានឲ្យកាន់តែមានភាពល្អប្រសើរ។

ក្នុងកិច្ចប្រជុំខាងលើនោះដែរ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ឡូហ្គោទេសចរណ៍អាស៊ានថ្មី (New ASEAN Tourism Logo) និងតែមធ្វើដំណើរប្រកបដោយសុវត្ថិភាពអាស៊ាន (ASEAN Safe Travel Stamp “Safe and Warm”) ដែលជាផ្នែកមួយក្នុងការរួមចំណែកជួយស្តារវិស័យទេសចរណ៍អាស៊ានផងដែរ៕

None



អត្ថបទបន្ទាប់


អ្នកជំនាញជំរុញឱ្យវិនិយោគិនបង្កើនការវិនិយោគក្នុងវិស័យកសិកម្មពិសេសរោងចក្រកែច្នៃ

ទោះបីជា វិស័យកសិកម្មនៅកម្ពុជា កាន់តែបង្ហាញសក្ដានុពលរបស់ខ្លួនកាន់តែខ្លាំង នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្ដី ប៉ុន្ដែ វិស័យនេះ នៅតែមានប…

តិចអត់ដឹងថា អេស៊ីលីម៉ូបាលអាចទូទាត់ជាមួយវិកយបត្រគ្រប់ប្រភេទបានគ្រប់កន្លែង

សាធារណៈជនលែងព្រួយបារម្ភទៀតហើយក្នុងការទូទាត់វិកយបត្រនានាបានគ្រប់ពេល គ្រប់ទីកន្លែង ជាមួយអេស៊ីលីដាម៉ូបាលដែលជាកម្មវិធីលើទូរស័ព្ទដៃដ៏ទំនើប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ