ថាមពល​បៃតង និង​បរិស្ថាន

ទៅ​មើល​កសិដ្ឋាន​ចិញ្ចឹម​គោ​យកទឹក​ដោះមួយ​ ដែល​បំប្លែង​លាមក​គោ​ទៅជា​ឧស្ម័ន​សម្រាប់​រថយន្តដឹកជញ្ជូន​របស់ខ្លួន


ដូច​អាជីវកម្ម​ធំៗ​ជាច្រើន​ដែរ ក្រុមហ៊ុន​ទឹកដោះគោ អាឡា ហ៊្វូដ (Arla Foods) មាន​ផែនការ​ដ៏​មហិច្ឆតា​មួយ​ដើម្បី​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ផ្ទះកញ្ចក់ ហើយ​ក្រុមហ៊ុន​មាន​បំណង​ធ្វើ​ឱ្យអាជីវកម្ម​របស់ខ្លួន​គ្មាន​ឧស្ម័ន​កាបូន​សោះ នៅឆ្នាំ​២០៥០ ។
កសិដ្ឋាន​ចិញ្ចឹម​គោ​យកទឹក​ដោះ ឈ្មោះ Arla Foods​ ​បំប្លែង​លាមក​គោ​ទៅជា​ឧស្ម័ន​សម្រាប់​រថយន្តដឹកជញ្ជូន​របស់ខ្លួន

ប្រហែល ៨៥% នៃ​ការបំភាយ​ឧស្ម័ន​សរុប​របស់​​ក្រុមហ៊ុន អាឡា គឺ​ចេញ​មក​ពី​កសិដ្ឋាន ១ម៉ឺន​កន្លែង​របស់​​ខ្លួន​ ​នៅទូទាំង​ទ្វីប​អឺរ៉ុប ដែល​ជាការរួមបញ្ចូល​គ្នា​នៃ​ឧស្ម័នមេតាន (CH4) និងឌីអាសូត​ម៉ូណូ​អុកស៊ីត (N2O) ដែល​បញ្ចេញ​ពីសត្វគោ​ដោយ​ខ្លួន​ឯង ក៏ដូចជា​ពី​ឥន្ធនៈ​ដែល​ត្រូវការ​សម្រាប់​​ការ​កៀប​យក​ទឹកដោះ និង​​ប្រតិបត្តិការ​​ផ្សេងៗ​​ទៀត ។

ក្រុមហ៊ុន​កសិដ្ឋានចិញ្ចឹម​គោ​យក​ទឹក​ដោះ​នេះ សង្ឃឹម​ថា វិធីមួយ​ក្នុង​ចំណោម​វិធី​ដែល​ខ្លួន​នឹង​សម្រេច​គោលដៅ​ខាងលើ​បាន គឺ​ដោយ​ប្រើ​ធនធាន​មួយ​ដែល​ខ្លួនមាន​ស្រាប់ គឺ​លាមក​គោ​ដែល​ផលិត​ដោយ​គោ​ប្រមាណ​កន្លះ​លាន​ក្បាល នៅ​លើ​កសិដ្ឋាន​ទាំងអស់​របស់ខ្លួន នៅ​ចក្រ​ភពអង់គ្លេស ។

ឥឡូវនេះ ក្រុមហ៊ុន​កំពុង​ធ្វើគម្រោង​សាកល្បង​រយៈពេល ៣ខែ ដោយ​ពិនិត្យ​មើល​លទ្ធភាព​ជោគជ័យ​នៃ​ការបំប្លែង​លាមក​សត្វ​ទៅ​ជា​ឥន្ធនៈ​សម្រាប់​រថយន្ត​ដឹក​ជញ្ជូន​ទឹកដោះគោ​របស់ខ្លួន ដោយ​ធ្វើការ​ជាមួយ​កសិដ្ឋាន​ចំនួន ២ ដើម្បី​ប្រមូលលាមក​គោ​​ដែល​ជា​ធម្មតា​កសិករ​នឹង​យក​ទៅ​ប្រើ​ធ្វើ​ជា​ជី ។

កសិដ្ឋាន​ចិញ្ចឹម​គោ​យកទឹក​ដោះ ឈ្មោះ Arla Foods​ ​បំប្លែង​លាមក​គោ​ទៅជា​ឧស្ម័ន​សម្រាប់​រថយន្តដឹកជញ្ជូន​របស់ខ្លួន

លាមក​គោ​រួមផ្សំ​ជាមួយវត្ថុធាតុដើម​ផ្សេងទៀត ដូចជា កាកសំណល់​អាហារ​ ត្រូវ​បាន​ដាក់​ចូល​ទៅ​ក្នុង​ឡ​ជីវឧស្ម័ន​ដែល​ដើរ​តួ​ដូចជា​ក្រពះគោ​ដែរ ដើម្បី​ផលិត​ហ្គាស​(ឧស្ម័ន) ដែល​បន្ទាប់​មក ត្រូវ​បាន​សម្អាត​និង​បំប្លែង​ទៅជា​​ឥន្ធនៈ​ដែល​ក្រុមហ៊ុនកសិដ្ឋាន អាឡា ប្រើ​ ដើម្បី​ចាក់​ឡាន​ដឹកទំនិញ​ពីរ​គ្រឿង​របស់​ខ្លួន។ លោក Graham Wilkinson នាយក​កសិកម្ម​របស់​ក្រុមហ៊ុន បាន​និយាយ​ថា បច្ចុប្បន្ន​នេះ ក្រុមហ៊ុន អាឡា កំពុង​ដំណើរការ​ការសាកល្បង​ជាមួយនឹង​កសិដ្ឋាន​ចំនួន ២ របស់​ខ្លួន នៅ Buckinghamshire ដែល​ជា​តំបន់​ភាគពាយ័ព្យ​នៃ​ទីក្រុង​ឡុងដ៍ ។

លោក វីលឃីនសុន និយាយ​ប្រាប់​ទូរទស្សន៍ CNBC ដូច្នេះថា “យើង​ប្រមូល​លាមក​គោ​​ពីកសិដ្ឋាន​ចំនួន​ពីរ​ដែល​ជា​ផ្នែក​មួយ​នៃ​ការសាកល្បង… ប៉ុន្តែ យើង​មាន​កសិដ្ឋាន​ចំនួន ២៥០០​កន្លែង (កសិដ្ឋាន​នៅ​ចក្រភព​អង់គ្លេស) ដើម្បី​អាច​ប្រើប្រាស់​បាន​ក្នុង​រយៈពេលវែង ដូច្នេះ​វា​ពិត​ជា​មាន​ឱកាស​ដើម្បី​នឹង​ពង្រីក។ យើង​មាន​លាមក​​គោ​ច្រើន​ណាស់ ។” 

លោក វីលឃីនសុន ដែល​ជា​អ្នក​បើក​យន្តហោះ​នៅ​អង់គ្លេស ធ្វើការងារ​នេះ​បន្ត​ពី​​ការសាកល្បងកាលពី​​ឆ្នាំ២០១៩ នៅក្នុងប្រទេសស៊ុយអែត ដែល​កសិដ្ឋាន​របស់ អាឡា មាន​សក្តានុពល​ក្នុង​ការផលិត​ជីវឥន្ធនៈ​ចំណុះ​ស្មើនឹង ៥៤ លានលីត្រ​នៃ​ម៉ាស៊ូត ។ ការសាកល្បងនោះ​បាន​បង្ហាញ​ថា ការប្រើប្រាស់​រថយន្ត​ដោយ​ចាក់​ជីវ​ឥន្ធនៈ គឺ​អស់​ចំណាយ​ថោក​ជាង​ការប្រើប្រាស់​ប្រេងម៉ាស៊ូត ប៉ុន្តែ រថយន្ត​ដើរ​ដោយ​ជីវឥន្ធនៈ​មាន​តម្លៃ​ថ្លៃ​ជាង​រថយន្ត​ធម្មតា​ច្រើន ។

កសិដ្ឋាន​ចិញ្ចឹម​គោ​យកទឹក​ដោះ ឈ្មោះ Arla Foods​ ​បំប្លែង​លាមក​គោ​ទៅជា​ឧស្ម័ន​សម្រាប់​រថយន្តដឹកជញ្ជូន​របស់ខ្លួន

លោក វីលឃីនសុន បន្ត​ថា "មហិច្ឆិតា គឺ​ត្រូវតែ​ដើរ​លើ​ផ្លូវ​ទៅ​រក​ជីវ​ឥន្ធនៈ​នេះ​ហើយ ពីព្រោះ​វាអាច​ចំណេញ​ផ្នែក​ហិរញ្ញវត្ថុ​ច្រើន​ជាង​ប្រេង​ម៉ាស៊ូត ។ ទោះបីយ៉ាងណា យើង​ក៏​ត្រូវតែ​គិត​រក​អ្វី ផ្សេង​ពី​ប្រេងម៉ាស៊ូត ដដែល​ទេ” ។

"សម្រាប់​ប្រេង​ម៉ាស៊ូត​មួយ​លីត្រ ដែល​យើង​ជំនួស​ដោយ​ជីវឥន្ធនៈ យើង​កាត់​បន្ថយ​ការបំភាយ​ឧស្ម័ន​កាបូន​របស់​យើង​បាន​ប្រហែល ២​គីឡូក្រាម ដូច្នេះ យើង​មាន​លទ្ធផល​វិជ្ជមាន​ទ្វេដង​ទៅ​លើ​ការបំភាយ​ឧស្ម័ន​ ។”

ដំណើរការ​ផលិតកម្ម​អាណារ៉ូប៊ិក (ដែល​មិនត្រូវ​ការអុកស៊ីសែន) ក៏​ផលិតនូវ​សារធាតុមួយ​ហៅ​ថា ជីកំប៉ុស្ត ដែល​កសិករ​អាច​ប្រើ​ជា​ជីធម្មជាតិ​សម្រាប់​ដំណាំបាន ។ ដូច្នេះ ឆ្លងកាត់ដំណើរការ​ប្រតិកម្មគីមី​ដោយមិន​ត្រូវការ​អុកស៊ីសែន លាមក​គោ​នឹង​ផលិត​ចេញទៅជា​ជីវឧស្ម័ន និង​កាក​លាមក​គោក្លាយជា​ជីកំប៉ុស្ត ។ 

លោក វីលឃីនសុន និយាយថា "ដូច្នេះ នៅទី​បញ្ចប់ អ្វី​ដែល​កសិករ​ទទួល​បាន​មក​វិញ គឺ​មាន​តម្លៃ​បន្ថែម​កាន់តែ​ខ្ពស់ ។" នៅទីបំផុត លោក វីលឃីនសុន ចង់​ឈាន​ដល់​ចំណុច​មួយ ដែល​កសិករ​មិន​ចាំបាច់​ប្រើ​ជី​ដែល​ផលិត​ដោយឌីអាសូត​ម៉ូណូ​អុកស៊ីត (N2O) ដែល​បច្ចុប្បន្ន​រួមចំណែក​បង្កើត​ឲ្យ​មាន​ការបំភាយ​ឧស្ម័ន​កាបូនិច ។

ទន្ទឹមនឹងការផ្តល់​អត្ថប្រយោជន៍​ដល់​បរិស្ថាន​និង​កសិករ គោលបំណង​យូរអង្វែង​មួយ​ទៀត គឺ​ដើម្បី​សន្សំ​សំចៃ​ការចំណាយ​នៅក្នុង​ឧស្សាហកម្ម​មួយ ដែល​​តម្លៃ​ទឹកដោះគោ​ដែល​លក់ទៅទីផ្សារ​កាន់តែ​ធ្លាក់ចុះ ។ 

លោក វីលឃីនសុន បញ្ជាក់ថា “តាមរយៈខ្សែ​សង្វាក់​ផ្គត់ផ្គង់​ទាំង​មូល​របស់​យើង យើងកំពុង​ពិនិត្យ​មើល​ដោយ​ឥតឈប់ឈរ​នូវ​របៀបដែលយើង​ធ្វើ​និង​វិធី​ដែល​យើង​អាច​ធ្វើ​ឱ្យ​ងាយ ...ហើយ​សក្តានុពល​ជាមួយនឹង​ការសាកល្បង​ជីវឥន្ធនៈ​នេះ… តើវាអាច​ជា​ឧទាហរណ៍​មួយ​ទៀត​ដែលយើងអាច​កាត់បន្ថយ​ចំណាយ និង​ផ្តល់​ផល​ប្រយោជន៍​ដល់​កសិករ​របស់​យើង ក្នុង​ពេល​តែ​មួយ បានដែរ ឬទេ ?”

ការបំប្លែង​លាមកសត្វ​ទៅជា​ជីវឥន្ធនៈ​មិនមែន​ជា​គំនិត​ថ្មី​សន្លាង​អ្វី​នោះទេ ។ កាលពីខែធ្នូ ឆ្នាំទៅមិញ រោងចក្រ​ផលិត​​ឧស្ម័ន​ធម្មជាតិ​ដែល​កកើតឡើងវិញ​មួយ ដែល​ប្រើ​វត្ថុធាតុដើម​លាមកគោ ពីសត្វគោ ចំនួន ៣៣.០០០ ក្បាល បាន​បើក​នៅរដ្ឋ Oregon ហើយ​នៅ​ឯ​ប្រទេស​អ៊ុយហ្កង់ដា ក្រុមហ៊ុនអ៊ុយហ្កងដា ឈ្មោះ Green Heat International ក៏​កំពុង​បំប្លែង​កាកសំណល់​កសិកម្ម​ទៅ​ជា​ថាមពល​សម្រាប់​ការប្រើប្រាស់នៅតាម​ផ្ទះ នៅក្នុង​ប្រទេស​នេះ ផងដែរ ៕ (ប្រភព៖ CNBC)




អត្ថបទបន្ទាប់


របាយការណ៍​និរន្តរភាព​ឆ្នាំ​២០១៩ របស់​ក្រុមហ៊ុន Smart Axiata ​បង្ហាញ​​ការប្តេជ្ញា​ចំពោះ​ការអភិវឌ្ឍ​ប្រកប​ដោយចីរភាព​​នា​ពេល​អនាគតសម្រាប់​កម្ពុជា

ដោយផ្អែកលើភាពជាអ្នកដឹកនាំផ្នែកនិរន្តរភាពជាង ១០ ឆ្នាំ នៅកម្ពុជា ក្រុមហ៊ុន Smart Axiata នៅថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ ២០២០ បាន​ចេញផ្សាយរប…

បងស្រី​សកម្មជនថៃ​ដែលបាត់​ខ្លួន​ បាន​មកដល់​កម្ពុជាហើយ ដើម្បី​ចូល​បំភ្លឺ​នៅតុលាការ

អ្នកស្រី ស៊ីថានុន សាតសាក់ស៊ីត ដែលជា​បងស្រី​របស់​សកម្មជន​ថៃ​ដែលបាត់ខ្លួន​ខណៈ​កំពុងរស់នៅ​ដោយ​ភៀសខ្លួន​នៅក្រៅប្រទេស គឺ លោក វ៉ាន់ឆាឡឺម ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ