យ៉ាងណាក៏ដោយចុះ ជំនាញសង្កេតឃើញថា ម្ចាស់គម្រោងខុនដូបច្ចុប្បន្នហាក់មានភាពបត់បែនខ្ពស់ តាមរយៈការសម្រួលលក្ខខណ្ឌបង់ប្រាក់ និងបញ្ចុះតម្លៃ ដែលធ្វើឲ្យអតិថិជន ដែលចង់វិនិយោគលើវិស័យនេះ មានឱកាសចំណេញខ្ពស់។ អ្នកជំនាញបានគូសបញ្ជាក់ថា ឆ្នាំ២០២២ ជាឆ្នាំដែលវិស័យអចលនទ្រព្យកម្ពុជាពឹងផ្អែកខ្លាំងមែនទែន លើទីផ្សារក្នុងស្រុក ខណៈទីផ្សារក្រៅប្រទេសកំពុងជាប់គាំង។
ការអភិវឌ្ឍន៍គម្រោងថ្មីៗ ក្នុងវិស័យខុនដូនៅកម្ពុជា បានដាំក្បាលចុះយ៉ាងខ្លាំងនៅមួយរយៈចុងក្រោយ បើទោះបីកម្ពុជា បានបើកសកម្មភាពសេដ្ឋកិច្ច សង្គមលើគ្រប់វិស័យឡើងវិញ និងបន្ធូរបន្ថយវិធានការកូវីដ-១៩ សម្រាប់អ្នកដំណើរចូលមកកម្ពុជាក៏ដោយ។ បើតាមការបញ្ជាក់របស់លោក ងួន ឆាយលាង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Pointer នៅក្នុងរយៈពេល៦ខែកន្លងមកនេះពុំមានក្រុមហ៊ុនក្នុងស្រុក ឬក្រៅស្រុកណាមួយបោះទុនវិនិយោគអភិវឌ្ឍន៍លើគម្រោងខុនដូថ្មីៗនៅកម្ពុជានោះទេ។ ប៉ុន្តែលោកកត់សម្គាល់ឃើញថា ចរន្តទិញលក់ក្នុងវិស័យនេះនៅកន្លែងដែលមានសក្តានុពលនៅតែមានការទិញលក់ជារឿងៗ។ ប៉ុន្តែការទិញលក់នេះនៅមានចំនួនតិចតួចនៅឡើយបើធៀបនឹងការទិញលក់ក្នុងវិស័យផ្ទះល្វែង និងអចលនទ្រព្យផ្សេងៗ។
មិនខុសគ្នាពីលោក ងួន ឆាយលាង នោះទេ លោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ PropNex ក៏កត់សម្គាល់ឃើញបែបនេះដែរ ពោលគឺគ្មានគម្រោងខុនដូថ្មីៗត្រូវបានអភិវឌ្ឍន៍ឡើងនោះទេ។ ប៉ុន្តែអ្នកជំនាញរូបនេះសង្កេតឃើញថា ម្ចាស់គម្រោងខុនដូដែលមានស្រាប់នាពេលបច្ចុប្បន្នហាក់មានភាពបត់បែនច្រើនជាងមុន តាមរយៈលក់បញ្ចុះតម្លៃនិងបន្ធូរបន្ថយលក្ខខណ្ឌក្នុងការបង់ប្រាក់ជាដើម ដើម្បីជំរុញការលក់របស់ពួកគេ។ សម្រាប់លោកស្រី អាន សុធីតា ការអនុវត្តបែបនេះ វាជាឱកាសសម្រាប់អតិថិជន ដែលមានបំណងចង់វិនិយោគលើវិស័យនេះ ដ្បិតវាអាចផ្តល់ប្រាក់ចំណេញត្រឡប់ខ្ពស់។
របាយការណ៍សិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE Cambodia បង្ហាញឃើញថា នៅត្រីមាសទី១ឆ្នាំ២០២២ មានគម្រោនខុនដូចំនួន៣ប៉ុណ្ណោះ ដែលបានបញ្ចប់ការសាងសង់ ហើយពុំមានការអភិវឌ្ឍលើគម្រោងខុនដូថ្មីៗនោះទេ។ របាយការណ៍ដដែលបានគូសបញ្ជាក់ថា កត្តាដែលធ្វើឲ្យមានការយឺតយ៉ាវលើការអភិវឌ្ឍន៍គម្រោងខុនដូថ្មីៗ គឺដោយសារទីផ្សារខុនដូកំពុងព្យាយាមស្រូបទាញឲ្យអតិថិជនមកទិញខុនដូដែលមានស្រាប់នៅកម្ពុជា។ តាមការសិក្សាស្រាវជ្រាវរបស់ CBRE នៅឆ្នាំ២០២២ គេរំពឹងថា ខុនដូចំនួន១ម៉ឺន៣ពាន់យូនីតនឹងត្រូវបានផ្គត់ផ្គត់ ខណៈគិតត្រឹមត្រីមាសទី១មានខុនដូតែ៥% ប៉ុណ្ណោះត្រូវបានផ្គត់ផ្គង់៕