លោកឧកញ៉ា តែ តាំងប៉រ ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានថ្លែងបញ្ជាក់ទៀតថា ធនាគារសហគ្រាសធនតូច និងមធ្យមកម្ពុជាគួរតែឲ្យធនាគារទាំង ៣៣ ដែលជាដៃគូសហប្រតិបត្តិការក្នុងការផ្តល់ប្រាក់កម្ចីសម្រាប់សហគ្រាសធុនតូច និងមធ្យមទទួលយកទ្រព្យបញ្ចាំប្លង់អចលនទ្រព្យផ្សេងៗនៅតាមបណ្តាខេត្ត ក្រៅពីប្លង់ដែលពួកគាត់បានជាប់ជាមួយនឹងធនាគារផ្សេងកន្លងមក។
ប្រធានសម្ព័ន្ធ SME បន្ថែមថា ធនាគារដែលជាដៃគូគួតែពិចារណាទទួលយកឡើងវិញចំពោះទ្រព្យបញ្ចាំនានាដូចជាប្លង់អចលនទ្រព្យ ដែលមានកម្មសិទ្ធិស្របច្បាប់ត្រឹមត្រូវ ដែលនិតិវិធីនេះ រំពឹងថា នឹងជួយជំរុញឲ្យដំណើរការបញ្ចេញប្រាក់កម្ចីរបស់រដ្ឋាភិបាលទៅដល់ដៃរបស់សហគ្រាសក្នុងស្រុកបានកាន់តែច្រើន ដែលនឹងធ្វើឲ្យផលិតកម្មក្នុងស្រុកកើនឡើងដូចគ្នាផងដែរ។
សូមជម្រាបថា គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ត្រូវបានបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីដើមខែមេសា ក្នុងគោលបំណងផ្តល់ឥណទានមានការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព រួមមានផ្នែកកម្មន្តសាល និងសិប្បកម្ម។ មូលនិធិក្រោមគម្រោងសហហិរញ្ញប្បទាននេះ មានទំហំទឹកប្រាក់ ១០០លានដុល្លារ និងមានដៃគូសហការបញ្ចេញប្រាក់កម្ចី គឺគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុចំនួន ៣៣ ក្នុងនោះរួមមាន ធនាគារពាណិជ្ជចំនួន ២៣ ធនាគារឯកទេស ៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ចំនួន៥ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន២។
កាលពីចុងខែមិថុនាកន្លងមកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានគូសបញ្ជាប់ប្រាប់សារព័ត៌មានក្នុងស្រុកថា គិតត្រឹមថ្ងៃទី២៣ ខែមិថុនាធនាគារSMEមួយនេះ ទទួលបានសំណើសុំឥណទានចំនួន ១៩ សំណើ ដែលបានស្នើសុំកម្ចីពីស្ថាប័នហិរញ្ញវត្ថុដែលចូលរួមចំនួន ១០ និងបានអនុម័តឥណទានជាទឹកប្រាក់បានចំនួនជាង ៣លានដុល្លារអាមេរិក៕