ការនាំចេញទំនិញ

ការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប ភ្នំពេញមានទំហំជិត១,៩ពាន់លានដុល្លារនៅឆ្នាំមុន


នៅពេញមួយឆ្នាំ២០២៤ កន្លងទៅ ការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញមានទំហំរហូតដល់ជិត១ពាន់៩រយលានដុល្លារអាម៉េរិក ដែលជាកំណត់ត្រាថ្មីមួយមិនធ្លាប់មានកន្លងមករបស់តំបន់សេដ្ឋកិច្ចពិសេសនេះ។ ទំហំនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសនេះបានរួមចំណែកប្រមាណ៧%នៃទំហំនាំចេញសរុបរបស់ប្រទេសកម្ពុជា ដែលមានតម្លៃរហូតដល់ជាង២៦ពាន់លានដុល្លារអាម៉េរិក។
ការនាំចេញទំនិញ
ដោយ

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតឡើងតាំងពីឆ្នាំ២០០៦ មួយនេះ ទាក់ទាញក្រុមហ៊ុនវិនិយោគបានចំនួន១១៣មកពី១៥ប្រទេសទូទាំងពិភពលោក និងបានបង្កើតឱកាសការងាររហូតដល់ជាង៤ម៉ឹនកន្លែង។

ទោះបីសេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជាបន្តស្ថិតក្នុងភាពមិនប្រាកដប្រជាយ៉ាងណាក្តី តែការនាំចេញទំនិញរបស់កម្ពុជា ជាពិសេសពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញសម្រេចបានសមិទ្ធផលគួរជាទីមោទន។ ជាក់ស្តែងនៅពេញមួយឆ្នាំ២០២៤ កន្លងទៅ ការនាំចេញនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញមានតម្លៃរហូតដល់ជិត១ពាន់៩រយលានដុល្លារមានការកើនឡើង១៦%បើធៀបនឹងឆ្នាំ២០២៣ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានកន្លងមក។ ទំហំនាំចេញរបស់តំបន់សេដ្ឋកិច្ចពិសេសនេះបានរួមចំណែកប្រមាណ៧% នៃទំហំនាំចេញសរុបរបស់កម្ពុជានៅក្នុងឆ្នាំ២០២៤ ដែលមានតម្លៃរហូតដល់ជាង២៦ពាន់លានដុល្លារអាម៉េរិក។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

បើតាមរបាយការណ៍របស់តំបន់សេដ្ឋកិច្ចពិសេសនេះ នៅក្នុងរយៈពេល៥ឆ្នាំ ពោលគឺពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ ការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេសនេះមានការទ្វេដងពី៣១៦លានដុល្លារដល់៦៨៣លានដុល្លារ។ កាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត ការនាំចេញបានកើនឡើងទ្វេដងម្តងទៀតក្នុងរយៈពេលត្រឹមតែ២ឆ្នាំប៉ុណ្ណោះ ដោយឈានដល់ជាង១ពាន់៦រយលានដុល្លារក្នុងឆ្នាំ២០២៣។

តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានចាត់ទុកសមិទ្ធិផលទាំងអស់នេះជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយជំរុញឱ្យខ្លួនបន្តខិតខំប្រឹងប្រែងផ្តល់នូវទីតាំងវិនិយោគមួយដ៏ល្អសម្រាប់អ្នកវិនិយោគជាតិ និងអន្តរជាតិ។ ទន្ទឹមនេះតំបន់សេដ្ឋកិច្ចពិសេសនេះ ប្តេជ្ញាចិត្តខិតខំប្រឹងប្រែងបង្កើនឱកាសអាជីវកម្ម ដើម្បីរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ និងជំរុញដំណើរឧស្សាហូបនីយកកម្មរបស់ប្រទេសកម្ពុជា។

ដោយមានការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាតត្បាតនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព អ្នកវិនិយោគទាំងអស់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉យ៉ាល់ គ្រុប ភ្នំពេញ នៅតែអាចបន្តប្រតិបត្តិការ និងពង្រីកអាជីវកម្មរបស់ខ្លួនជាលំដាប់។ ជាការកត់សម្គាល់វិស័យសំខាន់ៗទាំងឡាយនៅទូទាំងប្រទេសកំពុងមានការងើបឡើងវិញជាបន្តបន្ទាប់។ ជាមួយគ្នានេះតំបន់សេដ្ឋកិច្ចពិសេសនេះបានបង្ហាញក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានទទួលស្វាគមន៍ក្រុមហ៊ុនថ្មីចំនួន៥បន្ថែមទៀត មកកាន់តំបន់សេដ្ឋកិច្ចពិសេសខ្លួន ដែលបានរួមចំណែកជួយពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់របស់ប្រទេសកម្ពុជា។

គួរបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៦ ជាមួយចក្ខុវិស័យ នៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសឈានមុខគេ សម្រាប់ក្រុមហ៊ុនឧស្សាហកម្មក្នុងវិស័យនានា និងក្នុងការបង្កើតឱកាសការងារជាច្រើនដល់ប្រជាជនកម្ពុជា។ ក្នុងរយៈពេលប្រមាណ១៩ឆ្នាំកន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសនេះបានទទួលការវិនិយោគពីក្រុមហ៊ុនចំនួន១១៣មកពី១៥ប្រទេសជុំវិញសាកលលោក ដែលមានជំនាញក្នុងការផលិតផលិតផល ដែលមានតម្លៃបន្ថែមខ្ពស់ ជាពិសេសនៅក្នុងវិស័យឧបករណ៍អេឡិចត្រូនិច និងអគ្គិសនី ការដំឡើងរថយន្ត និងគ្រឿងបង្គុំរថយន្ត។ ក្រុមហ៊ុនឧស្សាហកម្មទាំងនេះបានបង្កើតឱកាសការងារសម្រាប់ប្រជាជនកម្ពុជាចំនួន៤៧,៨០០នាក់ និងអ្នកជំនាញបរទេសចំនួន៧០០នាក់ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ៕




អត្ថបទបន្ទាប់


សេដ្ឋកិច្ចរបស់មហាយក្សចិន សម្រេចបានកំណើន៥,៤% ក្នុងត្រីមាសទី៤ លើសពីការរំពឹងទុក ដែលធ្វើឱ្យកំណើនក្នុងឆ្នាំ២០២៤ ឈានដល់៥% តាមគោលដៅកំណត់

មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោកសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៥,៤% នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ ដែលលើសពីការរំពឹងទុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ