លោក អុំ សុភា ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម សាមគ្គីតំបែរ និងជាកសិករដាំស្វាយមួយរូបនៅខេត្តត្បូងឃ្មុំ បានប្រាប់ខេមបូណូមីសថា មកទល់ពេលនេះ ស្វាយតាមរដូវបានខ្សត់ស្ទើលែងមានទៅហើយ ហើយឈ្មួញបានចុះប្រមូលទិញយកទាំងអស់ដោយមិនរើសទំហំដូចមុនឡើយ។ ស្របស្វាយមានទីផ្សារល្អ និងទទួលបានតម្លៃខ្ពស់ផងនោះ បានជំរុញឱ្យម្ចាស់ចម្ការស្វាយនានា ចាប់ផ្ដើមផលិតស្វាយខុសរដូវវគ្គទី១ ដែលអាចនឹងប្រមូលផលបាននៅអំឡុងខែតុលា ឬខែវិច្ឆិកា ខាងមុខ ខណៈបញ្ហាអាកាសធាតុពុំទាន់បង្កផលប៉ះពាល់ធ្ងន់ធ្ងរណាមួយមកលើដំណាំស្វាយនៅឡើយទេ។ នេះបើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំសហគមន៍រូបនេះ។
ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម សាមគ្គីតំបែរ ហាក់ពុំមានការបារម្ភចំពោះបញ្ហាអាកាសធាតុក្នុងការធ្វើឱ្យប៉ះពាល់ដល់ដំណើរការផលិតស្វាយខុសរដូវប៉ុន្មាននោះទេ ដ្បិតការចាប់ផ្ដើមផលិតនៅក្នុងអំឡុងខែឧសភានេះ គឺជាពេលវេលាល្អ តែប្រសិនបើពេលខាងមុខមានភ្លៀងធ្លាក់ខ្លាំងពេក គឺអាចប៉ះពាល់ខ្លះៗ ដោយសារកសិករត្រូវចំណាយថ្លៃដើមខ្ពស់ជាងមុន។
ជុំវិញស្ថានភាពទីផ្សារផ្លែស្វាយវិញត្រូវបានលោក ម៉ិញ លី ដែលជាអ្នកប្រមូលទិញផ្លែស្វាយម្នាក់បានឱ្យដឹងថា បច្ចុប្បន្នផ្លែស្វាយមានតម្លៃជាង៩០០រៀល ក្នុង១គីឡូក្រាម ប្រសិនបើដឹកជញ្ជូនដល់រោងចក្រ។ បើតាមឈ្មួញរូបនេះ ទោះបីបច្ចុប្បន្នស្វាយតាមរដូវហាក់ខ្សត់បន្តិចមែន ប៉ុន្តែសកម្មភាពនៅតាមរោងចក្រកែច្នៃនៅតែទិញបានក្នុង១ថ្ងៃចាប់ពី៤០ ទៅ៥០តោន ជាប់ជាប្រចាំ។
បើតាមអ្នកជំនួញស្វាយរូបនេះ ទីផ្សារស្វាយតែងឡើងថ្លៃពីជាង១ពាន់រៀល ដល់ជាង២ពាន់រៀលក្នុង១គីឡូក្រាម ចាប់ពីចន្លោះ ខែមិថុនា រហូតដល់ខែតុលា ខណៈការផលិតនាអំឡុងពេលនេះទទួលផលចំណេញខ្ពស់ជាងស្វាយតាមរដូវ៕
អត្ថបទ៖ បូ ដូឡា