លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា គិតមកទល់នឹងពេលនេះ បញ្ហាគ្រោះទឹកជំនន់បានធ្វើឲ្យប៉ះពាល់ដល់ផ្ទៃដីដាំដុះស្រូវរបស់កម្ពុជា ប្រមាណជាង ២០ម៉ឺនហិកតាហើយ ដោយភាគច្រើន បានប៉ះពាល់ទៅលើខេត្តផលិតស្រូវសំខាន់ៗរបស់កម្ពុជា ដូចជា ខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យជាដើម ដោយផលប៉ះពាល់នេះ គឺស្មើនឹងប្រមាណជិត ១០% នៃផ្ទៃដីដាំដុះស្រូវសរុបរបស់កម្ពុជា។
ទោះយ៉ាងណា លោក លន់ យ៉េង បញ្ជាក់ថា ផលប៉ះពាល់កម្រិតប៉ុណ្ណេះ វាមិនទាន់ជាកម្រិតប៉ះពាល់ខ្លាំងនោះទេ ព្រោះខេត្តដែលមានផលិតស្រូវជាច្រើនដទៃទៀត មិនមានការប៉ះពាល់នោះទេ។ លើសពីនេះ ខេត្តដែល ជាប់នឹងប្រភពទឹកធំៗ នៅពេលដែលទឹកស្រកទៅវិញ កសិករនឹងបន្ដធ្វើការដាំដុះស្រូវបន្ដទៀតជាក់ជាមិនខាន ដូច្នេះ បើសួរថា តើគ្រោះទឹកជំនន់អាចនឹងប៉ះពាល់ដល់ការនាំចេញអង្ករកម្ពុជាទេ? គឺវាដូចជាមិនមានការប៉ះពាល់អ្វីធំដុំនោះទេ។ នេះបើតាមការបញ្ជាក់របស់អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ លោក លន់ យ៉េង គូសបញ្ជាក់ថា នៅក្រោយពេលទឹកជំនន់នេះទៅ សម្រាប់កសិករដែលមានស្រូវលក់អាចនឹងទទួលបានតម្លៃខ្ពស់ជាងមុន ដោយសារតែបញ្ហាគ្រោះទឹកជំនន់នេះ វាមិនមែនតែកើតមាននៅប្រទេសកម្ពុជាប៉ុណ្ណោះទេ នៅប្រទេសថៃ និងវៀតណាម ដែលជាទីផ្សារបញ្ជាទិញស្រូវពីកម្ពុជានោះ ក៏ជួបបញ្ជារងគ្រោះទឹកជំនន់ដែរ ដូច្នេះ ប្រទេសទាំងនេះ នឹងមានតម្រូវការស្រូវដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងបំពេញខ្សែចង្វាក់ផលិតកម្មនាំចេញរបស់ខ្លួននៅពេលខាងមុខ។
សូមបញ្ជាក់ថា នៅអំឡុងពេលដែលមានបញ្ហាគ្រោះទឹកជំនន់នេះកើតឡើង សហព័ន្ធស្រូវអង្ករកម្ពុជា បានអំពាវនាវដល់ក្រុមហ៊ុន រោងម៉ាស៊ីន ដែលជាសមាជិករបស់ខ្លួនឲ្យជួយប្រមូលទិញស្រូវសើមពីប្រជាកសិករ នៅខេត្តដែលរងគ្រោះដោយសារទឹកជំនន់ ក្នុងតម្លៃសមរម្យ។ ហើយមកទល់ពេលនេះមានរោងម៉ាស៊ីនជាច្រើន បាននិងកំពុងបន្ដទិញស្រូវសើមទាំងនេះ ពីកសិករ ដូចជានៅខេត្តកំពង់ធំ ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យជាដើម។
លោក ឃី ឆៃវ៉ាត់ ប្រធានគ្រប់គ្រងទូទៅនៃរោងម៉ាស៊ីនកិនស្រូវរបស់ក្រុមហ៊ុន Amru Rice នៅខេត្តបាត់ដំបងបានឲ្យថា ក្នុងរយៈពេល ១សប្ដាហ៍មកនេះ លោកបានបញ្ជាទិញស្រូវសើម ជាប្រភេទស្រូវដែលបានលិចទឹកពីប្រជាកសិករ ប្រមាណ ៨០០ តោនហើយ ប៉ុន្ដែ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ សន្ទុះនៃការយកស្រូវមកលក់ ហាក់មានការថយចុះជាងមុនបន្ដិចហើយ។ លោកបន្ថែមថា ចំពោះស្រូវសើមនេះ បើសិនជាគុណភាពវាមិនខូចខាតខ្លាំងទេ ក្រុមហ៊ុនបានបញ្ជាទិញពីកសិករ ក្នុងតម្លៃ ៩០០រៀល ទៅជាង ១.១០០រៀលក្នុងមួយគីឡូក្រាម ឬអាចថ្លៃជាងនេះទៀត បើគុណភាពស្រូវល្អ។
គួរបញ្ជាក់ថា តាមការរំពឹងទុករបស់សហព័ន្ធស្រូវអង្ករ សម្រាប់ឆ្នាំ២០២០នេះ ការនាំចេញអង្ករនៅតែរំពឹងថា នៅតែរក្សាបានកំណើនតាមផែនការ ដែលមានក្នុងចន្លោះ ២០% ទៅ៣០% ពោលគឺអាចនឹងសម្រេចបានបរិមាណនាំចេញអង្ករក្នុងរង្វង់៧០ម៉ឺនតោន៕