ការពង្រីកលើការវិនិយោគជួយអ្នកបង្កើតមាតិកាថ្មីៗរបស់ក្រុមហ៊ុន Facebook នាពេលនេះ គឺធ្វើឡើងចំពេលដែលក្រុមហ៊ុនបណ្ដាញសង្គមយក្សរបស់ចិន TikTok កាន់តែពេញនិយមប្រើប្រាស់កាន់តែខ្លាំងនៅទូទាំងសកលោក ដោយថ្មីៗនេះកម្មវិធីបណ្ដាញសង្គមចិនមួយនេះ ទើបតែបានក្លាយជាកម្មវិធីទូរស័ព្ទដំបូងគេ ដែលមានអ្នកទាញយកទៅប្រើប្រាស់ ឬហៅថា Download ដល់ទៅជាង៣ពាន់លានដង។សម្រាប់ការវិនិយោគតម្លៃ១ពាន់លានដុល្លាររបស់ Facebook លើកនេះត្រូវបានរាប់បញ្ចូល ក្នុងកម្មវិធីផ្តល់ប្រាក់រង្វាន់ដល់អ្នកបង្កើតមាតិកាថ្មីៗ ដែលអាចទាក់ទាញបានអ្នកចូលទស្សនា និងគាំទ្រច្រើនជាងគេ។ ស្របពេលជាមួយគ្នានេះ ថវិកាមួយចំនួនទៀតនឹងត្រូវផ្តល់ជូន ដល់អ្នកដែលមានបំណងចង់បង្កើតមាតិកាដំបូង ប៉ុន្តែខ្វះខាតថវិកាដើម្បីផលិត ក៏ក្រុមហ៊ុន Facebook នឹងធ្វើការឧបត្ថម្ភជាដើមទុនផងដែរ។
គួរកត់សម្គាល់ថា ការបញ្ចេញថវិកាសម្រាប់អ្នកបង្កើតមាតិកានៅលើបណ្តាញ Facebook នេះគឺធ្វើឡើងដើម្បីប្រជែងនឹងក្រុមហ៊ុនបណ្តាញសង្គមផ្សេងៗទៀតរបស់ Google ដូចជា Youtube និង កម្មវិធីវីដេអូខ្លីរបស់ចិន TikTok ដែលក្រុមហ៊ុនទាំងនេះសុទ្ធសឹងតែអនុញ្ញាតឲ្យអ្នកផលិតមាតិកា ឬវីដេអូ អាចរកប្រាក់ពីបណ្តាញសង្គមរបស់ខ្លួនបានទាំងអស់។ជាមួយគ្នានេះ ក្រុមហ៊ុនចិន TikTok ក៏ទើបនឹងបានប្រកាសបន្ថែមការិនិយោគជាង ២ពាន់លានដុល្លារបន្ថែមទៀតសម្រាប់រយៈពេល ៣ឆ្នាំ ដើម្បីគាំទ្រដល់អ្នកផលិតវីដេអូលើបណ្តាញសង្គមរបស់ខ្លួន។
លោក Mark Zuckerberg ស្ថាបិកក្រុមហ៊ុន Facebook បានសរសេរសារខ្លីមួយនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក ដែលមានន័យជាភាសាខ្មែរថា៖ «យើងចង់បង្កើតឲ្យមានមាតិកាល្អៗបំផុត សម្រាប់អ្នកមានភាពច្នៃប្រឌិតរាប់លាននាក់នៅជុំវិញពិភពលោក ដើម្បីឲ្យពួកគេអាចចិញ្ចឹមជីវិតបាន ដូច្នេះយើងកំពុងបង្កើតកម្មវិធីថ្មីមួយ ដោយនឹងវិនិយោគជាង ១ពាន់លានដុល្លារ ដើម្បីផ្តល់រង្វាន់ដល់អ្នកច្នៃប្រឌិតចំពោះមាតិកាល្អៗ ដែលពួកគេបង្កើតនៅលើ Facebook និង Instagram រហូតដល់ចុងឆ្នាំ ២០២២»។
បើតាមស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុក រូបនេះ ការវិនិយោគលើអ្នកច្នៃប្រឌិតមិនមែនជារឿងថ្មីទេហ្វេសប៊ុក ប៉ុន្តែ ក្រុមហ៊ុនបណ្ដាញសង្គមយក្សមួយនេះ នឹងខិតខំពង្រីកការងារនេះ ឱ្យបានទាន់ពេលវេលាក្នុងកាលៈទេសៈដ៏លំបាកនេះ។សូមបញ្ជាក់ថា កម្មវិធីដែលមានអ្នកទាញយកមកប្រើប្រាស់ច្រើនជាងគេក្នុងពិភពលោក រាប់ត្រឹមពាក់កណ្តាលឆ្នាំ ២០២១នេះ គឺមិនមែន Facebook នោះទេ ប៉ុន្តែតំណែងនេះបានទៅលើកម្មវិធី TikTok ជាមួយនឹងការទាញយកមកប្រើប្រាស់ជាង ៣ពាន់លានដង តាមពីក្រោយដោយ Facebook និង Instagram៕