ការនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរនៅតែបន្ដសម្រេចបានកំណើនខ្ពស់នៅ៩ខែឆ្នាំនេះ ដោយមានតម្លៃនាំចេញសរុបជាង១០ពាន់លានដុល្លារ កើនឡើង២៥% បើធៀបនឹងឆ្នាំមុន។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
ដ្បិតថា របាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា បានថាការនាំចេញផលិតផលកាត់ដេរនៅកម្ពុជានៅមានភាពរឹងមាំ និងរក្សាបាននូវកំណើនវិជ្ជមាន ក៏ពិតមែន តែក្រុមអ្នកជំនាញក្នុងឧស្សាហកម្មនេះ បានអះអាងប្រាប់សារព័ត៌មានខេមបូណីមីសនាពេលថ្មីៗនេះថា វិបត្តិកូវីដ-១៩ និងសង្គ្រាមនៅអ៊ុយក្រែន កំពុងបង្កើតជាភាពមិនច្បាស់លាស់ដល់ទីផ្សារបញ្ជាទិញផលិតផលស្បែក និងសម្លៀកបំពាក់កម្ពុជា ជាពិសេសនៅទីផ្សារសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ ជាក់ស្តែងបញ្ហាទាំងនេះ បានធ្វើឲ្យការនាំចេញផលិតផលស្បែកជើងពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិហាក់មានទំនោរធ្លាក់ចុះនៅចុងឆ្នាំនេះ។
ឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានគូសបញ្ជាក់ថា ចាប់ពីឆមាសទី១ ដល់ខែតុលា ទីផ្សារបញ្ជាទិញផលិតផលស្បែកជើងរបស់កម្ពុជាពុំទាន់បង្ហាញសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់នោះទេ ពោលគឺការបញ្ជាទិញនៅតែបន្ដមានទំនោរធ្លាក់ចុះ។ កត្តានេះធ្វើឲ្យ ឧកញ៉ា លី ឃុនថៃ វាយតម្លៃថា ទីផ្សារស្បែកជើងកម្ពុជានឹងអាចធ្លាក់ចុះការបញ្ជាទិញយ៉ាងតិចចន្លោះពី៣០%ទៅ៥០% នៅឆមាសទី២ឆ្នាំ២០២២ បើធៀបនឹងឆមាសទី១។ ការធ្លាក់ចុះនេះ ត្រូវបាន ឧកញ៉ាគូសបញ្ជាក់ថា គឺដោយសារការតម្លៃវត្ថុធាតុដើមនិងទំនិញមានការកើនឡើង គួបផ្សំការដឹកជញ្ជូនមានភាពរអាក់រអួល និងតម្លៃដឹកជញ្ជូនឡើងថ្លៃ និងបញ្ហារំខានដោយសារសង្គ្រាមនៅអ៊ុយក្រែន។ យ៉ាងណាក៏ដោយ ឧកញ៉ា លី ឃុនថៃ នៅតែយល់ថា ដរាបណាបញ្ហានេះនៅបន្តអូសបន្លាយ វានៅតែប៉ះពាល់ដល់ការនាំចេញផលិតផលស្បែកជើងរបស់កម្ពុជា ហើយលោកមើលមិនឃើញនោះទេថា ទីផ្សារនាំចេញស្បែកជើងរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិនៅឆ្នាំ២០២៣ នឹងមានភាពល្អប្រសើរជាងឆ្នាំ២០២២។
ដោយឡែក លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជា ក៏បានមើលឃើញដែរថា បរិមាណបញ្ជាទិញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់នៅឆមាសទី២ឆ្នាំនេះ អាចធ្លាក់ចុះតិចតួចបើធៀបនឹងឆមាសទី១។ យ៉ាងណាក៏ដោយ អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជា ក៏មិនទាន់ហ៊ានវាយតម្លៃពីស្ថានភាពទីផ្សារផលិតផលនេះនៅឆ្នាំ២០២៣ នឹងមានការប្រែប្រួលយ៉ាងណានោះទេ ដោយគ្រាន់តែបញ្ជាក់ថា ទីផ្សារនៅឆ្នាំក្រោយនឹងស្ថិតក្នុងភាពមិនច្បាស់លាស់។
យោងតាមរបាយការណ៍ដែលបង្ហាញដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២ ទំហំនៃការនាំចេញផលិតផលកាត់ដេរ ទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានទឹកប្រាក់ចំនួន ១០ពាន់លានដុល្លារអាមេរិក កើនឡើងជិត២៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ដោយឡែក ទំហំនៃការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរវិញ មានប្រមាណជាង ៤ពាន់លានដុល្លារ កើនឡើង២៤% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១៕