កូរ៉េខាងជើងនឹងបាញ់នុយក្លេអ៊ែរកូរ៉េខាងត្បូង

កូរ៉េខាងជើងថា ខ្លួននឹងបាញ់នុយក្លេអ៊ែរឱ្យតែកូរ៉េខាងត្បូងហ៊ានវាយប្រហារខ្លួនមែននោះ


លោកស្រី គីម យ៉ូ ជុង ជាប្អូនស្រីបង្កើតដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើងមិនចង់បង្កសង្គ្រាមនោះទេប៉ុន្តែថា ឱ្យតែប្រទេសកូរ៉េខាងត្បូងហ៊ានវាយប្រហារខ្លួនមែននោះ កូរ៉េខាងជើងនឹងប្រើអាវុធនុយក្លេអ៊ែរហើយ។ នេះគឺជាការផ្ញើសារព្រមានចំៗមួយ ដែលប្រហែលជាចង់សំដៅទៅលើប្រធានាធិបតីអភិរក្សនិយមរបស់កូរ៉េខាងត្បូង ដែលត្រៀមនឹងចូលកាន់តំណែងឆាប់ៗនេះ បន្ទាប់ពីបានជាប់ការបោះឆ្នោត កាលពីខែមុននេះ។
ទង់ជាតិកូរ៉េខាងជើង

លោកស្រី គី​ម យ៉ូ​ជុង ដែល​ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​និង​បក្ស​កាន់​អំណាច​កូរ៉េ​ខាងជើង​បាន​និយាយ​ថា វា​គឺជា​«​កំហុស​ដ៏​ធំ​មួយ​»​សម្រាប់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​ដែល​បាន​ធ្វើ​សុន្ទរកថា នា​ពេល​ថ្មី​ៗ​នេះ ដោយ​បាន​ពិភាក្សា​ពី​ការ​វាយប្រហារ​លើ​កូរ៉េ​ខាងជើង​។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ KCNA បានឱ្យ​ដឹង​នៅ​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ​។

សូម​រំលឹក​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាងត្បូង​លោក ស៊ូ វូ​ក (Suh Wook) បាន​និយាយ​ពី​ថ្ងៃ​សុក្រ​ថា យោធា​របស់​កូរ៉េ​ខាងត្បូង​មាន​មី​ស៊ី​ល​ជា​ច្រើន​ប្រភេទ ដែល​អាច​បាញ់​បាន​ឆ្ងាយ ត្រឹមត្រូវ និង​ថាមពល​កាន់តែ​ប្រសើរ​ជាង​មុន និង​មាន​«​សមត្ថភាព​បាញ់​បាន​យ៉ាង​ច្បាស់ និង​រហ័ស​ដល់​គោលដៅ​ណាមួយ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​»​។

ប្រទេស​បងប្អូន​កូរ៉េ​ទាំង​២​នេះ បាន​អួត​បង្ហាញ​ពី​កម្លាំងយោធា​របស់​ខ្លួន​កាន់តែ​ខ្លាំង​ឡើង​ក្រោយ​ពី​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល ដែល​មាន​កម្លាំង​ខ្លាំង​ជាង​មុន​នៅ​ក្នុងឆ្នាំនេះ ហើយ​មន្ត្រី​ក្រុង​សេ​អ៊ូ​ល និង​វ៉ា​ស៊ី​ន​តោន​ក៏​បារម្ភ​ដែរ​ថា កូរ៉េ​ខាងជើង​អាច​នឹង​កំពុង​រៀបចំ​បន្ត​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ដ៏​មាន​ឥទ្ធិពល​របស់​ខ្លួន​កាលពី​ពី​ឆ្នាំ​២០១៧​ឡើង​វិញ ចំ​ពេល​ការ​ចរចារ​ជាប់​គាំង​។

លោកស្រី យ៉ូ​ជុង និង​មន្ត្រី​កូរ៉េ​ខាងជើង​ម្នាក់​ទៀត បាន​ចេញ​សេចក្តីថ្លែងការណ៍ ដោយ​ថ្កោលទោស​សុន្ទរកថា​របស់​លោក រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខា​ត្បូង ហើយ​បាន​ព្រមាន​ថា​ទីក្រុង​ព្យុ​ង​យ៉ាង​នឹង​បាញ់​កម្ទេច​គោលដៅ​សំខាន់​ៗ​នៅ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​ប្រសិនបើ​កូរ៉េ​ខាងត្បូង​ចាត់វិធានការ «​យោធា​ដ៏​គ្រោះថ្នាក់​»​ដូច​ជា​ការ​វាយប្រហារ​ទប់ស្កាត់​មុន​ជាដើម​។ 

អ្នកស្រី រ៉ា​ឆែ​ល មីន​យុង លី (Rachel Minyoung Lee) ជា​អ្នកវិភាគ​នៃ​គម្រោង​កូរ៉េ​ខាងជើង​៣៨ (38 North) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក និង​ជា​អ្នក​ឃ្លាំមើល​ស្ថានភាព​នៅ​កូរ៉េ​ខាងជើង​បាន​និយាយ​ថា ការ​រិះគន់​របស់​ថ្នាក់ដឹកនាំ​កូរ៉េ​ខាងជើង ទំនងជា​ចង់​សំដៅ​ទៅ​លើ​ប្រធានាធិបតី​ជាប់​ឆ្នោត​កូរ៉េ​ខាងត្បូង​លោក យ៉ុ​ន ស៊ូ​ក យ៉ែ​ល (Yoon Suk-yeol) ព្រោះ​លោក គឺជា​អ្នក​អំពាវនាវ​ឱ្យ​បង្កើន​កម្លាំង​ការពារ​ជាតិ​បន្ថែម​ទៀត ដើម្បី​ទប់ទល់​នឹង​ការ​គំរាមកំហែង​របស់​កូរ៉េ​ខាងជើង​។

អ្នកវិភាគ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា សុន្ទរកថា​ស្ដី​ពី​ការ​វាយប្រហារ​ទុកជា​មុន​របស់​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាងត្បូង​នេះ បាន​ក្លាយជា​ចំណងជើង​ដ៏​សំខាន់​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ ហើយ​ទីក្រុង​ព្យុ​ង​យ៉ាង​កំពុង​ឆក់​យក​ឱកាស​នេះ ដើម្បី​វាយប្រហារ​ទៅ​លើ​រដ្ឋបាល​កូរ៉េ​ខាងត្បូង​របស់​លោក យ៉ុ​ន ។ «​រហូត​មក​ដល់​ពេល​នេះ កូរ៉េ​ខាងជើង​បាន​មិន​ទាន់​រិះគន់​ចំ​ៗ​ទៅ​លើ​លោក យ៉ុ​ន​ក្នុង​កម្រិត​អាជ្ញាធរ​ណាមួយ​នៅឡើយ​ទេ ប៉ុន្តែ​វា​ហាក់ដូចជា​កំពុង​សម្ងំ​សន្សំ​កម្លាំង​អ៊ីចឹង​»​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នកវិភាគ​។

អ្នកស្រី មីន​យុង លី បាន​បន្ថែម​ថា សេចក្តីថ្លែងការណ៍​នេះ បាន​បង្ហាញ​ថា ទីក្រុង​ព្យុ​ង​យ៉ាង​កំពុង​រៀបចំ​ជា​សាធារណៈ សម្រាប់​ការ​ផ្លាស់​ប្តូរ​ដែល​អាច​កើត​មាន​ណាមួយ​នៅ​ក្នុង​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំង​២​នេះ​នៅ​ពេល​លោក យ៉ុ​ន នឹង​ចូល​កាន់​តំណែង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ថ្មី​នៅ​ក្នុង​ខែឧសភា​៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិបត្តិសេដ្ឋកិច្ចស្រីលង្កា៖ ផ្ទុះបាតុកម្មកាន់តែខ្លាំង ទាមទារប្រធានាធិបតីចុះចេញពីតំណែងក្រោយរដ្ឋមន្ត្រីប្រកាសលាឈប់ជាបន្តបន្ទាប់

ព័ត៌មាន
ហ្វូងមនុស្ស ដែលខឹងសម្បារចំពោះ ប្រធានាធិបតីស្រីលង្កាលោក ហ្គូតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) ដោយបណ្តោយឲ្យវិបត្តិសេដ្ឋកិច្ចកាន់តែ…

អាហ្វ្រិកខាងលិចប្រឈមនឹងវិបត្តិស្បៀងអាហារធ្ងន់ធ្ងរក្នុងប្រវត្តិសាស្ត្រ ដែលជំរុញដោយការកើនឡើងតម្លៃទំនិញ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ព័ត៌មាន
ទីភ្នាក់ងារជំនួយអន្តរជាតិបានបានអះអាងនៅថ្ងៃទី ៥ខែមេសាថា តំបន់អាហ្វ្រិកខាងលិចកំពុងប្រឈមមុខនឹងវិបត្តិស្បៀងអាហារដ៏អាក្រក់បំផុតជាប្រវត្តិសាស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ