ចិនជួបផលវិបាកការនាំចេញព្រោះសង្គ្រាមនៅអ៊ុយក្រែន

ក្រុមហ៊ុនផលិតរបស់ចិនកំពុងជួបផលវិបាកក្នុងការនាំចេញផលិតផល ដោយសារវិបត្តិសង្គ្រាមនៅអ៊ុយក្រែន


ក្រុមអ្នកផលិតនៅក្នុងប្រទេសចិនកំពុងចាប់ផ្តើមទទួលរងនូវសម្ពាធពីវិបត្តិសង្គ្រាមដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែនជាបណ្ដើរៗហើយ ខណៈទណ្ឌកម្មសេដ្ឋកិច្ច ដែលបានដាក់លើប្រទេសរុស្ស៊ីបានចាប់ផ្តើមជះឥទ្ធិពលដល់អាជីវកម្មដែលនាំចេញទំនិញ ឬលក់សេវាកម្មរបស់ចិនទៅកាន់អ្នកប្រើប្រាស់នៅទីផ្សារក្រៅប្រទេស។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន SCMP។
ចិនជួបផលវិបាកការនាំចេញព្រោះសង្គ្រាមនៅអ៊ុយក្រែន

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បាននិយាយថា ប្រទេសចិនកំពុងសង្ឃឹមថានឹង លើកកម្ពស់ពាណិជ្ជកម្មរបស់ខ្លួនជាមួយរុស្ស៊ី និងអ៊ុយក្រែនបន្ថែមទៀត ដោយទីក្រុងប៉េកាំងនៅតែព្យាយាមដើរលើខ្សែបន្ទាត់ការទូតរវាងទីក្រុងម៉ូស្គូ និងទីក្រុងកៀវ។

បើទោះបីជា ចិនហាក់បង្ហាញថា ខ្លួននឹងនៅតែបន្តរកស៊ីជាមួយរុស្ស៊ី និងអ៊ុយក្រែនក៏ពិតមែន តែក្រុមហ៊ុនផលិតធំៗក្នុងប្រទេសចិន បានឱ្យដឹងថា អាជីវកម្មរបស់ពួកគេជាមួយអ៊ុយក្រែន និងរុស្ស៊ីត្រូវបានប៉ះពាល់ដោយផ្ទាល់ ពោលគឺបាត់បង់ទំនាក់ទំនងជាមួយអតិថិជន ហើយអតិថិជនមិនចង់បង់ប្រាក់នោះទេ និងទាមទារក្រុមហ៊ុនទាំងនោះប្រគល់ទំនិញទាំងអស់ក្នុងពេលតែមួយ ព្រោះប្រាក់រូប្លរបស់រុស្ស៊ីត្រូវបានធ្លាក់ថ្លៃយ៉ាងកំហុកនៅក្រោយពេលផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ដោយសារតែរងសម្ពាធផ្នែកសេដ្ឋកិច្ចពីលោកខាងលិច។

យ៉ាងណាមិញ ទោះចង់ឬមិនចង់ វាប្រាកដណាស់ថា អ្នកប្រើប្រាស់នៅក្នុងប្រទេសរុស្ស៊ី និងនៅអ៊ុយក្រែននឹងបាត់បង់អំណាចទិញរបស់ពួកគេសម្រាប់រយៈពេលវែងឆ្ងាយ ដោយសារតែវិបត្តិដែលបង្កឡើងដោយសង្រ្គាមមួយនេះ។ 

ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ទាំងរុស្ស៊ី និងអ៊ុយក្រែន ហើយប្រទេសចិនក៏មានការវិនិយោគ និងផលប្រយោជន៍ពាណិជ្ជកម្មយ៉ាងទូលំទូលាយនៅក្នុងតំបន់នានានៃប្រទេសអ៊ុយក្រែន នោះរាប់បញ្ចូលទាំងការវិនិយោគធំៗដោយក្រុមហ៊ុនដឹកជញ្ជូន និងពាណិជ្ជកម្មរបស់រដ្ឋរបស់ចិននៅកំពង់ផែតាមតំបន់សមុទ្រខ្មៅ ដែលត្រូវបានរងផលប៉ះពាល់ដោយផ្ទាល់ដោយការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងទ័ពរុស្ស៊ី និងអ៊ុយក្រែន។

គួរឱ្យកត់សម្គាល់ថា ស្របពេលដែលរុស្ស៊ីរងទណ្ឌកម្មសេដ្ឋកិច្ច ហើយធ្វើឱ្យប្រាក់រូប្លរបស់រុស្ស៊ីធ្លាក់ចុះខ្លាំង គេមើលឃើញថា ប្រាក់យន់របស់ចិនឯណេះវិញ បានរក្សាភាពរឹងមាំនាពេលថ្មីៗនេះ និងឈរនៅកម្រិតសុវត្ថិភាពល្អប្រសើរ ទោះបីជាមានភាពចលាចលផ្នែកហិរញ្ញវត្ថុខ្លះៗក៏ដោយ។

ស្របពេលដែលមានការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសប្រឆាំងនឹងប្រទេសរុស្ស៊ី គេរំពឹងថា នឹងនាំឱ្យមានការកើនឡើងនៃបរិមាណប្រតិបត្តិការប្រាក់យន់ កាន់តែច្រើនឡើងថែមទៀត នៅក្នុងទាក់ទងនឹងពាណិជ្ជកម្មរវាងរុស្ស៊ី-ចិន។ ហើយកត្តានេះ គឺជាហេតុផលមួយនឹងបន្ដជួយឲ្យប្រាក់យន់នៅតែបន្ដភាពរឹងមាំ ប៉ុន្តែនៅពេលតម្លៃប្រាក់យន់មានខ្ពស់ វាក៏ជាដំណឹងអាក្រក់មួយ សម្រាប់វិស័យនាំចេញរបស់ប្រទេសចិនផងដែរ៕ 

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អឺរ៉ុបប្រឈមនឹងការខ្វះខាតឧស្ម័ន ៤០ លានតោនក្នុងមួយឆ្នាំ ក្រោយកាត់ផ្ដាច់ការនាំចូលពីរុស្ស៊ី

ព័ត៌មាន
ស្របពេលដែលអឺរ៉ុបដាក់ទណ្ឌកម្មទៅលើរុស្ស៊ី អឺរ៉ុបក៏កំពុងប្រឈមរងផលប៉ះពាល់ទៅលើតម្រូវការប្រើប្រាស់ឧស្ម័នរបស់ខ្លួនសម្រាប់ការផលិតជាថាមពលអគ្គិសនី…

តៃវ៉ាន់ នឹងបង្កើនសមត្ថភាពផលិតមីស៊ីលច្រើនជាងទ្វេដង ចំពេលភាពតានតឹងជាមួយចិនកើនឡើងកាន់តែខ្លាំង

ព័ត៌មាន
កោះតៃវ៉ាន់មានផែនការនឹងបង្កើនការផលិតមីស៊ីលប្រចាំឆ្នាំរបស់ខ្លួនឲ្យបានច្រើនជាងទ្វេដង ដើម្បីឲ្យបានដល់គោលដៅផលិត ៥០០គ្រាប់មីស៊ីលនៅក្នុងឆ្នាំនេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ