ភាពងាយស្រួលក្នុងការចាប់ផ្ដើមនេះហើយ ទើបធ្វើឲ្យអាជីវកម្មខ្នាតតូចភាគច្រើន ដែលបើកមកហើយ រមែងព្រួយបារម្ភពីការចម្លងគ្នា ឬបើកតាមគ្នាជាដើម។ ខេមបូណូមីស សូមលើកយកមុខរបរ៥ប្រភេទ ដែលធ្លាប់តែរីកខ្លាំងលើទីផ្សារ តែបច្ចុប្បន្នបាននិងកំពុងរុះរោយទៅវិញជាបណ្ដើរៗ។ អាជីវកម្មទាំងនោះ រួមមាន៖
១, ហាង២៥០០រៀល
ការដាក់លក់ទំនិញគ្រប់មុខដោយប្រើតម្លៃរួមត្រឹមតែ ២៥០០រៀល ជាស្លាកសញ្ញាទាក់ទាញអតិថិជន បានធ្វើឲ្យហាងលក់ទំនិញខ្នាតតូចប្រភេទនេះ បានរីកសាយភាយយ៉ាងខ្លាំង ពិសេសនៅភ្នំពេញតែម្ដង កាលពីប្រមាណ៤ ឬ៥ឆ្នាំមុន។
ដំបូងឡើយ អាជីវកម្មនេះ មានតិចតួចប៉ុណ្ណោះ ប៉ុន្ដែក្រោយមកបន្តិច បានរីកសាយស្ទើរគ្រប់ទីកន្លែងនៅតាមទីប្រជុំជន។ ទំនិញភាគច្រើនដាក់លក់ត្រឹមតែតម្លៃ២៥០០រៀលប៉ុណ្ណោះ ដូចជា គ្រឿងសម្អាង សម្ភារៈប្រើប្រាស់ សម្លៀកបំពាក់កូនក្មេង និងចំណីអាហារជាដើម។ យ៉ាងណាក៏ដោយ គិតមកទល់ពេលនេះ ហាងលក់រាយដែលធ្លាប់ពេញនិយមខ្លាំងមួយនេះ បានសាបរលាបទៅវិញស្ទើរគ្មានសល់ឡើយ ពោលគឺនៅមានតែបន្តិចបន្ដួចប៉ុណ្ណោះ។
២, ហាងតែ ឬតែគុជ
អាជីវកម្មហាងតែគុជត្រូវបានគេមើលឃើញថា ប្រៀបបាននឹងអាជីវកម្មបែបភ្លើងចម្បើង ដែលឆេះឆួលមួយឆាវៗ។ ជាក់ស្ដែង ហាងតែគុជបានអង្រួនចិត្តយុវវ័យយ៉ាងខ្លាំង នាអំឡុងកាលពី៣ទៅ៤ឆ្នាំមុន ខណៈដែលហាងតែគុជជាច្រើនទាំងម៉ាក Franchise ពីបរទេស និងយីហោក្នុងស្រុកបានសម្រុកពង្រីកខ្លួនរីកដូចផ្សិត។ ក្នុងនោះ មានហាងតែគុជយីហោ Franchise ភាគច្រើនមកពីតៃវ៉ាន់ ហើយក៏ធ្លាប់មានហាងតែគុជ Franchise មួយ បានពង្រីកខ្លួនជិត ៣០សាខានៅកម្ពុជា តែក៏ត្រូវបានបិទអស់ទៅវិញជាងពាក់កណ្ដាល គិតមកទល់ពេលនេះ។
ទោះយ៉ាងណា ដ្បិតថា ហាងតែគុជជាច្រើនត្រូវបានរោយរាយទៅវិញក៏ដោយ គេសង្កេតឃើញថា ក៏មានហាងតែ ក៏ដូចជាតែគុជខ្លះក៏អាចនៅឈរជើងបានរឹងមាំដែរ តួយ៉ាង ហាងកាហ្វេនិងតែ KOI ដែលជាម៉ាក Franchise ពីតៃវ៉ាន់ ជាដើម។
៣, ហាងគុយទាវទូក
អ្នកប្រហែលជាមិនទាន់ភ្លេចនោះទេ អំពីវត្តមានហាងគុយទាវញ៉ាំគរចាន ដែលបានពុះកញ្ជ្រោលខ្លាំងក្នុងទីផ្សារ និងមានអ្នកតម្រង់ជួរចាំចូលទទួលទានបន្តកន្ទុយគ្នា។ មួយចានតម្លៃត្រឹមតែ ២៥០០រៀល ប៉ុន្ដែ បើចង់យកឆ្អែត អ្នកត្រូវទទួលទានមិនក្រោម៥ចានទេ។ គំរូអាជីវកម្មគុយទាវទូកមួយនេះ ក៏បានធ្វើឲ្យម្ចាស់ដើមអាជីវកម្មកើបលុយពីការលក់ Franchise បន្ត មិនតិចនោះដែរ ខណៈដែលក្រោយពីការបើកទើបតែប៉ុន្មានខែសោះ ហាងគុយទាវទូកខ្លះក៏បានដាក់លក់សិទ្ធិបន្តជាច្រើនសាខា និងមានអ្នកខ្លះទៀតទិញទៅបើកបន្តនៅបណ្ដាខេត្តនានាផងដែរ។
ប៉ុន្ដែ អ្វីដែលគួរឲ្យសោកស្ដាយនោះ អ្នកដែលទិញ Franchise បន្តនោះ ក៏មានអ្នកទឹកភ្នែកមិនតិចនោះដែរ ព្រោះ ហាងបើកមិនទាន់រកដើមបានមកវិញស្រួលបួលផង ក៏ត្រូវអស់ភ្ញៀវទៅវិញ ដោយសារតែគំរូអាជីវកម្មនេះ ត្រូវបានចម្លងធ្វើតគ្នា ខណៈដែលអតិថិជនភាគច្រើនគ្រាន់តែជាអ្នកចង់សាក គ្រាន់តែចូលញ៉ាំហើយ និងថតរូបតែប៉ុណ្ណោះ។ នាអំឡុងពេលនោះដែរ គំរូអាជីវកម្មគុយទាវទូកនេះ ក៏ត្រូវបានយកទៅប្រើលើហាងលក់បបរមាន់មួយចំនួនផងដែរ។ ប៉ុន្ដែ នៅទីបំផុត គំរូអាជីវកម្មហាងគុយទាវទូកដែលធ្លាប់ល្បីខ្ទរខ្ទានោះ រួមទាំងហាងបបរមាន់ទាំងនោះ ក៏ត្រូវបានលិចកប់ទៅបាត់ងើបមុខលែងរួច។
៤, កាហ្វេដូងខ្ចីថង់ក្រដាស
វាជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍ដែរ កាលពី២ ទៅ ៣ឆ្នាំមុននេះ ដែលការលក់កាហ្វេយកក្រដាសមកខ្ចប់ពីខាងក្រៅ តែមានការលក់ដាច់ភ្លូកទឹកភ្លូកដី។ កាហ្វេដូងខ្ចី ខ្ចប់ថង់ក្រដាសនេះ គឺជាប្រភេទអាជីវកម្មតាមផ្លូវមួយ ដែលភាគច្រើនមានលក់នៅតាមតូបមុខផ្ទះ និងតាមរទេះប៉ុណ្ណោះ ប៉ុន្ដែ បានបន្តរីកសាយភាយយ៉ាងខ្លាំង ដោយគំរូអាជីវកម្មនេះ ត្រូវបានដឹងថា មានការចម្លងមកពីប្រទេសថៃ។
ទោះយ៉ាងណា មកទល់ពេលនេះ អាជីវកម្មនេះ ត្រូវបានបាត់មុខពីទីផ្សារទាំងស្រុង ខណៈដែលបច្ចុប្បន្ន ការលក់អាជីវកម្មកាហ្វេចល័ត ឬកាហ្វេតាមរទេះ លក់តាមដងផ្លូវកំពុងកញ្ជ្រោលខ្លាំងលើទីផ្សារ។
៥, ភីហ្សាលក់តាមផ្លូវ
ភីហ្សា ត្រូវបានលក់នៅក្នុងទីផ្សារកម្ពុជាតាំងពីជាង១០ឆ្នាំមុនម្លេះ តួយ៉ាង ហាង The Pizza Company របស់ថៃ បានចូលមកទីផ្សារកម្ពុជាតាំងពីឆ្នាំ២០០៥ ហើយបច្ចុប្បន្ន ក៏មានហាងភីហ្សាដែលមានយីហោល្បីៗទាំងក្នុងស្រុក និងក្រៅស្រុកបន្តពង្រីកខ្លួនកាន់តែច្រើនឡើងផងដែរ។
ប៉ុន្ដែ នៅប្រមាណ១ឆ្នាំ ទៅ២ឆ្នាំចុងក្រោយនេះ ការបង្កើតអាជីវកម្មដុតនំភីហ្សាលក់តាមផ្លូវជាមួយនឹងរទេះ ឬតូបតូចៗនៅមុខផ្ទះ ហាក់មានចំនួនកើនច្រើនគួរឲ្យកត់សម្គាល់ និងមានម្ចាស់អាជីវកម្មខ្លះ ឈានដល់ការបង្កើតជាការលក់ Franchise ផងដែរ។
គំរូអាជីវកម្មខ្នាតតូចនេះ បើតាមដឹង គឺមានប្រភពដើមមកពីប្រទេសថៃ ពិសេស វត្ថុធាតុដើមនានាភាគច្រើនត្រូវបានយកមកពីប្រទេសថៃដូចគ្នាដែរ។ ទោះយ៉ាងណា តាមការសង្កេតមើលជាក់ស្ដែង ចំនួនអាជីវកម្មនេះនិងភាពពេញនិយម នាពេលបច្ចុប្បន្ន ហាក់មានភាពស្រកចុះគួរឲ្យកត់សម្គាល់។
ជារួម កត្តាដែលធ្វើឲ្យអាជីវកម្មទាំងនេះ រុះរោយទៅវិញលឿនយ៉ាងដូច្នេះ គឺដោយសារតែការនិយមធ្វើអាជីវកម្មតាមគ្នា ឬធ្វើតគ្នា ខណៈដែលគំរូអាជីវកម្មទាំងនេះមានភាពងាយស្រួលក្នុងការចម្លង និងមិនមានអ្វីជាចំណុចពិសេស (Unique Selling Proposition) ដែលជាអត្តសញ្ញាណរបស់ខ្លួន។
ទោះយ៉ាងណាក៏ដោយ ខេមបូណូមីស សង្កេតឃើញថា បច្ចុប្បន្ន ការនិយមធ្វើអាជីវកម្មតាមគ្នានេះ នៅតែបន្ដមានដដែល តួយ៉ាង ការបើកហាងកាហ្វេ និងកាហ្វេចល័តតាមរទេះ ឬតូបនៅតាមផ្លូវ និងហាងលក់មីហឹរ បាននិងកំពុងពុះកញ្ជ្រោលខ្លាំងគួរឲ្យកត់សម្គាល់ ខណៈដែលប្រជាជនជាយុវវ័យក៏កំពុងនិយមភាពស៊ីវិល័យខ្លាំងដែរ។
យ៉ាងណាក៏ដោយចុះ ជាសហគ្រិន អ្នកគួរតែស្វែងរកនូវអ្វីដែលជាចំណុចពិសេសផ្ទាល់ខ្លួនសម្រាប់អាជីវកម្មអ្នក ទោះបីវាជាគំរូអាជីវកម្មមួយដូចគេ ឬស្រដៀងគេក៏ដោយ។ ចំណុចពិសេសនេះ គឺសំដៅលើយុទ្ធសាស្ត្រក្នុងការកសាងម៉ាកយីហោ ដោយធ្វើយ៉ាងណាឲ្យអតិថិជនមកទិញផលិតផលអ្នក មិនស្ដាយលុយ ពោលគឺឲ្យពួកគេយល់ថា ការទិញរបស់ពួកគេ គឺទទួលបានអ្វីមួយលើសពីផលិតផល៕