ទោះជាយ៉ាងណានៅលើទីផ្សារជាក់ស្តែង វត្តមានទំនិញលួចលាក់ទាំងនោះនៅតែបន្តបន្លំឈរជើងដដែល។ តើការព្រមានធ្ងន់ៗនេះមានទម្ងន់គ្រប់គ្រាន់ក្នុងការទប់ស្កាត់លំហូរទំនិញខុសច្បាប់បានកម្រិតណាទៅថ្ងៃមុខ? ហើយតើកម្ពុជា គួរមានវិធានការក្តៅបែបណាខ្លះ ដើម្បីលុបបំបាត់បញ្ហានេះបានជាស្ថាពរ?
លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលថ្នាក់ដឹកនាំកំពូលបានចេញមុខព្រមាន ប៉ុន្តែសារព្រមានផ្ទួនៗនាពេលថ្មីៗនេះរបស់សម្ដេចតេជោ ហ៊ុន សែន គឺជារលកសញ្ញាណច្បាស់ៗ និងម៉ឺងម៉ាត់បំផុតផ្ញើជូនមន្ត្រីគយជួរមុខ និងឈ្មួញខិលខូចកុំឱ្យលេងសើចនឹងច្បាប់។
អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា សារព្រមានអាចមានប្រសិទ្ធភាពយូរអង្វែងបាន លុះត្រាតែមានការអនុវត្តច្បាប់ជាក់ស្ដែងភ្លាមៗលើអ្នកប្រព្រឹត្តកំហុសធ្ងន់ធ្ងរ ដូចជាការវាយខ្នោះ កសាងសំណុំរឿងបញ្ជូនទៅតុលាការកាត់ទោស ដើម្បីធ្វើជាគំរូ។ ទន្ទឹមនឹងនេះ កម្ពុជា ត្រូវពង្រឹងខ្សែច្រវាក់ផលិតកម្មក្នុងស្រុកឱ្យមានគុណភាព អនាម័យ និងតម្លៃសមរម្យទើបអាចវាយបំបែកទម្លាប់របស់ពលរដ្ឋ ដែលធ្លាប់តែនិយមប្រើប្រាស់ទំនិញថៃ តជំនាន់មកបាន។
ជាមួយគ្នានេះ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ យល់ឃើញថា តាមរយៈការព្រមានរបស់សម្ដេចតេជោ ហ៊ុន សែន អាចនឹងមានប្រសិទ្ធិភាពក្នុងរយៈពេលខ្លី ព្រោះក្រុមទុច្ចរិតនឹងផ្អាកសកម្មភាពដើម្បីអ៊ុតមើលស្ថានការណ៍មួយរយៈពេលសិន។
សម្រាប់អ្នកជំនាញរូបនេះ ដើម្បីឱ្យការព្រមាននេះមានឥទ្ធិពលយូរអង្វែង ត្រូវទាមទារឱ្យរដ្ឋាភិបាលដាក់ចេញវិធានការម៉ត់ចត់ជាក់ស្ដែងដូចជាការឆ្លាស់វេនទទួលបន្ទុករបស់មន្រ្តីនៅតាមច្រកព្រំដែនរៀងរាល់៦ខែម្តងកុំឱ្យកើតមានខ្សែបណ្តាញដុះស្លែ បង្កើតក្រុមអធិការកិច្ចសម្ងាត់ដើម្បីត្រួតពិនិត្យតាមដាន ចុះត្រួតពិនិត្យដើម្បីស្វែងរកទំនិញថៃ ខុសច្បាប់ទូទាំងប្រទេស ជាពិសេសបង្កើតយុទ្ធនាការប្រើប្រាស់ផលិតផលជាតិ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ដោយសារថ្លៃដើមផលិតក្នុងស្រុកខ្ពស់ ការផ្គត់ផ្គង់មិនទៀងទាត់ ជាហេតុធ្វើឱ្យទំនិញថៃបន្តហូរ ដើម្បីបំពេញចន្លោះប្រហោងនៃតម្រូវការ។
ដោយឡែក លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវជឿជាក់ថា ប្រសិនបើមិនមានមន្រ្តីខិលខូចនៅច្រកព្រំដែនចាំបើកទ្វាឱ្យឈ្មួញខិលខូចទាំងនោះនាំចូលមកទេ ក៏មិនមានទំនិញថៃ ចូលមកក្នុងប្រទេសនោះដែរ។ សម្រាប់អ្នកជំនាញរូបនេះ ពេលនេះវាជាពេលវេលាសមស្របដែលត្រូវវះកាត់មន្រ្តីពុករលួយនៅតាមព្រំដែន ខណៈដែលប្រទេសកំពុងរងការឈ្លានពានពីប្រទេសថៃ។ លោកបានសង្កត់ធ្ងន់ថា កម្ពុជា មិនគួរនៅប្រើប្រាស់ទំនិញរបស់ប្រទេសឈ្លានពានកម្ពុជា នោះទេ ហើយពលរដ្ឋគួរតែនាំគ្នាធ្វើពហិការទំនិញថៃ ឱ្យបានទាំងអស់គ្នាឲ្យខ្ជាប់ខ្ជូន តែយ៉ាងណាក៏ត្រូវការការទប់ស្កាត់តាមច្រកព្រំដែនផងដែរ។
បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅរយៈពេល៥ខែក្នុងឆ្នាំ២០២៦នេះ ទំហំនៃការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ១,១ ពាន់លានដុល្លារ ធ្លាក់ចុះជាង៣៨% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះកម្ពុជា នាំចេញទៅថៃ មានចំនួន២៩៦លានដុល្លារ ធ្លាក់ចុះ២៥% ខណៈកម្ពុជា នាចូលទំនិញពីថៃវិញមានមានទំហំជាង៨៥៤លានដុល្លារធ្លាក់ចុះជាង៤២%៕
អត្ថបទ៖ ជា ម៉ារ៉ា