មៀនប៉ៃលិន

កសិកររំពឹងថា មៀនប៉ៃលិននឹងមិនជួបបញ្ហាទីផ្សារដូចឆ្នាំមុនទេ


ក្រុមកសិករដែលដាំមៀនប៉ៃលិន បានបង្ហាញក្ដីរំពឹងថា នៅពេលមៀនប៉ៃលិន អាចនាំចេញទៅកាន់ទីផ្សារចិន ផ្លែមៀនខ្មែរនឹងមិនប្រឈមបញ្ហាកកស្ទះ ដូចមុននោះទេ ថែមទាំងអាចមានតម្លៃប្រសើរជាងបច្ចុប្បន្ន ផងដែរ ខណៈកាលពីមិនទាន់ជួបបញ្ហាទីផ្សារ ផ្លែមៀនប៉ៃលិន អាចលក់បានជាមធ្យម ២ពាន់៥រយរៀល ក្នុង១គីឡូក្រាម ក៏ប៉ុន្តែ សព្វថ្ងៃ ផ្លែមៀនប៉ៃលិន មិនសូវមានទីផ្សារនោះទេ ក្រៅពីការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
កសិករដាំមៀនប៉ៃលិននៅឆ្នាំនេះព្រួយបារម្ភខ្លាំង ព្រោះដាំបានផលហើយតែគ្មានទីផ្សារ

កសិករ​មានការ​រំពឹង​ទុក​យ៉ាង​ដូច្នេះ នៅ​ក្រោយ​ពេល​ដែល​ពួក​គាត់​បានដឹង​ថា ដំណើរការ​នៃ​ការ​នាំ​ចេញ​មៀន​ប៉ៃលិន​កម្ពុជា ទៅ​កាន់​ប្រទេស​ចិន បាន​ចូល​ជា​ធរមាន​ហើយ កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២២ ខណៈ​ដែល​ខាង​ក្រសួង​ក៏​បាន​អំពាវនាវ​ឲ្យ​ម្ចាស់​ចម្ការ​មៀន ទៅ​ចុះបញ្ជី​ដើម្បី​អាច​ធ្វើការ​នាំ​ចេញ​មៀន​ដោយ​ត្រង់​ទៅ​កាន់​ទីផ្សារ​ចិន​ផង​ដែរ​។ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ដែល​បាន​ចុះ​នៅ​ថ្ងៃ​ទី ២៥ ខែមីនា ឆ្នាំ​២០២២​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២២ បាន​គូសបញ្ជាក់​ដូច្នេះ ពិធីសារ​ស្ដី​ពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​នាំ​ចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា ទៅ​កាន់​ប្រទេស​ចិន ត្រូវ​បាន​ចូល​ជា​ធរមាន កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២២ ថ្មី​ៗ​នេះ​។ មន្ត្រី​កសិកម្ម សហគមន៍​មៀន​ប៉ៃលិន និង​កសិករ សុទ្ធតែ​បាន​បង្ហាញ​ការ​សាទរ​យ៉ាង​ពេញទំហឹង ចំពោះ​ការ​សម្រេច​របស់​ភាគី​ចិន​ដែល​អនុញ្ញាត​ឲ្យ​កម្ពុជា អាច​នាំ​ចេញ​ផ្លែ​មៀន​ទៅ​កាន់​ទីផ្សារ​របស់​ខ្លួន​។ លោក សាយ សុ​ផាត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ខេត្ត​ប៉ៃលិន បាន​គូសបញ្ជាក់​ថា កសិករ​ក្នុង​ខេត្ត​បៃ​លិ​ន​បាន​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​នាំ​ចេញ​មៀន​ប៉ៃលិន ទៅ​ទីផ្សារ​ប្រទេស​ចិន ហើយ​លោក​សង្ឃឹមថា មៀន​ប៉ៃលិន នឹង​មាន​ទីផ្សារ​ឡើង​វិញ បន្ទាប់​ពី​បាន​ជួប​បញ្ហា​ទីផ្សារ​កាលពី​កន្លង​មក​។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន លោក សាយ សុ​ផាត បាន​បន្ថែម​ថា ខេត្ត​ប៉ែ​លិ​ន មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​មៀន ជិត​៤​ពាន់​ហិ​កតា និង​មាន​សមត្ថភាព​ផលិត​ផ្លែ​មៀន បាន​ប្រមាណ ២​ម៉ឺន ទៅ ៣​ម៉ឺន​តោន ក្នុង​មួយ​ឆ្នាំ​។ បន្ថែម​លើ​នេះ លោក​ក៏​បាន​សង្កត់ធ្ងន់​ទៀត​ថា កន្លង​មក ការ​នាំ​ចេញ​មៀន​ប៉ៃលិន កម្ពុជា គឺជា​ការ​នាំ​ចេញ​ក្រៅផ្លូវការ ទៅ​កាន់​ប្រទេស​ថៃ ប្រទេស​វៀតណាម ជាដើម និង​មួយ​ចំនួន​ទៀត​បាន​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។ ក៏​ប៉ុន្តែ បើ​ទោះជា​បែប​នេះ​ក្ដី លោក សុ​ផាត ក៏​បាន​បញ្ជាក់​ដែរ​ថា ចាប់ពី​មានការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វី​ដ​១៩ ការ​នាំ​ចេញ​មៀន​ប៉ៃលិន​ទៅ​កាន់​ប្រទេស​ជិតខាង​ក៏​មិន​អាច​ធ្វើ​ទៅ​បាន ដែល​បាន​ធ្វើ​ឲ្យ​ផ្លែ​មៀននៅ​តាម​បណ្ដា​ខេត្ត ដូច​ជា ខេត្តបាត់ដំបង ប៉ៃលិន និង​បន្ទាយ​មាន​ជ័យ ត្រូវ​កកស្ទះ និង​ខ្វះ​ទីផ្សារ​។

លោក សួ​ស ស៊ី​យ៉ា​ត ប្រធាន​សហគមន៍​មៀន​ប៉ៃលិន បាន​គូសបញ្ជាក់​ដូច្នេះ ដំណើរការ​នាំ​ចេញ​មៀន​ប៉ៃលិន​ទៅ​ប្រទេស​ចិន មិនមែន​ជា​ការ​ងាយស្រួល​នោះ​ទេ ក៏​ប៉ុន្តែ ក្នុង​នាម​លោក​ជា​ប្រធាន​សហគមន៍ រួម​ទាំង​កសិករ​ដទៃ​សាទរ នៅ​ពេល​ប្រទេស​ចិន បើកភ្លើង​ខៀវ​ឲ្យ​កម្ពុជា នាំ​ចេញ​មៀន​ប៉ៃលិន​។ បើ​តាម​លោក សួ​ស ស៊ី​យ៉ា​ត បន្ទាប់​ពី​មៀន​ប៉ៃលិន មិន​អាច​នាំ​ចេញ​ទៅ​ប្រទេស​ថៃ ផ្លែ​មៀន​របស់​កសិករ មិន​មាន​ទីផ្សារ​នោះ​ទេ ខណៈ​តម្រូវការ​ក្នុងស្រុក​មាន​តិចតួច​ប៉ុណ្ណោះ​។ លោក​បន្ត​ថា កសិករ​ខ្មែរ នឹង​មិន​បារម្ភ​ពី​ទីផ្សារ​មៀន​ប៉ៃលិន​ទៀត​នោះ នៅ​ពេល​ដល់​រដូវ​ប្រមូល​ផល​លើក​ក្រោយ​នៅ​ពេល​មៀន​អាច​នាំ​ចេញ​ទៅ​ចិន​បាន ខណៈ​ពេល​នេះ ចម្ការ​មៀន​របស់​កសិករ​ទើប​ចេញ​ផ្កា​ជា​បណ្ដើ​ៗ​ប៉ុណ្ណោះ​។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​នៃ​ការ​នាំ​ចេញ​មៀន​ទៅ​ចិន​បាន​ចូល​ជា​ធរមាន ក្រសួងកសិកម្ម ក៏​បាន​អំពាវនាវ​ដល់​ម្ចាស់​ចម្ការ សហគមន៍​មៀន​ប៉ៃលិន និង​ម្ចាស់​រោងចក្រ​វេច​ខ្ចប់ ដែល​មាន​បំណង​ផលិត​និង​កែ​ច្នៃ​វេច​ខ្ចប់ នាំ​ចេញ​ផ្លែ​មៀន​ស្រស់​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន រួសរាន់​ដាក់​ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​ចម្ការ និង​រោងចក្រ​កែ​ច្នៃ​វេច​ខ្ចប់ នាំ​ចេញ​ផ្លែ​មៀន​ស្រស់​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន នៅ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ដើម្បី​បំពេញ​នូវ​លក្ខខណ្ឌ​តម្រូវ​សម្រាប់​នាំ​ចេញ​៕

None



អត្ថបទបន្ទាប់


GDP របស់វៀតណាមកើនឡើងក្នុងរង្វង់ ៥% នៅត្រីមាសទី១ឆ្នាំ ២០២២

ការិយាល័យស្ថិតិទូទៅវៀតណាមបានឱ្យដឹងនៅថ្ងៃអង្គារនេះថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានកើនឡើងក្នុងរង្វង់៥% នៅក្នុងត្រីមាសទី ១ ឆ្នាំ២០២២ បើធៀបន…

ទីក្រុងសៀងហៃនឹងកាត់បន្ថយពន្ធសរុប ២២ពាន់លានដុល្លារ សម្រាប់អាជីវកម្មរង ប៉ះពាល់ដោយសារកូវីដ១៩

ក្នុងកាលៈទេសៈនេះ ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ដ៏ខ្លាំងក្លា ទីក្រុងសៀងហៃ គ្រោងនឹងដាក់ចេញនូវគោលនយោបាយដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចក្នុងស្រុករបស់ខ្លួ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ