ការរំពឹងបែបនេះ ក៏ដោយសារទីផ្សារទាំងពីរបានបង្ហាញពីនិន្នាការកើនឡើងជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយ ស្របពេលកម្ពុជាមានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិនផងដែរ។ ទោះយ៉ាងណា នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នៅតែជាទីផ្សារនាំចេញផលិតវាយនភណ្ឌកាត់ដេរ និងផលិតផលធ្វើដំណើរធំជាងគេរបស់កម្ពុជា។
លោក កេន លូ អគ្គលេខាធិការសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរកម្ពុជាជឿជាក់ថា ចិន និងជប៉ុននឹងក្លាយជាទីផ្សារដ៏មានសក្តានុពលក្នុងការជួយជំរុញកំណើននាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជានាពេលខាងមុខ បន្ទាប់ពីកម្ពុជាបានបាត់បង់ការអនុគ្រោះពន្ធមួយចំនួន ក្នុងការនាំចេញទៅកាន់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ការជឿជាក់បែបនេះ ធ្វើឡើងក្រោយលោកសង្កេតឃើញថា ការនាំចេញផលិតផលទាំងនេះទៅកាន់ទីផ្សារចិន និងជប៉ុនបានបង្ហាញពីនិន្នាការកើនឡើងជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយ បើទោះបីក្នុងបរិមាណតិចតួចក៏ដោយ។ មួយវិញទៀត ដោយសារកម្ពុជាមានកិច្ចមានព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP ដែលមានប្រទេសទាំងពីរជាសមាជិក និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិនជាដើម។
ទោះយ៉ាងណា អ្នកជំនាញរូបនេះអះអាងថា កម្ពុជានៅតែផ្តោតការយកចិត្តលើទីផ្សារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលជាទីផ្សារនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរធំជាងគេរបស់កម្ពុជា។ លោក កេន លូ ជឿជាក់ថាការនាំចេញផលិតផលទាំងនេះរបស់កម្ពុជាទៅកាន់គោលដៅទីផ្សារទាំងពីរនឹងនៅតែបន្តកើនឡើង ប្រសិនបើកម្ពុជាបន្តទទួលបានការអនុគ្រោះពន្ធក្នុងការនាំចេញទៅកាន់ទីផ្សារទាំងពីរ។ បើតាមការគូសបញ្ជាក់របស់លោក កេន លូ នៅ៥ឆ្នាំចុងក្រោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ក្នុងនោះសហរដ្ឋអាមេរិកបានផ្តោតចំណែកទីផ្សារ៤៣% ខណៈសហភាពអឺរ៉ុបក្តោបចំណែកទីផ្សារចន្លោះពី២២%ទៅ២៤%។
មកទល់ពេលនេះការបញ្ជាទិញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជាពីសំណាក់ទីផ្សារអន្តរជាតិមិនទាន់បានមានភាពវិជ្ជមានឡើងវិញនៅឡើយទេ ដែលបញ្ហានេះបានបង្ខំរោងចក្រមួយចំនួនបន្តកាត់បន្ថយថ្ងៃធ្វើការនិងការថែមម៉ោង ក៏ដូចជាកាត់បន្ថយបុគ្គលិកដែលផុតកិច្ចសន្យាការងារជាដើម។ កត្តានេះធ្វើឲ្យលោក កេន លូ ហ៊ានវាយតម្លៃថា ការនាំចេញផលិតទាំងនេះរបស់កម្ពុជានៅឆមាសទី១ឆ្នាំនេះនឹងមានការធ្លាក់ចុះបើធៀបនឹងឆមាសទី១កាលពីឆ្នាំ២០២២ ដែលមានកំណើនខ្ពស់។ តែយ៉ាងណាលោករំពឹងថា ការនាំចេញធ្លាក់ចុះនៅឆមាសទី១នឹងត្រូវបានបំពេញបន្ថែមឡើងវិញជាមួយបរិមាណនាំចេញនៅឆមាសទី២។ សម្រាប់លោក កេន លូ ការរក្សាបានលទ្ធផលវិជ្ជមានទោះស្ថិតក្នុងកម្រិតណាក៏ដោយនៅឆ្នាំនេះ អាចចាត់ទុកជាជោគជ័យមួយរបស់កម្ពុជា។
គួររំលឹកថា គិតមកទល់ពេលនេះមានរយៈពេលជាង២ឆ្នាំហើយ ដែលកម្ពុជាបានបង់ប្រព័ន្ធអនុគ្រោះពន្ធសព្វមុខទំនិញលើកលែងតែអាវុធ EBA 20% និងប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់សហរដ្ឋអាមេរិក ដែលមកទល់ពេលនេះមិនមានសញ្ញាណាមួយបង្ហាញថា កម្ពុជានឹងទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះត្រឡប់មកវិញនោះទេ។ ទោះបីយ៉ាងនេះក្តី បើតាមការអះអាងរបស់ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធទាំងនេះមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការធ្វើពាណិជ្ជកម្មជាមួយសសហរដ្ឋអាមេរិក និងបណ្តាប្រទេសសហភាពអឺរ៉ុបនោះទេ។ ជាក់ស្តែង សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ដែលបានក្តោបចំណែកជាង៤០% នៃទីផ្សារនាំចេញសរុបរបស់កម្ពុជា ដោយកាលពីឆ្នាំ២០២២ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារនេះសម្រេចបានជិត៩ពាន់លានដុល្លារកើនឡើង១៩% បើធៀបនឹងឆ្នាំ២០២១ ដែលមានត្រឹមតែជាង៧ពាន់លានដុល្លារ៕