វិស័យកសិកម្ម

កសិករកំពុងមមាញឹកជាមួយការដាំថ្នាំជក់ ក្រោមក្តីរំពឹងទទួលបានតម្លៃល្អប្រសើរដូចឆ្នាំមុន


ផ្ទៃដីដាំថ្នាំជក់នៅក្នុងខេត្តត្បូងឃ្មុំ នៅឆ្នាំនេះ មានការកើនឡើងជាង៣០០ហិកតា បើធៀបនឹងឆ្នាំមុន បន្ទាប់ពីតម្លៃថ្នាំជក់មានការកើនឡើង ដែលបានផ្តល់ប្រាក់ចំណេញគួរសមដល់កសិករ។ ថ្នាំជក់កាលពីឆ្នាំមុនត្រូវបានឈ្មួញទិញក្នុងតម្លៃចន្លោះពីជាង១ម៉ឺនរៀលទៅ២ម៉ឺនរៀលក្នុង១គីឡូក្រាម។ កសិករដាំថ្នាំជក់សង្ឃឹមថា ទីផ្សារថ្នាំជក់នឹងមានស្ថិរភាពល្អប្រសើរដូចឆ្នាំមុន ខណៈបច្ចុប្បន្នមានឈ្មួញកក់ប្រាក់ទទួលទិញក្នុងតម្លៃខ្ពស់ជាងឆ្នាំមុនៗ។
វិស័យកសិកម្ម
ដោយ

លោក ឃាង ណាត កសិករម្នាក់នៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ដែលដាំថ្នាំជក់ជិត១ម៉ឺនកូន សង្កេតឃើញថា នៅឆ្នាំនេះមានពលរដ្ឋជាច្រើនគ្រួសារបានដាំថ្នាំជក់ បន្ទាប់ពីថ្នាំជក់ក្នុងរដូវប្រមូលផលលើកមុនលក់បានតម្លៃខ្ពស់ ដែលអាចផ្តល់ប្រាក់ចំណេញសមរម្យដល់ពួកគេ។ បើតាមការអះអាងរបស់កសិកររូបនេះ នៅឆ្នាំមុនថ្នាំជក់របស់លោកលក់បានក្នុងតម្លៃជាង២ម៉ឺនរៀលក្នុង១គីឡូក្រាម ជាតម្លៃមួយខ្ពស់ ដែលអាចផ្តល់ប្រាក់ចំណេញដល់លោកគួរសម។ អ្នកដាំថ្នាំជក់រូបនេះបានគូសបញ្ជាក់ថា ការដាំថ្នាំជក់របស់កសិករមួយចំនួននៅឆ្នាំនេះមានការលូតលាស់ល្អ តែការដាំដុះរបស់កសិករមួយចំនួនហាក់មិនសូវមានការលូតលាស់ល្អនោះទេ ដោយសារតែបញ្ហាដី និងបញ្ហាបច្ចេកទេសនៃការថែទាំ ខណៈការប្រមូលផលថ្នាំជក់នឹងធ្វើឡើងក្នុងរយៈពេលចាប់ពី៣ឡើងទៅ បន្ទាប់ពីការដាំ។

​ដោយឡែក កសិករដាំថ្នាំជក់ម្នាក់ទៀតនៅឃុំរការខ្នុរ ដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា នៅឆ្នាំនេះអ្នកស្រីបានដាំថ្នាំជក់ប្រមាណ៣ម៉ឺនដើម ដែលនឹងត្រូវប្រមូលផលក្នុងពេលឆាប់ៗខាងមុខនេះ។ បើតាមកសិកររូបនេះ បច្ចុប្បន្នឈ្មួញចាប់ផ្ដើមកក់ប្រាក់ប្រមូលទិញថ្នាំជក់ជាបណ្ដើរៗហើយ ជាមួយការផ្តល់តម្លៃសមសម្យ ហើយអ្នកស្រីសង្ឃឹមថា ថ្នាំជក់នឹងមានទីផ្សារល្អប្រសើរនៅដើមឆ្នាំ២០២៥ ខាងមុខ។ ទន្ទឹមនេះ អ្នកដាំថ្នាំជក់រូបនេះ អះអាងថា ភាពល្អប្រសើរនៃទីផ្សារថ្នាំជក់កាលពីឆ្នាំមុនបានជួយឱ្យកសិករជាច្រើនរស់នៅក្នុងឃុំរការខ្នុរ ខេត្តត្បូងឃ្មុំ ទទួលបានប្រាក់ចំណេញ និងមានជីវភាពសមរម្យ។

​ជាមួយគ្នានេះ អ្នកស្រី លីម សុខេង អនុប្រធានភូមិរការខ្នុរ បានឱ្យដឹងថា មកទល់ពេលនេះចម្ការថ្នាំជក់របស់កសិករពុំទាន់មានការខូចខាតគួរឱ្យកត់សម្គាល់នោះទេ ខណៈការខូចខាតនឹងដឹងនៅពេលគេគ្រៀវដើមរួច។ បើតាមអនុប្រធានភូមិរូបនេះ នៅក្នុងឆ្នាំនេះ មានពលរដ្ឋក្នុងមូលដ្ឋានប្រមាណ៩៥%បានប្រកបរបរដាំថ្នាំជក់ ខណៈទីផ្សារកាលពីឆ្នាំមុនត្រូវបានឈ្មួញទិញក្នុងតម្លៃសមរម្យ និងជួយសម្រួលជីវភាពរបស់ពលរដ្ឋបានមួយចំនួនផងដែរ។

​ពាក់ព័ន្ធការដាំថ្នាំជក់នេះដែរ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឱ្យដឹងថា នៅឆ្នាំនេះផ្ទៃដីដាំដុះថ្នាំជក់ក្នុងខេត្តត្បូងឃ្មុំ មានប្រមាណ១,៦៨៥ហិកតា មានការកើនឡើងប្រមាណ៣៣៥ហិកតា បើធៀបនឹងឆ្នាំមុន។ ក្នុងនោះគ្រាន់តែក្នុងស្រុកក្រូចឆ្មារមានផ្ទៃដីដាំដុះថ្នាំជក់រហូតដល់១,៤១០ហិកតា និងស្រុកត្បូងឃ្មុំ មានចំនួន២៧៥ហិកតា ដោយស្មើនឹង១,៦០០គ្រួសារ។ ការកើនឡើងផ្ទៃដីដាំដុះថ្នាំជក់នេះ ត្រូវបានអ្នកជំនាញកសិកម្មរូបនេះអះអាងថា ដោយសារតែតម្លៃនៅលើទីផ្សារកាលពីឆ្នាំមុនមានភាពល្អប្រសើរ។ ប្រធានមន្ទីររូបនេះបានវាយតម្លៃថា ការដាំដុះថ្នាំជក់នៅឆ្នាំនេះមានការលូតលាស់ល្អ ហើយមន្រ្តីជំនាញកសិកម្មខេត្តបានចុះប្រជុំណែនាំលើការគ្រប់គ្រងបច្ចេកទេសដល់កសិករផងដែរ។ ទន្ទឹមនេះលោក ហេង ពិសិដ្ឋ បានណែនាំដល់កសិករត្រូវរួមគ្នាចងក្រងជាសហគមន៍កសិកម្ម ព្រោះការរួមគ្នាជាសហគមន៍នេះនឹងធ្វើឱ្យកសិករទទួលបានប្រាក់ចំណេញថែមមួយកម្រិតទៀតផងដែរ។

​បើតាមការលើកឡើងរបស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ទីផ្សារថ្នាំជក់នៅខេត្តត្បូងឃ្មុំ នៅឆ្នាំនេះហាក់មានភាពល្អប្រសើរ ដោយក្នុងនោះថ្នាំកាតាប មានតម្លៃចន្លោះពី១ម៉ឺនរៀលដល់១ម៉ឺន២ពាន់រៀល និងថ្នាំខ្មែរ (ថ្នាំខ្លាំង) មានតម្លៃ២ម៉ឺនរៀលក្នុង១គីឡូក្រាម។ ទីផ្សារសំខាន់សម្រាប់ការនាំចេញមានដូចជា ប្រទេសវៀតណាម ដោយបានស្រូបទាញថ្នាំជក់កម្ពុជា ចន្លោះពី៧០%ទៅ៨០% ប្រទេសចិន ចន្លោះពី២% ទៅ៥% និងទីផ្សារក្នុងស្រុកចន្លោះពី២០% ទៅ២៥%៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះទាញទម្លាក់ការជួញដូរភាគហ៊ុននៅកម្ពុជា ឱ្យធ្លាក់ចុះជិត៥០% នៅឆ្នាំ២០២៤នេះ?

ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា (CSX) បានវាយតម្លៃថា ទាំងទំហំជួញដូរ និងតម្លៃភាគហ៊ុនដែលបានជួញដូរនៅផ្សារមូលបត្រកម្ពុជា ក្នុងឆ្នាំ២០២៤នេះ ម…

មនុស្សយ៉ាងតិចចំនួន១២៤នាក់ បានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនៅកូរ៉េខាងត្បូង

ទីភ្នាក់ងារពន្លត់អគ្គិភ័យជាតិ កូរ៉េខាងត្បូង បានអះអាងថា យន្តហោះដឹកអ្នកដំណើររបស់កូរ៉េខាងត្បូងមួយគ្រឿង ដែលដឹកមនុស្សសរុបចំនួន១៨១នាក់ បានប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ