សេចក្តីរាយការណ៍បឋមឱ្យដឹងថា ភ្លើងឆេះព្រៃ និងរលកកំដៅនៅក្នុងពេលនេះ បានឆក់យកជីវិតមនុស្សរាប់រយនាក់រួចមកហើយ ខណៈសាធារណៈជនបានស្តីបន្ទោសលើប្រទេសនានា ដែលមិនខ្វល់ខ្វាយពីការព្រមានរបស់អ្នកវិទ្យាសាស្ត្រ អំពីការកើនឡើងសីតុណ្ហភាពផែនដី និងការប្រែប្រួលអាកាសធាតុ។ អ្នកជំនាញលើកឡើងថា នេះគ្រាន់តែជាមួយចំណែកតូចមួយនៃផលវិបាកនៃការប្រែប្រួលអាកាសធាតុប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
នៅប្រទេសអេស្ប៉ាញ ឧទ្ធម្ភាគចក្របានហោះទម្លាក់ទឹកលើអណ្តាតភ្លើងដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈដែលកំដៅបានកើនលើសពី ៤០អង្សាសេទៅហើយ។ ភ្លើងឆេះព្រៃនៅអេស្ប៉ាញ បង្កការលំបាកដល់ក្រុមអ្នកពន្លត់អគ្គិភ័យ ដោយសារតែទីតាំងព្រៃភ្នំបានធ្វើឱ្យគេពិបាកចូលទៅជិត និងគ្រប់គ្រងការឆេះរាលដាល។
តួលេខនៅប្រទេសព័រទុយហ្គាល់ និងអេស្ប៉ាញបង្ហាញថា មានមនុស្សជាង១ពាន់នាក់ ត្រូវបានគេសន្មត់ថា ស្លាប់ដោយសាររលកកម្តៅក្តៅខ្លាំងពេក នៅរយៈពេលជិតមួយខែមកនេះមកនេះ។
ក្នុងនោះសីតុណ្ហភាពនៅប្រទេសអេស្ប៉ាញបានកើនឡើងដល់ ៤៥,៧អង្សាសេ។ ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសអេស្បាញបានចេញការព្រមានអំពីសីតុណ្ហភាពកើនឡើងខ្លាំង និងបើទោះបីជាគេបានព្យាការណ៍ថាវាអាចស្រុតចុះមកវិញបន្តិចនៅក្នុងសប្តាហ៍នេះក៏ដោយ ក៏វានៅតែស្ថិតក្នុងកំរិតមួយខ្ពស់ដដែល។
ដោយឡែក នៅក្នុងប្រទេសបារាំង អាជ្ញាធរបានឱ្យដឹងកាលពីពេលថ្មីៗនេះថា ភ្លើងឆេះព្រៃបានរាលដាលលើផ្ទៃដីជាង ១ម៉ឺន១ពាន់ហិកតា នៅក្នុងតំបន់ភាគនិរតីនៃទីក្រុង ហ្សឺរ៉ន(Gironde) ហើយមនុស្សជាង ១ម៉ឺន៤ពាន់នាក់ ត្រូវបានជម្លៀសចេញទៅកាន់កន្លែងសុវត្ថិភាព។ បើតាមរបាយការណ៍គិតត្រឹមចុងសប្តាហ៍មុន មានខេត្តចំនួន ៣៨ នៅក្នុងប្រទេសបារាំង ត្រូវបានប្រកាសដាក់ក្នុងការប្រុងប្រយ័ត្នកម្រិតពណ៌លឿងទុំ។ ខណៈនៅថ្ងៃអង្គារសប្តាហ៍នេះ បារាំងបានចេញសេចក្តីជូនដំណឹង កំរិតពណ៌ក្រហម ដែលជាកម្រិតហានិភ័យខ្ពស់បំផុតសម្រាប់តំបន់មួយចំនួនដែលនៅគៀកនឹងព្រៃឈើ ដើម្បីឱ្យអ្នកស្រុក ប្រុងជើងការខ្លាំងបំផុត។ រលកកម្តៅ និងសីតុណ្ហភាពនៅបារាំង មានខ្ពស់រហូតដល់ជាង ៤០អង្សា ហើយនឹងបន្តមានដល់សប្តាហ៍ក្រោយទៀត។
នៅអ៊ីតាលីឯណោះវិញ ទោះមិនបានទាន់មានភ្លើងឆាបឆេះខ្លាំង តែក៏កំពុងរងនូវឥទ្ធិពលក្តៅខ្លាំងបណ្តើរៗដែរ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈអ្នកព្យាកររំពឹងថា សីតុណ្ហភាពនឹងមានលើសពី ៤០អស្សាសេ នៅក្នុងតំបន់ជាច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
គួរជម្រាបថា អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានទាញសញ្ញាអាសន្ន ឲ្យគេប្រយ័ត្នពីគុណភាពខ្យល់ នៅបន្ទាប់ពីពេលមានភ្លើងឆេះព្រៃនេះ។ បើតាមអ្នកជំនាញរបស់ UN ហេតុការណ៍នៅពេលនេះ គឺគ្រាន់តែជាមួយចំណែកតូចមួយនៃផលវិបាក នៃការប្រែប្រួលអាកាសធាតុប៉ុណ្ណោះ។ ពោលគឺមានមហន្តរាយធម្មជាតិ ផ្សេងទៀតនឹងកើតឡើង ប្រសិនបើមនុស្សជាតិ មិនប្តូរឥរិយាបថ បំផ្លិចបំផ្លាញធម្មជាតិទេនោះ។
របាយការណ៍របស់ភ្នាក់ងារបរិស្ថានអង្គការសហប្រជាជាតិចេញផ្សាយកាលពីខែកុម្ភៈបានព្រមានថា មហន្តរាយភ្លើងឆេះព្រៃដ៏កាចសាហវនិងអាក្រក់ខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ ដូចធ្លាប់បានកើតឡើងនៅអូស្ត្រាលីកាលអំឡុងឆ្នាំ២០១៩-២០២០ ឬកាលពីនៅសហរដ្ឋអាមេរិក គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ បន្ថែមលើការឡើងកម្តៅអាកាសធាតុនៃភពផែនដី មហន្តរាយដ៏ខ្លាំងលើសពីនេះទៀត នឹងកើនឡើងកាន់តែច្រើន ពីពេលនេះដល់ចុងសតវត្សរ៍ទី២១៕