សហភាពអឺរ៉ុប

សហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើបុគ្គល៧នាក់ និងអង្គភាពចំនួន៣ ក្នុងនោះក៏មានក្រុមហ៊ុននៅកម្ពុជាដែរ


សហភាពអឺរ៉ុបបានបង្កើនវិធានការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដោយសម្រេចដាក់ទណ្ឌកម្មលើបុគ្គលចំនួន៧នាក់ និងអង្គភាពចំនួន៣ ដែលជាប់ពាក់ព័ន្ធនឹងបណ្តាញមជ្ឈមណ្ឌលឆបោកនៅអាស៊ីអាគ្នេយ៍។ ក្នុងចំណោមអង្គភាព ដែលរងទណ្ឌកម្មមានក្រុមហ៊ុនធំៗចំនួន២ ដែលមានមូលដ្ឋាននៅកម្ពុជា។ សហភាពអឺរ៉ុបអះអាងថា បណ្តាញទាំងនេះជាប់ពាក់ព័ន្ធការជួញដូរមនុស្ស ការឃុំឃាំងខុសច្បាប់ ការធ្វើទារុណកម្ម និងការបង្ខំជនរងគ្រោះឱ្យប្រព្រឹត្តការឆបោក​ក្រោម​រូបភាពវិនិយោគតាមអ៊ីនធឺណិត និងរូបិយប័ណ្ណគ្រីបតូ ដែល​តម្រង់គោលដៅលើជនរងគ្រោះទូទាំងពិភពលោក។
សហភាពអឺរ៉ុប
ដោយ

យោងតាមក្រុមប្រឹក្សាសហភាពអឺរ៉ុប ទណ្ឌកម្មនេះបានកំណត់គោលដៅលើក្រុមហ៊ុនយក្ស Prince Holding Group និងប្រធានក្រុមហ៊ុននេះ គឺលោក ចេន ហ្ស៊ី ព្រមទាំងក្រុមហ៊ុន ជីន ប៉ី គ្រុប (Jin Bei Group) និងប្រធានក្រុមហ៊ុននេះឈ្មោះ ជូ ចុងប៉ាវ (Zhu Zhongbiao)។ សហភាពអឺរ៉ុបចោទប្រកាន់ថា ក្រុមហ៊ុនទាំង២នេះបានអភិវឌ្ឍទីតាំងអគារនៅកម្ពុជា និងមីយ៉ាន់ម៉ា ដែលត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត និងការបោកប្រាស់ក្រោមរូបភាពវិនិយោគលើរូបិយប័ណ្ណគ្រីបតូទ្រង់ទ្រាយធំ។
សហភាពអឺរ៉ុបបន្តអះអាងថា ជនរងគ្រោះជាច្រើនមកពីបណ្តាប្រទេសផ្សេងៗបានចាញ់ល្បួងដោយសារការសន្យាផ្តល់ការងារក្លែងក្លាយ ឬត្រូវបានជួញដូរចូលទៅក្នុងមជ្ឈមណ្ឌលឆបោកទាំងនេះ។ នៅទីនោះពួកគេត្រូវបានឃុំឃាំងដោយខុសច្បាប់ រងការធ្វើទារុណកម្ម ការចាប់ជំរិត និងការបង្ខំឱ្យធ្វើសកម្មភាពឆបោកតាមអ៊ីនធឺណិត ដែលមានជនរងគ្រោះនៅជុំវិញពិភពលោក។
ក្រៅពីនេះ ទណ្ឌកម្ម ក៏បានពង្រីកដល់កងទ័ពការ៉ែន DKBA នៅតាមព្រំដែនមីយ៉ាន់ម៉ា-ថៃផងដែរ។ សហភាពអឺរ៉ុបបានចោទប្រកាន់ថា ក្រុមប្រដាប់អាវុធនេះបានផ្តល់ការការពារដល់មជ្ឈមណ្ឌលឆបោក និងអនុញ្ញាតឱ្យបណ្តាញឧក្រិដ្ឋកម្មដំណើរការនៅក្នុងតំបន់ ដែលខ្លួនបានគ្រប់គ្រង។ ក្រោមវិធានការថ្មី បុគ្គល និងអង្គភាពដែលរងទណ្ឌកម្មនឹងត្រូវបានបង្កកទ្រព្យសម្បត្តិនៅទូទាំងសហភាពអឺរ៉ុប ហាមឃាត់ពលរដ្ឋ និងអាជីវកម្មអឺរ៉ុបមិនឱ្យផ្តល់ថវិកា ឬធនធានសេដ្ឋកិច្ចដល់ពួកគេ និងហាមឃាត់ការចូល ឬឆ្លងកាត់ទឹកដីសហភាពអឺរ៉ុប។
សហភាពអឺរ៉ុបសង្កត់ធ្ងន់ថា មជ្ឈមណ្ឌលឆបោកនៅអាស៊ីអាគ្នេយ៍ កំពុងក្លាយជាការគំរាមកំហែងសន្តិសុខកាន់តែធ្ងន់ធ្ងរ ដោយមជ្ឈមណ្ឌលឆបោកទាំងនោះភ្ជាប់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ការជួញដូរមនុស្ស ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ និងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។ ទីក្រុងព្រុចសែល បញ្ជាក់ថា ទណ្ឌកម្មថ្មីនេះមានគោលដៅបង្កើនការដាក់សម្ពាធលើជន ដែលត្រូវបានចោទប្រកាន់ថាទទួលបានផលចំណេញពីបណ្តាញទាំងនេះ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបោសសម្អាតបណ្តាញឧក្រិដ្ឋកម្មនៅពីក្រោយប្រតិបត្តិការខុសច្បាប់ទាំងនេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ការវាយប្រហារលើកំពង់ផែនៅអេហ្ស៊ីបជាលើកដំបូង ជាកណ្តឹងអាសន្នសម្រាប់សន្តិសុខប្រេងតាមព្រែកជីកស៊ុយអេ

ការវាយប្រហារដោយយន្តហោះដ្រូនលើនាវាដឹកប្រេងពីរគ្រឿងក្នុងដែនទឹកអេហ្ស៊ីបកាលពីថ្ងៃទី២៩ ខែកក្កដា មិនមែនត្រឹមតែជាឧប្បត្តិហេតុសន្តិសុខផ្លូវទឹកធម្មត…

តើអ្វីជាឬសគល់ធ្វើឱ្យរាំងស្ទះដល់ការទទួលបានកម្ចីរបស់សហគ្រាសធុនតូច និងមធ្យម?

ការទទួលបានប្រភពទុន ឬហិរញ្ញប្បទាន គឺជាសរសៃឈាមដ៏សំខាន់ក្នុងការចាប់ផ្ដើមអាជីវកម្ម រក្សានិរន្តរភាព និងពង្រីកវិសាលភាពប្រតិបត្តិការរបស់សហគ្រាស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ