វៀតណាមរំពឹងចំណូល ៩ពាន់លានដុល្លារ

វៀតណាមរំពឹងចំណូល ៩ពាន់លានដុល្លារនៅឆ្នាំ២០២១ ពីការនាំចេញផលិតផលវារីវប្បកម្ម


ការនាំចេញផលិតផលវារីប្បកម្មរបស់វៀតណាមត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ដោយសារការងើបឡើងវិញនៃតម្រូវការទីផ្សារសំខាន់ៗដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងទីផ្សារសក្តានុពលផ្សេងទៀត។ ខណៈក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះការនាំចេញផលិតផលវារីវប្បកម្មវៀតណាមសម្រេចបានជាង ៤ ពាន់លានដុល្លារអាមេរិកកើនឡើង ២០ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់ សារព័ត៌មាន VN Express។
រោងចក្រកែច្នៃ និងវេចខ្ចប់ផលិតផលជលផលវៀតណាម រូបភាព៖ Xinhua

ការនាំចេញផលិតផលវារីវប្បកម្មរបស់វៀតណាម នៅឆមាសទី២ ឆ្នាំ២០២១នេះ ត្រូវបានរំពឹងថានឹងបន្ដកើនឡើងទៀត ដែលនឹងជំរុញឲ្យការនាំចេញពេញមួយឆ្នាំអាចនឹងហក់ឡើងដល់ ៩ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ត្រីប្រាគឺជាផលិតផលរួមចំណែកធំបំផុតក្នុងកំណើននៃការនាំចេញផលិតផលវារីវប្បកម្មរបស់វៀតណាម។

នៅទីផ្សារអាមេរិក ក្រុមហ៊ុនកែច្នៃត្រីប្រារបស់វៀតណាមចំនួន២ ត្រូវបានផ្តល់ពន្ធប្រឆាំងនឹងការលក់បង្ខូចតម្លៃសូន្យភាគរយ ដែលវាជួយសម្រួលដល់ការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារអាមេរិក ខណៈពេលដែលការនាំចេញត្រីប្រាវៀតណាមទៅកាន់ទីផ្សារជាច្រើនរួមមាន ម៉ិកស៊ិក ប្រេស៊ីល អង់គ្លេស ថៃ ហូឡង់ កូឡុំប៊ី និងរុស្ស៊ីបានបង្ហាញពីការកើនឡើងក្នុងអត្រាកំណើន ៣ ខ្ទង់ដែរ ដែលវាជាការប៉ះប៉ូវដល់ការធ្លាក់ចុះនៃទីផ្សារចិន។ ប៉ុន្ដែ ចិននៅតែជាប្រទេសនាំចូលត្រីប្រាធំជាងគេពីប្រទេសវៀតណាម ដែលមានចំណែកប្រមាណ ២៦ ភាគរយនៃការនាំចេញសរុប។

សមាគមអ្នកនាំចេញផលិតផលគ្រឿងសមុទ្រវៀតណាម (VASEP) បានរាយការណ៍ថា នៅ៦ខែដំបូងឆ្នាំ ២០២១ ការនាំចេញត្រីធូណាទទួលបានចំណូល ៣៦៤ លានដុល្លារកើនឡើង ២៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះការនាំចេញមឹកទទួលបានចំណូលសរុប ២៧៧ លានដុល្លារអាមេរិកពោលគឺកើនឡើង ១៥ ភាគរយ។ ក្នុងនេះសហរដ្ឋអាមេរិកនាំចូលត្រីធូណារបស់វៀតណាមចំនួន ៤៣ភាគរយ ស្របពេលការនាំចេញមឹករបស់ប្រទេសវៀតណាមទៅកាន់ប្រទេសអ៊ីតាលី កាណាដា និងអ៊ីស្រាអែលក៏បានកើនខ្ពស់ដែរ។ ប៉ុន្ដែ ប្រទេសដែលនាំចូលមឹកពីវៀតណាមច្រើនជាគេ គឺប្រទេសកូរ៉េខាងត្បូងដែលមានចំណែកដល់ទៅជាង៤០%៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


២០២០ ចិននាំចេញផលិតផលវេជ្ជសាស្ត្រប្រឆាំងកូវីដ-១៩ កើនជិត៣ដង

ព័ត៌មាន
ចិនជាប្រទេសដែលបាននាំចេញផលិតផលវេជ្ជសាស្ត្រសំខាន់ៗសម្រាប់ប្រឆាំងនឹងកូវីដ-១៩ច្រើនជាងគេបំផុត កាលពីឆ្នាំ២០២០ ពោលគឺកើនឡើងជិត៣ដង បើធៀបនឹងរយ…

ថៃគ្រោងបើកកោះសាមុយ និងកោះផ្សេងៗទៀត បន្ទាប់កោះភូកេត

ព័ត៌មាន
ក្រោយពីបានបើកដំណើរការកោះភូកេតបាន១សប្ដាហ៍យ៉ាងរលូន ឥឡូវនេះ ប្រទេសថៃ កំពុងរៀបចំ កោះសាមុយមួយបន្ថែមទៀត ដើម្បីបើកទទួលភ្ញៀវទេសចរអន្តរជាតិ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ