កម្ពុជា-វារីវប្បកម្ម

អ្នកចិញ្ចឹមត្រីកំពុងចាល់ត្រីនៅតាមអាងកាន់តែច្រើនឡើង នៅអំឡុងពេលបិទខ្ទប់


របាយការណ៍ពីសមាគមវារីវប្បករកម្ពុជាបានឲ្យដឹងថាគិតត្រឹមដំណាច់ខែមេសា ចំនួនត្រីល្មមចាប់ដែលសល់តាមអាងចិញ្ចឹមជាង៣០០កន្លែងនៅទូទាំងប្រទេស មានត្រីចំនួនជាង៥ពាន់៥រយតោន ហើយចំនួនត្រីល្មមចាប់នេះ នឹងមានជិត៥ពាន់តោនថែមទៀតក្នុងខែឧសភានេះ ដែលវាកំពុងចោទជាបញ្ហាប្រឈមទីផ្សារកាន់តែខ្លាំងសម្រាប់អ្នកចិញ្ចឹមត្រីនៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកំពុងអនុវត្តវិធានការបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។
រូបតំណាង៖ ការចិញ្ចឹមត្រីនៅកម្ពុជា

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សមាគម​វារីវប្បកម្ម​កម្ពុជា បាន​ស្នើ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ពិសេស​ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជួយ​ដោះស្រាយ​បញ្ហា​នេះ ជូន​អ្នក​ចិញ្ចឹម​ត្រី​ក្នុងស្រុក​ឲ្យ​បាន​ទាន់​ពេលវេលា​ផង ត្បិត​ត្រី​សល់​ចាល់​ក្នុង​អាង​ចិញ្ចឹម​ដល់​ទៅ​ជាង​១​ម៉ឺន​តោន ឯណោះ​។ ជា​ពិសេស ស្នើ​ឲ្យ​ជួយ​រឹត​បន្តឹង​ការ​គ្រប់គ្រង​ការ​នាំ​ចូល​ត្រី​ពី​ក្រៅប្រទេស​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ដាក់​ចេញ​វិធានការ​ជាក់លាក់​ណាមួយ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ទីផ្សារ​ត្រី​នៅ​កម្ពុជា​។

ជុំវិញ​នឹង​បញ្ហា​នេះ ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​គូសបញ្ជាក់​ប្រាប់ ខេ​ម​បូ​ណូ​មី​ស ថា វិធានការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្តកណ្តាល បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ការ​បែងចែក​ផល​នេសាទ ដ្បិត​ផ្សារ​ធំ​ៗ និង​កន្លែង​បែងចែក​ផល​នេសាទ​មួយ​ចំនួន ត្រូវ​បាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​។

ទោះ​យ៉ាងណា ឯកឧត្តម វេ​ង សា​ខុន ក៏​ស្នើ​ឲ្យ​វា​រី​វប្បករ​មាន​អត់ធ្មត់ និង​យោគយល់​ចំពោះ​កាលៈទេសៈ​ដ៏​លំបាក​មួយ​នេះ ហើយ​ឯកឧត្តម រំពឹង​ថា ស្ថានការណ៍​នេះ នឹង​វិល​មក​រក​ស្ថានភាព​ដូច​ដើម​វិញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

យោង​តាម​របាយការណ៍ ពី​សមាគម​វា​រី​វប្បករ​កម្ពុជា ទិន្នផល​ត្រី​ល្មម​ចាប់​ដែល​នៅ​សល់​គិត​ត្រឹម​ថ្ងៃ​ទី ៣០​ខែមេសា និង​ចំនួន​ត្រី​ល្មម​ចាប់​ដែល​នឹង​កើនឡើង​នៅ​ក្នុង​ខែឧសភា​នេះ សរុប​ដល់​ទៅ​ជាង​១​ម៉ឺន​តោន ក្នុង​នោះ​ត្រី​ប្រា​មាន​ចំនួន​ជាង ៧​ពាន់​តោន​, ត្រី​ឆ្តោ​ជាង​១​ពាន់​៨​រយ​តោន​, ត្រី​ពោ​ជិត​៩​រយ​តោន​, ត្រី​អណ្តែង​ជាង​១​រយ​តោន និង​ត្រី​ផ្សេង​ទៀត​មាន​ចំនួន​ជិត​២​រយ​តោន​។

សមាមគ​ម​វារីវប្បកម្ម​កម្ពុជា​បញ្ជាក់​ទៀត​ថា នៅ​ខែមេសា​កន្លង​ទៅ​កសិករ​ចិញ្ចឹម​ត្រី​មួយ​ចំនួន​បាន​បង្ខំចិត្ត​លក់​ត្រី​ក្នុង​តម្លៃ​ក្រោម​ថ្លៃដើម​ផលិត បន្ទាប់​ពី​មិនសូវ​មាន​ឈ្មួញ​ចុះ​ទៅ​ទិញ​ត្រី​របស់​ពួក​គេ​។ កត្តា​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ចិញ្ចឹម​ត្រី​រារែក​ចិត្ត​ក្នុង​ការ​ដាក់​កូន​ត្រី​ចិញ្ចឹម​បន្ត​ទៀត​។

មួយវិញទៀត ភាព​មិន​ច្បាស់លាស់​នៃ​អនាគត​ទីផ្សារ​ត្រី​នៅ​កម្ពុជា ក៏​ជា​កត្តា​រួមចំណែក​ធ្វើ​ឲ្យ​កសិករ​ហាក់​មានចិត្ត​អល់អែក​ក្នុង​បន្ត​អាជីព​មួយ​នេះ​ផង​ដែរ​៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីសនិងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវាសនាអនាគតវិស័យប្រេងដ៏ក្មេងខ្ចីរបស់កម្ពុជានឹងក្លាយជាយ៉ាងណា?

ព័ត៌មាន
តើវាសនាអនាគតវិស័យប្រេងដ៏ក្មេងខ្ចីនៅកម្ពុជានឹងក្លាយទៅជាយ៉ាងណា? ជាការពិតណាស់រហូតមកទល់ពេលនេះ គេមិនទាន់ប្រាកដច្បាស់នៅឡើយទេថា អនាគតវិស័យ…

ខេត្តគោលដៅទេសចរណ៍ធំៗ បើករមណីយដ្ឋានទេសចរណ៍វិញហើយ តែខ្សត់ភ្ញៀវ

ព័ត៌មាន
បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសឡើងវិញនោះ លើកលែងតែតំបន់មានការបិទខ្ទប់ គេសង្កេតឃើញថាចលនាអ្នកទេសច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ