លោក កែវ វី បញ្ជាក់យ៉ាងដូច្នេះថា៖ «តាមគម្រោង អាជ្ញាធរគ្រោងជម្លៀសពលរដ្ឋនៅស្រុកសៀមប៉ាងជាង ៥ពាន់គ្រួសារ តែបច្ចុប្បន្នបានជម្លៀសបានជាង ២ពាន់២រយគ្រួសារ ដោយរួមទាំងគោក្របី និងសត្វចិញ្ចឹមរបស់ពួកគាត់។ ការជម្លៀសគឺសម្រាប់ពលរដ្ឋរស់នៅផ្ទះទាបៗដែលទឹកលិចច្រើន តែសម្រាប់ពលរដ្ឋរស់នៅផ្ទះខ្ពស់ៗ គឺមិនទាន់ជម្លៀសនោះទេ ព្រោះពលរដ្ឋអត់ទាន់ឲ្យជម្លៀសនោះទេ ដោយគាត់រង់ចាំមើលកម្ពស់ទឹកសិន»។
បើតាមលោក កែវ វី ទឹកទន្លេមេគង្គនៅមានកម្ពស់ទាបនៅឡើយ (៩,៨២ម៉ែត្រ) ទាល់តែដល់ ១០,៧០ ម៉ែត្រ ទើបជាកម្រិតប្រុងប្រយ័ត្ន។ ដូច្នេះ ទឹកទន្លេសេកុង ដែលហូរចូលទន្លេមេគង្គ អាចទទួលបានទឹកច្រើនណាស់។ ដ្បិតទឹកតែហូរមកដល់ខេត្តស្ទឹងត្រែងមានចំនួនច្រើន តែទឹកឡើងសន្សឹមៗ មិនឡើងលឿននោះទេ។ លើសពីនេះ ការប៉ះពាល់អាចរយៈពេលមួយសប្តាហ៍ ទឹកនឹងហូរចូលទន្លេមេគង្គអស់ហើយ ហើយពលរដ្ឋអាចត្រឡប់មកលំនៅដ្ឋានវិញនៅពេលទឹកស្រក។
តាមពិតទៅ ការហក់ឡើងយ៉ាងគំហុករបស់ទឹកទន្លេសេកុងនៅពេលនេះ គឺដោយសារការហូរចូលទឹកជំនន់ពីការបាក់ទំនប់វារីអគ្គសនី សេពានសេណាមណយ ស្ថិតនៅខេត្តអត្តពី ប្រទេសឡាវ ដែលមានចម្ងាយប្រហែល៧០គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ឡាវ។
ព្រឹត្តិការណ៍បាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ បានកើតឡើងកាលពីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ដែលបានធ្វើពលរដ្ឋឡាវរាប់សិបនាក់ស្លាប់ និងជាច្រើននាក់បាត់ខ្លួន ខណៈផ្ទះ និងភូមិឋានជាច្រើនត្រូវបានលិចលង់ និងខូចខាតយ៉ាងខ្លាំង។
បន្ទាប់ពីគ្រោះមហន្តរាយនេះ សាលាខេត្តអត្តពីប្រទេសឡាវ បានសរសេរលិខិតមួយមកសាលាខេត្តស្ទឹងត្រែងរបស់កម្ពុជាកាលពីថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៨ ដើម្បីត្រៀមខ្លួនជម្លៀសពលរដ្ឋដែលរស់នៅតាមដងទន្លេសេសាន និងទន្លេផ្សេងទៀតរបស់កម្ពុជាទៅកាន់ទីទួលសុវត្ថិភាព។
សូមបញ្ជាក់ថា គម្រោងទំនប់វារីអគ្គិសនី Xe Pian Xe Namnoy ដែលមានផលិតថាមពលអគ្គិសនីបាន ៤១០មេហ្គាវ៉ាត់ និងវិនិយោគក្នុងទឹកប្រាក់ជាងមួយពាន់លានដុល្លារអាមេរិក គឺជាការវិនិយោគដោយក្រុមហ៊ុនថៃ កូរ៉េខាងត្បូង និងឡាវ ហើយគ្រោងនឹងចាប់ផ្ដើមដំណើរការនៅឆ្នាំ២០១៩ តែជាអកុសលទំនប់មិនទាន់ប្រើប្រាស់ផង ស្រាប់តែនៅយប់ថ្ងៃទី២៣ ខែកក្កដា បានបាក់បណ្តាលឲ្យទឹកក្នុងអាងស្តុក បានហូរយ៉ាងគំហុកបណ្តាលឲ្យផ្ទះលិច និងអណ្តែត និងបានលិចភូមិឋាននៅផ្នែកខាងក្រោម ព្រមទាំងបានធ្វើមនុស្សរាប់សិបនាក់ស្លាប់ និងជាច្រើននាក់បាត់ខ្លួន៕