វារីវប្បកម្ម

តើទីផ្សារត្រីនៅកម្ពុជា មានស្ថានភាពបែបណា ក្រោយអាជ្ញាធររឹតបន្តឹងការនាំចូលពីបរទេស?


មកទល់ពេលនេះតម្លៃត្រីចិញ្ចឹមនៅកម្ពុជា មានភាពល្អប្រសើរឡើងវិញបន្តិចហើយក្រោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រឹតបន្តឹងលើការនាំចូលត្រីពីក្រៅប្រទេស ដើម្បីការពារ និងលើកកម្ពស់វិស័យវារីវប្បកម្មនៅកម្ពុជា។ បើតាមការអះអាងរបស់ក្រុមវារីវប្បករ ឬអ្នកចិញ្ចឹមត្រី បច្ចុប្បន្នត្រីប្រាចាប់ដល់ស្រះអាចលក់បានចន្លោះពី៤,៥០០រៀលទៅ៤,៩០០រៀលក្នុង១គីឡូក្រាម ខណៈកាលពីដើមឆ្នាំអាចលក់បានចន្លោះពី៤,២០០រៀលទៅ៤,៤០០រៀលក្នុង១គីឡូក្រាមតែប៉ុណ្ណោះ។
វារីវប្បកម្ម
ដោយ

លោក ហួរ សាវី អ្នកចិញ្ចឹមត្រីប្រាម្នាក់នៅស្រុកសូត្រនិគម ខេត្តសៀមរាប បានឱ្យដឹងថា មកទល់ពេលនេះ ទីផ្សារត្រីប្រា ដែលឈ្មួញមកទិញដល់មាត់ស្រះមានតម្លៃចន្លោះពី៤,៨០០រៀលទៅ៤,៩០០រៀលក្នុង១គីឡូក្រាម។ ទោះបីតម្លៃនេះស្ថិតក្នុងកម្រិតទាប តែអ្នកចិញ្ចឹមត្រីរូបនេះអះអាងថា វាអាចផ្តល់ប្រាក់ចំណេញតិចតួចដល់រូបលោក។ យ៉ាងណាក៏ដោយ លោក ស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជួយរកទីផ្សារត្រីដល់រូបលោក និងកសិករឯទៀត ដោយសារដល់រដូវប្រមូលផលត្រី តែពុំសូវមានឈ្មួញចុះមកប្រមូលទិញ ស្របពេលរដូវទឹកឡើងកាន់តែខិតជិតចូលមកដល់។

​ដោយឡែក លោក វណ្ណ សាន អ្នកចិញ្ចឹមត្រីប្រាម្នាក់នៅស្រុកស្ទោង ខេត្តកំពង់ធំ បានអះអាងថា ចាប់តាំងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរឹតបន្តឹងលើការនាំចូលត្រីពីបរទេសរួចមក ទីផ្សារត្រីចិញ្ចឹមក្នុងស្រុកចាប់ផ្ដើមមានស្ថានភាពល្អប្រសើរជាងមុន។ ជាក់ស្ដែងត្រីប្រានៅក្នុងកសិដ្ឋានរបស់លោកអាចលក់បានចន្លោះពីតម្លៃ៤,៥០០រៀលទៅ៤,៨០០រៀលក្នុង១គីឡូក្រាម។ បើតាមការអះអាងរបស់អ្នកចិញ្ចឹមត្រីរូបនេះ ត្រីបច្ចុប្បន្នហាក់ងាយស្រួលលក់ជាងពេលមុន ហើយតម្លៃទៀតសោតក៏អាចផ្តល់ប្រាក់ចំណេញដល់រូបលោកផងដែរ។

​ពាក់ព័ន្ធបញ្ហានេះដែរ លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមវារីវប្បករនៅកម្ពុជា បានឱ្យដឹងថា បន្ទាប់ពីមានការកំណត់កូតាក្នុងការនាំចូលត្រីពីបរទេសរួចមក តម្លៃត្រីនៅតាមមាត់ស្រះមានការកើនឡើងជាងមុន ដោយសារឈ្មួញដើរប្រមូលទិញដល់ទីតាំងចិញ្ចឹមត្រី។ ការណ៍នេះ ត្រូវបានអ្នកជំនាញរូបនេះ អះអាងថា បានធ្វើឱ្យកសិករជាអ្នកចិញ្ចឹមត្រីទទួលបានប្រាក់ចំណេញខ្លះមកវិញ និងមិនមានការខាតបង់ដូចពេលកន្លងទៅនោះទេ។ បើតាមលោក ឡែមផូរ សុថាវរិទ្ធិ ក្រោយមានការរឹតបន្តឹងលើការនាំចូល វាបានជំរុញឱ្យតម្លៃត្រីប្រាឡើងដល់ប្រមាណ៤,៦០០រៀលក្នុង១គីឡូក្រាម ដែលធ្វើឱ្យកសិករមានលទ្ធភាពដើម្បីបន្តការចិញ្ចឹមត្រីបន្តទៀត។

​គួររំលឹកថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរឹតបន្តឹងការចូលត្រីពីក្រៅប្រទេស ដើម្បីការពារ និងលើកកម្ពស់វិស័យវារីវប្បកម្មនៅកម្ពុជា ក្នុងនោះក្រសួងបានកំណត់ថា ត្រីដែលត្រូវបានអនុញ្ញាតឱ្យនាំចូលមកកម្ពុជា ត្រូវតែជាប្រភេទត្រី ដែលមិនមានការចិញ្ចឹម ឬមិនអាចផលិតនៅក្នុងស្រុក ឬការផលិតនៅក្នុងស្រុកមិនអាចបំពេញតម្រូវការទីផ្សារជាក់ស្ដែងបាន រីឯអ្នកនាំចូលទៀតសោតត្រូវតែទិញត្រីផលិតក្នុងស្រុកឱ្យអស់ជាមុនសិន មុននឹងស្នើសុំការអនុញ្ញាតនាំចូលបន្ថែម ហើយការនាំចូល ក៏ត្រូវអនុលោមទៅតាមបរិមាណដែលក្រសួងអនុញ្ញាត៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញព្យាករថា តម្លៃមាសនឹងហក់ឡើងដល់ជាង៤,២០០ដុល្លារក្នុង១តម្លឹងជាប្រវត្តិសាស្ត្រជាថ្មីក្នុងរយៈពេលដ៏ខ្លីខាងមុខ

តម្លៃហាងឆេងមាសនៅកម្ពុជា ក៏ដូចជានៅលើទីផ្សារអន្តរជាតិមានការប្រែប្រួលឡើងចុះគួរឱ្យកត់សម្គាល់នៅរយៈពេលចុងក្រោយនេះ តួយ៉ាងនៅថ្ងៃទី២៣ ខែកក្កដា ឆ្…

ថៃ ដាក់ចេញគោលនយោបាយទិដ្ឋាការថ្មី ក្រោយពលករកម្ពុជាបន្តចាកចេញពីប្រទេស

ស្របពេលពលករកម្ពុជា បន្តធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេស បន្ទាប់ពីមានបញ្ហាតានតឹងនៅព្រំដែនជាបន្តបន្ទាប់ អាជ្ញាធរថៃ កំពុងដាក់ចេញគោលនយោប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ