
ជាមួយគ្នានេះ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានឱ្យដឹងថា បច្ចុប្បន្ននេះរដ្ឋាភិបាល ក៏ដូចជាភាគីពាក់ព័ន្ធកំពុងយកចិត្តទុកដាក់រៀបចំជួយបង្វែរទីផ្សារពោតក្រហមដល់កសិករ។
លោក សុខ វិន ប្រធានសហគមន៍តាសែន និងជាកសិករដាំពោតក្រហមនៅខេត្តបាត់ដំបង បានអះអាងថា លោក និងកសិករដាំពោតក្រហមឯទៀតកំពុងមានការព្រួយបារម្ភពីផ្សារពោតនៅឆ្នាំនេះ ក្រោយក្រុមយោធាថៃ បានបិទច្រកព្រំដែនទាំងស្រុងជាមួយកម្ពុជា ជាឯកតោភាគី។ ការបង្ហាញការព្រួយបារម្ភនេះ ក៏ដោយសារមកទល់ពេលនេះពួកគេមិនទាន់បានដឹងពីផ្សារនាំចេញពោតច្បាស់លាល់នៅឡើយទេ ស្របពេលការប្រមូលផលកាន់តែខិតជិតចូលមកដល់ ខណៈកន្លងមកពោតរបស់ពួកគេត្រូវបានឈ្មួញទិញនាំចេញទៅកាន់ទីផ្សារថៃ។ បើតាមការអះអាងរបស់កសិកររូបនេះ នៅដើមរដូវប្រមូលផលនៅឆ្នាំនេះ ពោតក្រហមស្រស់អាចលក់បានតម្លៃ៤៥០រៀលក្នុង១គីឡូក្រាម ដោយកាលពីឆ្នាំមុនអាចលក់បានចន្លោះពី៦៥០រៀលទៅ៧០០រៀលក្នុង១គីឡូក្រាមឯណោះ។
មិនខុសគ្នាពីកសិករខាងលើនោះទេ លោកស្រី ឯក សេងហុង កសិករដាំពោតក្រហមម្នាក់នៅខេត្តបាត់ដំបងម្នាក់ដែរនោះ ក៏បានបង្ហាញពីក្តីបារម្ភចំពោះទីផ្សារពោតនៅឆ្នាំនេះផងដែរ ក្រោយឈ្មួញដែលធ្លាប់ទិញពោតលោកស្រីសម្រាប់នាំចេញទៅថៃ មិនអាចនាំចេញបាន។ ជាមួយគ្នានេះ លោកស្រី ស្នើឱ្យរាជរដ្ឋាភិបាលជួយស្វែងរកទីផ្សារថ្មីជំនួសឱ្យទីផ្សារថៃ សម្រាប់ពោតក្រហមរបស់លោកស្រី និងកសិករដទៃទៀតផងដែរ។
ពាក់ព័ន្ធគ្នានេះដែរ លោក អ៊ិន សុវណ្ណមុនី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានខេមបូណូមីសថា បច្ចុប្បន្ននៅក្នុងខេត្តដំបង មិនទាន់ដល់រដូវប្រមូលផលពោតក្រហមនៅឡើយទេ ដោយការប្រមូលផលអាចធ្វើឡើងនៅក្នុងខែកក្កដា និងសីហា ខាងមុខនេះ។ បើតាមអនុប្រធានមន្ទីររូបនេះ បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់សិក្សារៀបចំផែនការ ធ្វើយ៉ាងណាជួយបង្វែរទីផ្សារពោតក្រហមរបស់កសិករនៅឆ្នាំនេះឱ្យបានទាន់ពេលវេលា។
ក្រៅពីស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជួយរកទីផ្សារ ក្រុមកសិករ ក៏បានសំណូមពរដល់បណ្ដាលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាជួយទិញពោត និងរកទីផ្សារពោតដល់ពួកគេផងដែរ។
គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ ថៃ បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើការទិញពោតក្រហមចំនួន១០ម៉ឺនតោនពីកម្ពុជា ក្នុងមួយឆ្នាំ នាំចូលទៅប្រទេសថៃ ដូច្នេះការបិទច្រកព្រំដែនជាឯកតោភាគីពីយោធាថៃ កំពុងគំរាមកំហែងដល់ការប្រមូលផលពោតក្រហមរបស់កសិករនៅក្នុងខេត្តបាត់ដំបង៕
អត្ថបទ៖ ជា ម៉ារ៉ា