វិបត្តិថាមពល

អាស៊ាន កំពុងស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងប្រេង ដើម្បីទប់ទល់នឹងវិបត្តិថាមពលសកល


ខណៈដែលអាស៊ាន កំពុងរងគ្រោះពីរលកសង្រ្គាមនៅមជ្ឈិមបូព៌ា មេដឹកនាំកំពូលទាំង១១របស់តំបន់នេះ កំពុងស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងថាមពលក្នុងគោលបំណងធានាសន្តិសុខស្បៀង និងថាមពលក្នុងតំបន់។ ការណ៍នេះត្រូវបានគេមើលឃើញថា ជាការទាញយកមេរៀនពីវិបត្តិនៅមជ្ឈិមបូព៌ា ដើម្បីធានានិរន្តរភាពជីវភាពជូនប្រជាពលរដ្ឋអាស៊ានប្រមាណ៧០០លាននាក់។
វិបត្តិថាមពល
ដោយ

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ មេដឹកនាំអាស៊ាន កំពុងដុតដៃដុតជើង ដើម្បីសម្រេចឱ្យបាននូវយុទ្ធសាស្ត្រសុខដុមនីយកម្មលើសន្តិសុខថាមពល និងស្បៀងអាហារ សម្រាប់តំបន់ ដែលមានទំហំសេដ្ឋកិច្ចសរុបរហូតដល់៣,៨ទ្រីលានដុល្លារមួយនេះ។

លោក ហ្វឺឌីណង់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr) ប្រធានាធិបតីហ្វីលីពីន និងជាប្រធានអាស៊ាន ប្តូរវេនបានថ្លែងនៅព្រឹកថ្ងៃទី៨ ខែឧសភា ថា អាស៊ាន ត្រូវតែបង្ហាញពីសមត្ថភាពក្នុងការឆ្លើយតបដោយឯកភាព និងការតាំងចិត្តដ៏មុតមាំចំពោះបញ្ហាប្រឈមសកល។ លោកបានសង្កត់ធ្ងន់ថា អាស៊ាន ត្រូវតែធានាសន្តិសុខថាមពល និងភាពធន់ក្នុងតំបន់តាមរយៈការបង្កើនការសម្របសម្រួល និងស្វែងរកវិធានការរួមជាក់ស្តែង ដើម្បីការពារស្ថិរភាព នៃការផ្គត់ផ្គង់ថាមពល និងផលប្រយោជន៍ទៅវិញទៅមក។

ដោយឡែកទីភ្នាក់ងារព័ត៌មាន CNA បានរាយការណ៍ថា លោកនាយករដ្ឋមន្ត្រីសិង្ហបុរី ឡូរ៉េន វង្ស (Lawrence Wong) បានអំពាវនាវឱ្យសមភាគីអាស៊ានទាំងអស់ពន្លឿនការអនុម័តលើកិច្ចព្រមព្រៀងសន្តិសុខប្រេងអាស៊ាន។ លោកបានព្រមានថា អាស៊ាន អាចជារដ្ឋរងគ្រោះខ្លាំងបំផុតពីវិបត្តិនៅមជ្ឈិមបូព៌ា ដោយសារការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលពីតំបន់ឈូងសមុទ្រពែក្ស។

នាយករដ្ឋមន្ត្រីសិង្ហបុរី បានបន្ថែមថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យរដ្ឋសមាជិកជួយគ្នាទៅវិញទៅមកលើតម្រូវការប្រេង និងឧស្ម័នក្នុងអំឡុងពេលមានការរំខានដល់ការផ្គត់ផ្គង់។ ទន្ទឹមនឹងនេះ លោក ក៏បានជំរុញឱ្យមានការពន្លឿនការសម្រេចនូវបណ្តាញអគ្គិសនីអាស៊ាន ដែលជាផែនការតភ្ជាប់បណ្តាញអគ្គិសនីរវាងប្រទេសសមាជិក ដើម្បីអនុញ្ញាតឱ្យមានការធ្វើពាណិជ្ជកម្មថាមពលលើស និងចែករំលែកសមត្ថភាពបម្រុងក្នុងគ្រាមានអាសន្នផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើការតភ្ជាប់រវាងសហគ្រាស SME ទៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានសារៈសំខាន់យ៉ាងណាក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល?

តំបន់សេដ្ឋកិច្ចពិសេសបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្មឧស្សាហកម្ម ការទាក់ទាញគម្រោងវិនិយោគថ្មីៗ និងជំរុញកំណើននាំចេញរបស់កម្ពុជា ខ…

តុលាការពាណិជ្ជកម្មអាម៉េរិក ទាត់ចោលពន្ធគយ ១០% របស់លោក ត្រាំ ព្រោះវាជាវិធានការមិនត្រឹមត្រូវ

តុលាការពាណិជ្ជកម្មអាម៉េរិក បានចេញសាលក្រមប្រឆាំងនឹងបទបញ្ជាដាក់ពន្ធគយសកល ១០% របស់ប្រធានាធិបតី ដូណាល់ ត្រាំ។ តុលាការបានរកឃើញថា វិធានការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ