ជាច្រើនខែមកនេះនៅពេលដែលច្រកសមុទ្រ ហ័រម៉ូស និង ប៉ាប អែល ម៉ាន់ដេប រងការរំខានយ៉ាងធ្ងន់ធ្ងរពីសំណាក់អ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធហ៊ូធី អារ៉ាប៊ីសាអ៊ូឌីតបានខិតខំបង្វែរទិសដៅ នៃការនាំចេញប្រេងរបស់ខ្លួនទៅកាន់ទិសខាងជើង ដោយពឹងផ្អែកយ៉ាងខ្លាំងលើផ្លូវទឹកសមុទ្រក្រហមឆ្ពោះទៅកាន់ព្រែកជីកស៊ុយអេ របស់អេហ្ស៊ីប។ ប៉ុន្តែការវាយប្រហារដោយដ្រូនគ្មានមនុស្សបើកនៅកំពង់ផែ ដាម៉េតតា នាពេលនេះបានបង្ហាញយ៉ាងច្បាស់ថា គ្មានផ្លូវទឹកណាមួយនៅតំបន់មជ្ឈិមបូព៌ាអាចគេចផុតពីកណ្តាប់ដៃ នៃសង្គ្រាមបានទៀតឡើយ។
ទិន្នន័យពីក្រុមហ៊ុនវិភាគ Kpler បានបង្ហាញថា ចរាចរណ៍នាវាពាណិជ្ជកម្មតាមច្រកសមុទ្រ Hormuz បានធ្លាក់ចុះដល់កម្រិតទាបបំផុត ខណៈនាវាជាច្រើនបានព្យាយាមតម្រង់ទិសមកកាន់ព្រែកជីកស៊ុយអេ។ ប៉ុន្តែនៅពេលដែលទាំងអ៊ីរ៉ង់ និងក្រុមហ៊ូធី ប្រកាសជាចំហថា តំបន់ព្រែកជីកស៊ុយអេ ស្ថិតនៅក្នុងគោលដៅនៃការវាយប្រហារដោយយន្តហោះដ្រូន និងគ្រាប់រ៉ុក្កែតរបស់ពួកគេ នោះហានិភ័យបានរុញច្រានសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចូលទៅក្នុងភាពមិនប្រាកដប្រជាកាន់តែខ្លាំង។
ការប្រកាសក្តែងៗរបស់អ៊ីរ៉ង់ក្នុងការបិទខ្ទប់មិនឱ្យមានប្រេងសូម្បីតែមួយតំណក់ហូរចេញពីតំបន់ បូករួមនឹងការឆ្លើយតបដោយការបិទខ្ទប់នាវាដឹកប្រេងពីសំណាក់សហរដ្ឋអាម៉េរិក កំពុងប្រែក្លាយច្រករបៀងថាមពលពិភពលោកឱ្យទៅជាសមរភូមិសង្គ្រាមចិត្តសាស្ត្រ និងយោធា។
វិបត្តិនៅព្រែកជីកស៊ុយអេមិនត្រឹមតែគំរាមកំហែងដល់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រេង និងបង្កើនថ្លៃដើមដឹកជញ្ជូនតាមសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើសេដ្ឋកិច្ចប្រទេសអេហ្ស៊ីប និងបណ្តាប្រទេសជុំវិញពិភពលោក ដែលកំពុងប្រយុទ្ធប្រឆាំងនឹងអតិផរណា។
ប្រសិនបើច្រកស៊ុយអេ ដែលជាសរសៃឈាមសេដ្ឋកិច្ចចុងក្រោយត្រូវបានស្ទះ ឬរំខានដោយសារការវាយប្រហារជាប្រព័ន្ធ ពិភពលោកអាចនឹងត្រូវប្រឈមមុខនឹងវិបត្តិថាមពលជាថ្មី ដែលពិបាកនឹងគ្រប់គ្រង។ នេះជាសញ្ញាព្រមានថា ដំណោះស្រាយសន្តិសុខនៅមជ្ឈិមបូព៌ាមិនអាចមើលរំលងសុវត្ថិភាព នៃច្រកផ្លូវទឹកពាណិជ្ជកម្មអន្តរជាតិបានឡើយ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស