ជាជំហានដំបូង ហ្វេសប៊ុកគ្រោងចេញផ្សាយកម្មវិធីដូចកម្មវិធីទូរទស្សន៍ជាង ២០កម្មវិធី និងបានផ្ដល់ភ្លើងខៀវឲ្យផលិតកម្មវិធីជាច្រើនថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider។
កម្មវិធីដែលហ្វេសប៊ុកគ្រោងនឹងចេញផ្សាយ ចែកចេញជាពីរបែប៖ មួយបែបគឺកម្មវិធីវែងៗដែលចំណាយថវិកាច្រើន និងមួយបែបទៀត គឺកម្មវិធីខ្លីៗពី ៥ ទៅ ១០នាទី ដែលចំណាយលុយតិច និងចេញផ្សាយរៀងរាល់ ២៤ម៉ោងម្ដង។
ហ្វេសប៊ុកមើលឃើញថា វីដេអូគុណភាពល្អគឺជាវត្ថុសំខាន់ក្នុងការរក្សាអ្នកប្រើប្រាស់របស់ខ្លួន ជាពិសេស អ្នកប្រើប្រាស់វ័យក្មេងដែលកាន់តែងាកទៅមើលវីដេអូនៅលើ Snapchat។
ម្យ៉ាងទៀត ការបង្កើតកម្មវិធីវីដេអូនេះ ទំនងជាដើម្បីប្រជែងដណ្ដើមថវិកាផ្សាយពាណិជ្ជកម្មម៉ាកយីហោផលិតផល ដែលពីមុនមក គេចាយទៅលើតែទូរទស្សន៍។
កន្លងមក វីដេអូគ្លីបខ្លីៗដែលចែករំលែកនិងផ្សាយតាមហ្វេសប៊ុក គឺទទួលបានជោគជ័យខ្លាំង ប៉ុន្តែ គេនៅមិនទាន់ប្រាកដទេថា អ្នកប្រើនឹងចូលចិត្តទស្សនាវីដេអូវែងៗនៅលើហ្វេសប៊ុក ឬយ៉ាងណានោះ។
ជាជំហានដំបូង ហ្វេសប៊ុកទំនងជានឹងផ្ដោតលើកម្មវិធីពាក់ព័ន្ធនឹងតារាហូល្លីវូដល្បីៗ និងកម្មវិធីដែលផ្ដោតលើយុវវ័យ។ ទៅថ្ងៃខាងមុខទៀត ស្ថាបនិកហ្វេសប៊ុកថា នឹងផ្ដោតលើកម្មវិធីកីឡាផងដែរ៕