លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ឱ្យដឹងថា នៅរយៈពេល៥ខែដំបូងឆ្នាំ២០២៣នេះ កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីឆៅចំនួន៥៧ម៉ឺន៦ពាន់តោន ក្នុងនោះនាំចេញទៅកាន់ប្រទេសវៀតណាមមានចំនួន៥៤ម៉ឺន៧ពាន់តោន មានការថយចុះជិត១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដោយគិតជាទឹកប្រាក់មានចំនួនប្រមាណ៧៥០លានដុល្លារ។ ការនាំចេញថយចុះនេះ ត្រូវបានលោក អួន ស៊ីឡុត អះអាងថា គឺដោយសារប្រជាកសិករមួយចំនួន ដែលបានហាលគ្រាប់ស្វាយចន្ទីស្ងួតទុកមិនទាន់បានលក់ចេញទៅកាន់ប្រទេសវៀតណាម ដោយសារតម្លៃគ្រាប់ស្វាយចន្ទីនៅរយៈពេលចុងក្រោយនេះមានការធ្លាក់ចុះ ស្របពេលពួកគេរង់ចាំបញ្ចេញលក់នៅខែសីហាខាងមុខ ដែលអាចទទួលបានតម្លៃខ្ពស់ជាងពេលបច្ចុប្បន្ន ។ បើតាមប្រធានសមាគមរូបនេះ បច្ចុប្បន្នតម្លៃគ្រាប់ស្វាយចន្ទីសើមជាមធ្យមអាចលក់បានក្នុងតម្លៃ ១,៣៨២ដុល្លារក្នុងមួយតោន ដោយឡែកចំពោះគ្រាប់ស្វាយចន្ទីស្ងួតវិញអាចលក់បានក្នុងតម្លៃជាមធ្យម១,៦១០ដុល្លារក្នុងមួយតោន។
សម្រាប់ខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទីបច្ចុប្បន្នវិញ លោក អួន ស៊ីឡុត អះអាងថា រហូតមកដល់ពេលនេះ បញ្ហាប្រឈមមួយចំនួនក្នុងខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទី ហាក់មិនទាន់មានភាពធូរស្បើយនៅឡើយទេ ជាពិសេសទាក់ទងនឹងកត្តាទីផ្សារ និងការកែច្នៃតែម្ដង។ ពោលគឺខាងរោងចក្រសិប្បកម្មកែច្នៃនៅមិនទាន់មានលទ្ធភាពគ្រាប់គ្រាន់ក្នុងការទិញគ្រាប់ស្វាយចន្ទីស្តុកទុកច្រើនបានពេញមួយឆ្នាំសម្រាប់កែច្នៃនោះទេ។ បើទោះបីជាមានការគាំទ្រក្នុងការផ្ដល់កម្ចីសម្រាប់វិស័យនេះរបស់ធនាគាររដ្ឋចំនួន២ក៏ដោយ តែការបញ្ចេញថវិការរបស់ធនាគារទាំង២នេះអាចយឺតពេល និងហួសរដូវកាលសម្រាប់ប្រមូលទិញគ្រាប់ស្តុកទុក។ បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះ បច្ចុប្បន្នកម្ពុជាមានរោងចក្រសិប្បកម្មកែច្នៃស្វាយចន្ទីជាង២០ ប៉ុន្តែមានតែរោងចក្រសិប្បកម្មធំៗចំនួន៣ប៉ុណ្ណោះ ដែលមានលទ្ធភាពគ្រាប់គ្រាន់ក្នុងការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានពេញលេញ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាបច្ចុប្បន្នជាប្រទេសលំដាប់លេខមួយ នៃការផលិតគ្រាប់ស្វាយចន្ទីស្រស់សម្រាប់នាំចេញ ហើយប្រសិនបើកម្ពុជាមានរោងចក្រកែច្នៃស្វាយចន្ទី ដែលអាចឆ្លើយតបនឹងការផលិតគ្រាប់ស្រស់ នោះវានឹងធ្វើឱ្យអ្នកពាក់ព័ន្ធនានានៅក្នុងវិស័យផលិតកម្មស្វាយចន្ទី ជាពិសេសកសិករនឹងទទួលតម្លៃបន្ថែម ដែលធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេកាន់តែប្រសើរឡើងបន្ថែមទៀត។ នេះបើតាមការបញ្ជាក់ពីប្រធានសមាគមស្វាយចន្ទីកម្ពុជា៕