លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាយល់ឃើញថា មកទល់ពេលនេះអាជីវកម្មក្នុងវិស័យទេសចរណ៍ទាំងអស់នៅតែត្រូវការការគាំពារពីរាជរដ្ឋាភិបាល ទៅលើគោលការណ៍ច្បាប់ ក្នុងនោះមានទាំងពន្ធប្រចាំខែ និងប្រចាំឆ្នាំជាដើម។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ បច្ចុប្បន្នអ្នករកស៊ីក្នុងវិស័យទេសចរណ៍មួយចំនួននៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ដោយបន្តត្រូវការការគាំពារបន្ថែមទៀតពីស្ថាប័នរបស់រដ្ឋ។ លោក ធួន ស៊ីណាន ជឿជាក់ថា ស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្ន រដ្ឋនឹងបន្តយោគយល់ឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីជួយដល់សហគ្រាសនានានៅក្នុងវិស័យទេសចរណ៍ទូទាំងប្រទេសកម្ពុជា។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាបានចាត់ទុកការលើកទឹកចិត្តរបស់រដ្ឋាភិបាលមកលើសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបថា ជាការបន្ធូរបន្ថយដល់ការចំណាយរបស់ម្ចាស់សហគ្រាសក្នុងវិស័យនេះ ដែលអាចឱ្យពួកគេមានលទ្ធភាពក្នុងការបន្តនិរន្តរភាពសម្រាប់អាជីវកម្មតទៅមុខទៀត។ បើតាមអ្នកជំនាញរូបនេះ នៅក្នុងស្ថានភាពវិស័យទេសចរណ៍បច្ចុប្បន្នមិនទាន់អាចធ្វើឱ្យអាជីវកម្មនៃវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប មានលទ្ធភាពគ្រាប់គ្រាន់ក្នុងការពង្រីកអាជីវកម្មឱ្យអស់លទ្ធភាពនៅឡើយទេ ខណៈវិស័យដ៏សំខាន់នេះនៅទាមទារឱ្យមានការផលិតនូវសេវាកម្ម និងកញ្ចប់ទេសចរណ៍បន្ថែមទៀត ដើម្បីប្រកួតប្រជែងជាមួយបណ្ដាប្រទេសនានា។
គួរបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានសម្រេចផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ក្នុងគោលបំណងស្របតាមវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដើម្បីជួយស្ដារវិស័យទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញ។ សហគ្រាសដែលទទួលបានការលើកទឹកចិត្តនេះរួមមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅខេត្តសៀមរាប។
សហគ្រាសទាំងនេះទទួលបានលើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ វៀរលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅគិតចាប់ពីខែកក្កដា ឆ្នាំ២០២៤ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥ និងលើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៤ ហើយចំពោះប្រាក់រំដោះពន្ធលើប្រាក់ចំណូល ដែល សហគ្រាសបានបង់រួច នឹងត្រូវបានអនុញ្ញាតជាឥណទានពន្ធសម្រាប់កាត់កងជាមួយពន្ធលើប្រាក់ចំណូល ប្រចាំឆ្នាំ២០២៥ ប៉ុន្តែមិនទទួលរងការធ្វើសវនកម្មពន្ធដារសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៤ នោះទេ។
បើតាមក្រសួងសេដ្ឋកិច្ច នៅក្នុងអំឡុងពេលនៃការលើកទឹកចិត្តពន្ធដារ សហគ្រាសជាអ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករដដែល៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ